កាសែត USA Today ឲ្យដឹងនៅថ្ងៃទី២០ មេសា នេះថា ប្រសិនបើភាពទាល់ច្រកកើតឡើងជុំវិញការព្រមព្រៀងថវិការជាតិ រវាងគណបក្សសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យ សំរាប់ឆ្នាំថិវការ ២០១៧ នោះរដ្ឋាភិបាលរបស់លោក Trump ត្រូវប្រឈមមុខនឹងការបិទទ្វា ។

ទើបកាន់តំណែងបាន ៣ ខែ រដ្ឋការលោកប្រធានាធិបតី Trump ត្រូវប្រឈមមុខនឹងហានិភ័យ «បិទទ្វា» ដោយការខ្វែងគំនិតគ្នា អំពីគំរោងចំណាយថិវការសំរាប់ពេលវេលាដែលនៅសល់នៃឆ្នាំ២០១៧ (បញ្ចប់នៅខែកញ្ញាឆ្នាំ២០១៧) ។ សម្ពាធកាន់តែខ្លាំង គ្រាសេតវិមានចង់ដាក់បញ្ចូលចំណាយកសាងរបងព្រំដែនចូលក្នុងគំរោងចំណាយថវិការ ។

កាលពីខែធ្នូ ២០១៦ ក្រុមអ្នកច្បាប់របស់អាមេរិក បានអនុមត័ច្បាប់ចំណាយពន្យាពេលដល់បណ្តាស្ថាប័នរដ្ឋាភិបាលដល់ចប់ថ្ងៃទី២៨ មេសា ២០១៧ ។ ពេលនេះ ក្រុមអ្នកច្បាប់កំពុងរត់ប្រណាំងនឹងពេលវេលា ដើម្បីទទួលបានការព្រមព្រៀងរវាងគណបក្សធំៗទាំងពីរ លើគំរោងចំណាយថវិការដល់ចប់ឆ្នាំហិរញ្ញវត្ថុ ២០១៧ ។ ប្រសិនពុំទទួលបានការព្រមព្រៀងទេនោះ ស្ថាប័នរដ្ឋបាលរបស់អាមេរិក ត្រូវបិទទ្វាជាបណ្តោះអាសន្ន ក្រោយថ្ងៃទី២៨ មេសា -ហេតុការណ៍ធ្លាប់កើតមានមុននោះ ។

នាយកថវិការបស់សេតវិមាន Mick Mulvaney បានឆ្លើយតបកិច្ចសម្ភាសន៍ជាមួយ AP ថាៈ «យើងខ្ញុំដឹងថា មានមនុស្សច្រើននាក់នៅក្នុងសភា ពិសេសមកពីគណបក្សប្រជាធិបតេយ្យ ពុំចូលចិត្តរបងនេះ ប៉ុន្តែ ពួកគេរងបរាជ័យក្នុងការបោះឆ្នោត ។ ហើយខ្ញុំគិតថា តិចបំផុត ប្រធានាធិបតីមានឱកាសរំលែកថវិការទុកឲ្យអាទិភាពមួយ ដែលខ្ពស់បំផុតរបស់ខ្លួន ក្នុងគំរោងចំណាយថវិការដំបូង នៃអណត្តិរបស់ខ្លួន» ។

តាមក្រសួងសន្តិសុខលើផ្ទៃប្រទេសអាមេរិក លើកឡើងកាលពីខែកុម្ភៈ ២០១៧ របងព្រំដែន រវាងអាមេរិក -ម៉ិចស៊ិកូ ត្រូវចំណាយថវិការអស់ ២១,៦ ពាន់លានដុល្លារ និងរយៈពេល ៣ ឆ្នាំ ។ វាខ្ពស់ជាងចំនួន ១២ ពាន់លានដុល្លារ ដែលលោក Trump បានប៉ាន់ស្មានពេលឃោសនាស្វែងរកសន្លឹកឆ្នោត ។

ខណៈពេលនោះ តាម USA Todya ខាងគណបក្សប្រជាធិបតេយ្យ មានគំរោងស្នើចំណាយរាប់ពាន់លានដុល្លារ សំរាប់កម្មវិធី Obamacare ហើយនេះក៏ជាលក្ខខណ្ឌមួយសំរាប់ពួកគេព្រមព្រៀងនឹងច្បាប់ថវិកា ២០១៧ ។

ទោះយ៉ាងនវក្តី គេនៅសង្ឃឹមថា គណបក្សទាំងពីរអាចស្វែងរកបានសម្លេងរួមគ្នានៅ ២ – ៣ សប្តាហ៍ បន្ទាប់ពីកាលបរិច្ឆាទចុងក្រោយ គឺថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ៕

Loading...