អង្គការ​មាតា​ធម្មជាតិ​សហការ​ជាមួយ​ក្រុម​យុវជន​Eco-life Cambodia, Khmer Cam Youth និង N1M នឹង​រៀប​ចំ​កម្មវិធី​បុណ្យ​កោង​កាង​នៅ​ក្នុង​តំបន់​កោះ​ស្រឡៅ ដែល​ជា​តំបន់​ធ្លាប់​រង​ផល​ប៉ះ​ពាល់​ពី​ការ​បូម​ខ្សាច់។ ពិធី​បុណ្យ​នេះ នឹង​រៀប​ចំ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ១៦ ខែ​ឧសភា​ខាង​មុខ នៅ​ក្នុង​ភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​កោះ​កុង ខេត្ត​កោះកុង។ អង្គការ​មាតា​ធម្មជាតិ​បាន​ឲ្យ​ដឹង​ថា ពិធី​បុណ្យ​នេះ ធ្វើ​ឡើង​ដើម្បី​ជំរុញ​ឲ្យ​ស្រឡាញ់ និង​អភិរក្ស​ព្រៃ​កោង​កាង។

នេះ គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​អង្គការ​មាតា​ធម្មជាតិ និង​ក្រុម​យុវជន​ក៏​ដូច​ព្រះ​សង្ឃ​ដទៃ​ទៀត បាន​ផ្តួច​ផ្តើម​រៀប​ចំ​កម្មវិធី​បុណ្យ​កោង​កាង​នេះ​ឡើង។ កម្មវិធី​បុណ្យ​នេះ វា​បៀប​ដូច​ជា​ដំណើរ​កម្សាន្ត​មួយ​ដូច្នេះ​ដែរ ដោយ​មាន​អ្នក​ចូល​រួម​ចំនួន​ជាង ២០០​នាក់ ហើយ​ចេញ​ដំណើរ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​កោះ​កុង​ត្រង់​ចំណុច​តំបន់​កោះ​ស្រឡៅ​តែ​ម្តង។ អ្នក​ដែល​ចូល​រួម​ទាំង​ជាង ២០០​នាក់​នេះ គឺ​សុទ្ធ​សឹង​តែ​បាន​ទិញ​សំបុត្រ​ចូល​រួម​ដែល​មាន​តម្លៃ ៣០​ដុល្លារ​អាមេរិក។ បើ​តាម​អ្នក​រៀប​ចំ​ដំណើរ​កម្សាន្ត​បុណ្យ​កោង​កាង ពិធី​បុណ្យ​នេះ​គ្រោង​ចំណាយ​ជិត ១​ម៉ឺន​ដុល្លារ​អាមេរិក។

លោកសាន់ ម៉ាឡា សមាជិក​អង្គការ​មាតា​ធម្មជាតិ បាន​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​រៀប​ចំ​ពិធី​បុណ្យ​កោង​កាង​នេះ​នៅ​កោះ​ស្រឡៅ គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​សារៈ​សំខាន់​នៃ​ព្រៃ​កោង​កាង ក៏​ដូច​ជា​នាំ​សិស្ស​និស្សិត​ដែល​ចូល​រួម​បាន​ស្គាល់​កោះ​ស្រឡៅ និង​សក្តានុពល​ទេសចរ​នៅ​លើ​កោះ​នេះ ។ ម្យ៉ាង​វិញ​ទៀត ​ក៏​ជា​ការ​ផ្សព្វ​ផ្សាយ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​មក​អភិវឌ្ឍ​តំបន់​កោះ​ស្រឡៅ​ឲ្យ​ទៅ​ជា​តំបន់​អេកូ​ទេសចរ​ដោយ​ផ្អាក​និង​មិន​បន្ត​អាជ្ញាប័ណ្ណ​ឲ្យ​មាន​ការ​បូម​ខ្សាច់​នៅ​ក្នុង​តំបន់​នេះ​ទៀត។ បើ​តាម​លោក​សាន់ ម៉ាឡា ពិធី​បុណ្យ​នេះ​គឺ​កើត​ចេញ​ពី​គំនិត​ផ្តួច​ផ្តើម​របស់​ក្រុម​យុវជន និង​ព្រះ​សង្ឃ​ដែល​បាន​ទៅ​បំបួស​ព្រៃ​កោង​កាង ដើម្បី​ឲ្យ​រួច​ផុត​ការ​កាប់​បំផ្លាញ​កាល​ពី​ឆ្នាំ​មុន។

កម្មវិធី​ដំណើរ​កម្សាន្ត​បុណ្យ​កោង​កាង​នេះ មាន​រយៈ​ពេល ៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០១៧។ បើ​តាម​របៀប​វារៈ​ ដំណើរ​កម្សាន្ត​ក្នុង​ន័យ​បណ្តុះ​ក្តី​ស្រឡាញ់ និង​អភិរក្ស​ព្រៃ​ធម្មជាតិ​កោង​កាង​នេះ ក៏​មាន​ការ​ចូល​រួម​ពី​មន្រ្តី​នៃ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ។ កម្មវិធី​នេះ ក៏​មាន​ការ​តាំង​ពិព័រណ៍ ការ​ធ្វើ​បទ​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​ព្រៃ​កោង​កាង ការ​ដាំ​កូន​ឈើ ការ​ទស្សនា​សម្រស់​ព្រៃ​កោង​កាង​ក្នុង​តំបន់​កោះ​ស្រឡៅ ក៏​ដូច​ជា​តំបន់​ការពារ​ស្មៅ​សមុទ្រ​ជា​ដើម។ ក្រៅ​ពី​នេះ ក៏​មាន​ការ​ធ្វើ​បទ​បង្ហាញ​អំពី​ស្ថានភាព និង​ជីវភាព​រស់​នៅ​របស់​សហគមន៍​នៅ​ទី​នោះ និង​ការ​បង្ហាញ​ពី​បញ្ហា​ប្រឈម​នានា​របស់​តំណាង​សហគមន៍​នៅ​ក្នុង​តំបន់​កោះ​ស្រឡៅ​នេះ​ផង​ដែរ៕ ប្រភព៖ rfi

Loading...