Loading...

ភ្នំពេញៈ ក្រសួងមហាផ្ទៃកំពុងធ្វើការស៊ើបអង្កេតគំនិតផ្តួចផ្តើមនៃបណ្តឹងព្រហ្មទណ្ឌទៅលើអ្នកកាសែត ដែលជាអនុប្រធានវិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងការបន្លំខ្លួនចូលទៅក្នុងពន្ធនាគារព្រៃសជាមួយគណៈប្រតិភូតំណាងរាស្រ្តគណបក្សប្រឆាំងកាលពីថ្ងៃពុធ ខណៈដែលរបាយការណ៍របស់នាយកដ្ឋានពន្ធនាគារបានសរសេរថាការបន្លំខ្លួនចូលក្នុងពន្ធនាគារបែបនេះអាចមានទោសជាប់ពន្ធនាគារពី ១ ខែទៅ ៦ ខែ។

លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរនៅសហរដ្ឋអាមេរិក អាចប្រឈមមុខនឹងបទចោទប្រកាន់ចំពោះការចូលទៅបរិវេណពន្ធនាគារក្នុងនាមជាជំនួយការរបស់គណបក្សសង្គ្រោះជាតិដើម្បីសម្ភាសលោក កឹម សុខ ដែលជាអ្នកអត្ថាធិប្បាយនយោបាយដែលជាប់ពន្ធនាគារ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានពន្ធនាគារដែលបានដាក់កាលពីម្សិលមិញ។

Loading...

របាយការណ៍នេះបានរកឃើញថាលោក ច័ន្ទបុត្រ បានបំពានមាត្រា ៦២១ នៃក្រមព្រហ្មទណ្ឌ ចំពោះការប្រើប្រាស់នៃ «អត្តសញ្ញាណខុសពីអត្តសញ្ញាណផ្លូវការក្នុងកិច្ចការសាធារណៈ» ដែលអាចជាប់ពន្ធនាគារពី ១ ខែទៅ ៦ ខែ។

លោកក៏បានបំពានមាត្រា ៧ នៃច្បាប់ស្តីពីសារព័ត៌មាន និងមាត្រា ៥៨ នៃច្បាប់ស្តីពីពន្ធនាគារដែលអាចធ្វើឲ្យមានការចាប់ខ្លួនពាក់ព័ន្ធនឹង «ការប៉ះពាល់សណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពពន្ធនាគារ»។

លោក នុត សាវណា ប្រធាននាយកដ្ឋានពន្ធនាគារបានថ្លែងថាគណៈប្រតិភូគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកស្រី មូរ សុខហួរ និងលោក ឡុង រី បានទទួលការអនុញ្ញាតឲ្យទៅសួរសុខទុក្ខសកម្មជនដែលជាប់ពន្ធនាគាររួមជាមួយនឹងសហការី និងជំនួយការពីរបីនាក់ហើយថាលោក ច័ន្ទបុត្រ មានចេតនាចូលក្នុងនាមជាជំនួយការដើម្បីចូលជាមួយក្រុមនេះ។

រូបភាពដែលបង្ហោះនៅលើហ្វេសប៊ុកបង្ហាញថាលោក ច័ន្ទបុត្រ ចុះហត្ថលេខាជាឈ្មោះ ហួត វុទ្ធី ដែលជាឈ្មោះពិតនៅក្នុងអត្តសញ្ញាណប័ណ្ណរបស់លោក និងលិខិតឆ្លងដែនរបស់លោក និងសរសេរនៅកូឡោនតួនាទីដាក់ថាជា «ជំនួយការ»។

លោក សាវណា ថ្លែងបន្តថា៖ «គាត់បានដាក់ថាជាជំនួយការគឺដោយសារគាត់ចង់ធ្វើឲ្យវាត្រូវជាមួយនឹងលិខិតអនុញ្ញាត»។ «ប្រសិនបើគាត់មិនមែនជាជំនួយការគាត់មិនមានសិទ្ធិចូលទេ។ ដូច្នេះតើគាត់មានចេតនាទៅទីនោះដើម្បីអ្វី?»។ លោកបន្តថាការចូលទៅបរិវេណពន្ធនាគាររបស់លោក ច័ន្ទបុត្រ បំពាននឹងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ ហើយស្ថិតក្នុងលក្ខណៈជាឧក្រិដ្ឋជនដោយសារគាត់កែអត្តសញ្ញាណរបស់គាត់។

លោក ច័ន្ទបុត្រ បានបំភ្លឺកាលពីម្សិលមិញថា នៅថ្ងៃនោះលោកមានបំណងទៅជួបលោក កឹម សុខ ប៉ុន្តេលោកមិនត្រូវបានអនុញ្ញាតឲ្យចូលដោយសន្តិសុខពន្ធនាគារ ហើយនៅពេលលោកឃើញគណៈប្រតិភូគណបក្សសង្គ្រោះជាតិចូលពន្ធនាគារលោកបានព្យាយាមចូលម្តងទៀត។

លោកបន្តថា៖ «ខ្ញុំបានផ្តល់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយដាក់ឈ្មោះពិតប្រាកដរបស់ខ្ញុំគឺ ហួត វុទ្ធី។ នគរបាល និងសន្តិសុខស្គាល់ខ្ញុំថាជា ជុន ច័ន្ទបុត្រ»។

