នៅខេត្តក្រចេះ, ថ្មីៗនេះ គឺទើបតែនឹងបង្កើតសកលវិទ្យាល័យក្រចេះ ដែលជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋទី ១ នៅក្នុងទឹកដីភាគឥសានមួយនេះ។ សកលវិទ្យាល័យក្រចេះ មាន ៥មហាវិទ្យាល័យ និងវិទ្យាស្ថាន ៣ ដែលផ្តោតសំខាន់ទៅលើផ្នែកកសិកម្ម ហើយនឹងបើកបង្រៀននៅឆ្នាំសិក្សាថ្មីនេះ!

សកលវិទ្យាល័យក្រចេះ សាងសងអស់ ១២លានដុល្លារអាមេរិក គឺដោយសារប្រាក់ជំនួយឥតសំណងរបស់ ចិន ប្រមាណ ១០លានដុល្លារ ហើយ ២លានដុល្លារទៀត គឺជាការឧបត្ថម្ភរបស់អង្គការមូលនិធិឧត្តមសិក្សាក្រចេះ ដែលមានលោក គាត ឈុន អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជាប្រធាន។

សកលវិទ្យាល័យក្រចេះ ត្រូវសាងឡើងតាមរចនាប័ទ្មស្ថាបត្យកម្មខ្មែរ ហើយដែលមានមហាវិទ្យាល័យ គឺផ្នែកវិទ្យាសាស្រ្តកសិកម្ម, វិទ្យាសាស្រ្តសត្វ និងបសុពេទ្យ, កសិ-ឧស្សាហកម្ម, វិស្វកម្ម, គ្រប់គ្រងអាជីវកម្ម។ មិនតែប៉ុណ្ណោះ សកលវិទ្យាល័យក្រចេះ មាន៣ វិទ្យាស្ថាន គឺវិទ្យាស្ថានមច្ឆវិទ្យា, បចេ្ចកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា, និងវិទ្យាស្ថានភាសា ដែលមានបង្រៀនភាសាអង់គ្លេស និងចិន។

ការបង្កើតសកលវិទ្យាល័យរដ្ឋថ្មី នៅក្នុងទីដីខេត្តភាគឥសាននេះ ត្រូវបានលោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ គូសបញ្ជាក់យ៉ាងវិជ្ជមានថា គឺដោយសារតែតម្រូវការជាអាទិភាពជាក់ស្តែង របស់ជាតិ ដែលផ្អែកទៅលើផ្នែកកសិកម្ម និងផ្នែកសេដ្ឋកិច្ច។ ពោលគឺកសិ-ឧស្សាហកម្ម។ ជាងនេះទៅទៀត គឺដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់តំបន់ដែលមានភាពអំណោយផលស្រាប់ ហើយឆ្លើយតបនឹងតម្រូវការរបស់សិស្សនិស្សិតក្នុងខេត្តក្រចេះ ព្រមទាំងបណ្តាខេត្តភាគឥសាននោះតែម្តង។

ទន្ទឹមនេះ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំខេត្តក្រចេះ បានថ្លែងប្រាប់ដោយក្តីសង្ឃឹមដល់វិទ្យុបារាំង RFIដែរថា សកលវិទ្យាល័យក្រចេះ នេះ នឹងអនុញ្ញាតសម្រួលការសិក្សារៀនសូត្ររបស់កូនចៅអ្នកស្រុកក្នុងមូលដ្ឋាន និងអ្នកនៅតាមខេត្តជិតៗឲ្យទៅរៀននៅទីនោះ គឺចាប់ពីពេលនេះ មិនចាំបាច់ចាកឆ្ងាយស្រុកកំណើត ទៅរៀននៅទីក្រុងឆ្ងាយៗនោះទៀតទេ។

គួររម្លឹកជូនថា ប្រមុខរដ្ឋាភិបាលកម្ពុជា បានចង្អុលបង្ហាញ និងជំរុញលើកទឹកចិត្តឲ្យបង្កើតគ្រឹះស្ថានឧត្តមសិក្សានៅតាមបណ្តាខេត្តនានា ក្រោមទិសស្លោក “ខេត្ត ១មាន សកលវិទ្យាល័យរដ្ឋ ១”។ នៅពេលសព្វថ្ងៃនេះ កម្ពុជា មានខេត្តចំនួន ១៩ ដែលមានគ្រឹះស្ថានឧត្តមសិក្សារដ្ឋរួចហើយ ក៏ប៉ុន្តែ នៅសល់តែខេត្តចំនួន ៦ទៀត ដែលគ្មានសកលវិទ្យាល័យរដ្ឋ៕ ប្រភព៖ RFI

Loading...