Loading...

វេលាម៉ោង០៦ និង៥៥នាទីព្រឹកនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥២-១៥៣ ឋិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្តមួយគ្រឿងពាក់ស្លាកលេខ «រដ្ឋ» បើកលឿនដូចហោះ បុកពេញទំហឹងទៅលើបុរសថ្មើរជើងម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈអ្នកបើកបររថយន្តបង្កគេចខ្លួនបាត់ស្រមោលមិនទទួលខុសត្រូវភ្លាមៗឡើយ ។

Car-State-A

Loading...

លោកវរសេនីយ៍ត្រី ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងថា បុរសជាជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ ពត សុង អាយុ៥២ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ បានទទួលរងរបួសធ្ងន់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នៅក្រោយពេលកើតហេតុភ្លាមៗ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរថ្មើរជើងឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ36.2-0608 បើកបរយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត និងមកដល់កន្លែងកើតហេតុក៏បុកពេញទំហឹងទៅលើជនរងគ្រោះបណ្តាលឲ្យដួលរងរបួសតែម្តង ។ ក្រោយពេលកើតហេតុ រថយន្តបង្កបានបន្ថែមល្បឿនក្នុងគោលបំណងបើករត់គេចរហូតដល់ទឹកដីស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ទើបសមត្ថកិច្ចតាមគោលដៅស្ទាក់ចាប់បានរថយន្តបង្ក ប៉ុន្តែអ្នកបើកបរបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្ន វត្ថុតាងជារថយន្តបង្កត្រូវបានសមត្ថកិច្ចនគរបាលយកមករក្សាទុកប្រគល់ឲ្យការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ អនុវត្តតាមនីតិវិធីនៃច្បាប់បន្ត ។

អនុលោមតាមមាត្រា៥ និងមាត្រា៩នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ គឺរថយន្តពាក់ស្លាកលេខរដ្ឋ36.2-0608 (រថយន្តបង្ក) ជារថយន្តទ្រព្យសម្បត្តិរដ្ឋដែលប្រើប្រាស់ដោយអង្គការរបស់ជាតិ ៕

Car-State-B

ប្រភព៖ dtn7

Loading...