លោកបន្ថែមថា៖ «ខ្ញុំមិនបានសរសេរថាខ្ញុំជាជំនួយការទេ។ នរណាម្នាក់ប្រាកដជាសរសេរ ហើយអក្សរដៃនោះគឺស្រដៀងគ្នានឹងអក្សរដែលឃើញនៅខាងលើ»។

ចំណែកលោក សុភ័ណ្ឌ ឡារី សកម្មជនគណបក្សសង្គ្រោះជាតិ និងជាអ្នកស្ថិតនៅក្នុងគណៈប្រតិភូនោះបានថ្លែងថាលោកចាំថាលោក ច័ន្ទបុត្រ បានទុកកូឡោននោះទំនេរហើយមិនបានសរសេរជាជំនួយការទេ។

អ្នកកាសែតដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិករូបនេះមិនបារម្ភអំពីការចោទប្រកាន់នេះទេ ដោយសារលោកមិនបានធ្វើអ្វីខុស ប៉ុន្តែលោកមានអារម្មណ៍ថាលោកហាក់បីដូចជាត្រូវបានគេតម្រង់គោលដៅទៅរកលោក អាចថាដោយសារលោកជាប់ពាក់ព័ន្ធនឹងវិទ្យុអាស៊ីសេរី។

ជារឿយៗរដ្ឋាភិបាលបានចោទប្រកាន់វិទ្យុអាស៊ីសេរីថាចុះផ្សាយលម្អៀងអំពីកម្ពុជា ហើយសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាលពីសប្តាហ៍មុនបានហៅវិទ្យុនេះថាជាវិទ្យុគាំទ្រគណបក្សប្រឆាំង។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានថ្លែងថារបាយការណ៍របស់នាយកដ្ឋានពន្ធនាគារត្រូវបានដាក់មកមន្រ្តីជាន់ខ្ពស់ហើយលោកថាកំពុងរង់ចាំសេចក្តីសម្រេចថាតើនឹងដាក់ពាក្យបណ្តឹងឬយ៉ាងណា? «ប្រសិនបើគាត់អាចសម្ភាសលោក កឹម សុខ គាត់នឹងសរសេរអំពីរឿងនោះនៅពេលគាត់ទៅក្រៅ។ ប៉ុន្តែគាត់បរាជ័យ។ ប្រសិនបើយើងប្រៀបធៀបនឹងឃាតកម្ម វាជាឃាតកម្មគ្រោងទុកប៉ុន្តែវាបរាជ័យ»។

ជាងនេះទៀត លោក សុភ័គ បានថ្លែងថា គណបក្សសង្គ្រោះជាតិនឹងត្រូវហាមឃាត់មិនឲ្យទៅសួរសុខទុក្ខមន្រ្តីរបស់ខ្លួននៅពន្ធនាគារទៀតទេដោយបន្ថែមថាការទៅសួរសុខទុក្ខតែងតែមានលក្ខណៈនយោបាយ និងគ្រាន់តែដើម្បីផ្សព្វផ្សាយអំពីការត្អូញត្អែររបស់អ្នកទោស។

អនុប្រធានគណបក្សសង្គ្រោះជាតិលោក ស្រី មូរ សុខហួរ បានថ្លែងថាលោកស្រីមិនបានដឹងថាមានវត្តមានលោក ច័ន្ទបុត្រ ទេ ប៉ុន្តែបន្ទាប់ពីចូលពន្ធនាគារបានកត់សម្គាល់ថាជាគាត់។

លោកស្រីបានថ្លែងថា៖ «ខ្ញុំបានគិតថាប្រហែលជាគាត់ទទួលបានការអនុញ្ញាតដោយឡែក ហើយមិនមាននរណាម្នាក់សួរយើងថាតើគាត់ស្ថិតនៅក្នុងក្រុមរបស់យើងឬអត់នោះទេ?»។

លោកស្រី មូរ សុខហួរ បានបន្ថែមថារឿងនេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះហើយសង្ឃឹមថានឹងមានដំណោះស្រាយពាក់ព័ន្ធនឹងករណីលោក ច័ន្ទបុត្រ និងការហាមឃាត់ការទៅសួរសុខទុក្ខនៅពន្ធនាគាររបស់គណបក្សសង្គ្រោះជាតិ។

លោក មឿន ឈានណារិទ្ធិ អ្នកជំនាញក្នុងប្រព័ន្ធផ្សព្វផ្សាយបានថ្លែងថាវាតែងតែមានករណីលើកលែងផ្អែកទៅលើកាលៈទេសៈ និងសារៈសំខាន់នៃរឿងដែលត្រូវសរសេរ។

លោកបានថ្លែងថា៖ «ក្នុងករណីនេះការចូលពន្ធនាគារដើម្បីទទួលបានព័ត៌មានសម្រាប់ការសរសេររឿងមួយនឹងមានសារៈសំខាន់ជាងការបំពានក្រមវិជ្ជាជីវៈ»។

លោកបន្ថែមថា រដ្ឋាភិបាលមិនគួរមានភាពស្ទាក់ស្ទើរក្នុងការអនុញ្ញាតឲ្យអ្នកកាសែតចូលទៅក្នុងស្ថាប័នរដ្ឋនោះទេ ដោយសារកាតព្វកិច្ចប្រជាធិបតេយ្យរបស់ពួកគេក្នុងការរាយការណ៍ការពិត៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Loading...