Loading...

ថ្មីៗនេះមានដំណឹងមួយបានកក្រើកបណ្ដាញ Facebook នៅកម្ពុជាដោយលើកឡើងពីការបញ្ជាក់ថាគណនី Facebook មួយត្រូវគេ Hack ឬអត់ តាមរយៈការ Comment ថា “@[4:0]”។ ប្រសិនបើ Comment ហើយបង្ហាញឈ្មោះ Mark Zuckerberg នោះគណនីមិនមានរងការ Hack ប៉ុន្តែបើមិនបង្ហាញឈ្មោះទេមានន័យថាគណនីត្រូវបាន Hack។ មានអ្នកប្រើប្រាស់មួយចំនួនក៏ជឿនិងធ្វើតាម ឯមួយចំនួនទៀតហាក់មិនអើពើនឹងរឿងនេះឡើយ។ តើការលើកឡើងខាងលើជាការពិតឬយ៉ាងណា?

តាមពិតទៅ @[4:0] ជាកូដខ្លីមួយដែលបញ្ជាឲ្យ Facebook បង្ហាញឈ្មោះនៃគណនីដែលមានលេខ ID នៅក្នុងដង្កៀបនេះ ហើយក្នុងករណីនេះលេខ ID គឺលេខ 4 ដោយជាលេខ ID របស់លោក Mark Zuckerberg ផ្ទាល់។ រាល់គណនី និង Page Facebook មានលេខ ID ពិសេសសម្រាប់សម្គាល់ ហេតុនេះប្រសិនបើអ្នកបញ្ចូលលេខ ID ផ្សេងទៅក្នុងដង្កៀបនោះវានឹងបង្ហាញឈ្មោះផ្សេងជាមិនខាន។

Loading...

យ៉ាងណាក្ដីក៏មានអ្នកមួយចំនួនដែលមិនអាចដំណើរការកូដនេះបាន ធ្វើឲ្យពួកគេព្រួយបារម្ភថាគណនីពួកគេត្រូវបាន Hack។ មូលហេតុដែលកូដមិនដំណើរការគឺដោយសារនៅលើ Platform មួយចំនួនជាពិសេសលើ Browser របស់កុំព្យូទ័រ Facebook នឹងបញ្ចូលសញ្ញាដកឃ្លាមួយនៅពីក្រោយសញ្ញា @ ដោយស្វ័យប្រវត្តិ ដែលចំណុចនេះធ្វើឲ្យកូដមិនដំណើរការ។ ប៉ុន្តែពេលអ្នក Comment កូដនេះតាមទូរសព្ទនោះវានឹងដំណើរដូចធម្មតា។

តាមការបកស្រាយខាងលើអាចនិយាយបានថាដំណឹងដែលគេចែករំលែកតៗគ្នាពេញ Facebook មិនមែនជាដំណឹងពិតឡើយ ដោយគ្រាន់តែជាល្បិចបោកប្រាស់មួយប៉ុណ្ណោះ។ ប្រសិនបើគណនី Facebook របស់អ្នកត្រូវបាន Hack មែននោះ អ្នកច្បាស់ជាដឹង មុននឹងអ្នកដំណើរការកូដនេះទៅទៀត៕

ប្រភព៖ news.sabay

Loading...