​អ្នកឃ្លាំមើល​ការងារ​អភិវឌ្ឍ​សង្គម​មួយចំនួន នា​ខេត្ត​ព្រះសីហនុ បន្ត​រិះគន់ ថ្នាក់ដឹកនាំ​នៅតាម​ន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​នា​មូលដ្ឋាន​នេះ មិន​រួម​សហការគ្នា​ថែរក្សា ឬ​ការពារ​បរិវេណ​ដី​ព្រៃកោងកាង ឬ​ព្រៃ​លិច​ទឹក ដែលមាន​ស្រាប់ នៅតាម​ឆ្នេរសមុទ្រ និង​ដៃសមុទ្រ ឲ្យ​បាន​គង់វង្ស​ទេ ប៉ុន្តែ បែរជា​នាំគ្នា ទៅ​បង្កើត​កម្មវិធី​ដាំ​កូន​កោង​កាង នៅ​ទីតាំង​ថ្មី ២ ឬ ៣​រយ​ដើម ដើម្បី​ចុះផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​បណ្តាញ​សង្គម​ផ្សេងៗ ឲ្យ​តែ​ល្អមើល​នោះទេ​។

​មន្ត្រី​សង្គម​ស៊ីវិល ដែល​ធ្វើការ​ពាក់ព័ន្ធ​ធនធានធម្មជាតិ នា​ខេត្ត​ព្រះសីហនុ បង្ហាញ​ការហួសចិត្ត កាលបើ​សង្កេតឃើញថា បរិវេណ​ដីព្រៃ​លិច​ទឹក ឬ​ព្រៃកោងកាង​រាប់រយ​ពាន់​ហិច​តារ នា​មូលដ្ឋាន​នេះ ត្រូវ​មន្ត្រី​ខ្លះ បំរើកា​រងារ នៅតាម​ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​ឱវាទ​រដ្ឋបាលខេត្ត​នេះ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​មានទ្រព្យ និង​បុគ្គល​មានអំណាច លួច​ធ្វើ​ប្លង់​កម្ម​សិទ្ធ​ឯកជន​បាន​កើតមាន​អនាធិបតេយ្យ មិន​នាំគ្នា​ការពារ ឬ​ទប់ស្កាត់ ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ប៉ុន្តែ​បែរជា​នាំគ្នា ទៅ​បង្កើត​កម្មវិធី​ដាំ​កូន​កោង​កាង នៅលើ​ទីតាំង​ថ្មី ដើម្បី​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ឬ​ថត​ដាក់​ទូរទស្សន ឲ្យ​តែ​ល្អមើល​ទៅវិញ​។​

​អ្នកសម្របសម្រួល​សមា​គម​អាដហុក លោកស្រី ជៀប សុធា​រី សំណូមពរ ដល់​លោក​រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងរ​ក្ខា​ប្រមាញ់ និង​ក្រសួង​រៀបចំ​ដែនដី​នគរ រូបនីយកម្ម និង​សំណង់ ពិសេស​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ជួយ​រក្សា​ព្រៃ​លិច​ទឹក ឬ​ព្រៃកោងកាង​ជា​ជំ​រកត្រី​សមុទ្រ​បន្ត​ពូជ ឲ្យ​មាន​ប្រសិទ្ធភាព​។ លោកស្រី បន្តថា រដ្ឋាភិបាល គួរ​មាន​វិធានការ​ផ្លូវច្បាប់ ឲ្យ​បានជា​ក់លាក់ ដើម្បី​ថែរក្សា​ដីព្រៃ​លិច​ទឹក ដែល​នៅ​សេស​ល់ នៅតាម​ឆ្នេរសមុទ្រ រាប់ពាន់​ហិច​តារ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​គង់វង្ស​។​

​អ្នកស្រី សុធា​រី ផ្តល់​ទស្សនៈ​ថា មន្ត្រី​នៅតាម​ស្ថាប័ន​ជំនាញ​ពាកព័ន្ធ គួរ​ត្រូវ​ងាក​មក​រួម​សហការគ្នា​ថែរក្សា​ធនធានធម្មជាតិ មាន​ដីព្រៃ​លិច​ទឹក ឬ​ព្រៃកោងកាង កុំ​ឲ្យ​បុគ្គល​ឯកជន ឃុបឃិត​រំលោភ​ធ្វើ​កម្មសិទ្ធិ​បុគ្គល​ជា​បន្តទៀត វា​ប្រសើរ​ជាជាង បបួលគ្នា បង្កើត​កម្មវិធី​ដាំ​កូន​កោង​កាង នៅតាម​ទីតាំង​ថី្ម ពី​ពីរ ទៅ បួន ប្រាំ​រយ​ដើម ក្នុង​មួយឆ្នាំៗ នៅតាម​ស្ថាប័ន​នីមួយៗ ដើម្បី​ថត​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ ឲ្យ​តែ​ល្អមើល​នោះទេ​។​

​ទាក់ទិន​បញ្ហា​នេះ ទាំង​មន្ត្រីរាជការ​ថ្នាក់ទាប ទាំង​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ស្រុក​ព្រៃនប់ ស្រុក​ស្ទឹងហាវ និង​អ្នកឃ្លាំមើល​សង្គម ប្រចាំខេត្ត​ព្រះសីហនុ ទទូច​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ចេញ​បទបញ្ជា ឬ​វិធានការ​ផ្លូវច្បាប់ ឈានដល់​ដកហូត​បរិ​វេណ​ដី​ព្រៃកោងកាង ជា​ជំ​រកត្រី​សមុទ្រ​បន្ត​ពូជ ដែល​ត្រូវ​បុគ្គល​មួយចំនួន​រំលោភ​យក​កន្លងមក មក​ដាក​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​អភិរក្ស​ឲ្យ​បាន​គង់វង្ស​ដូចដើម​វិញ​។​

​ប្រជាពលរដ្ឋ រិះគន់ថា បរិវេណ​ដី​ព្រៃកោងកាង ដែល​នៅ​សេសសល់ តាម​តំបន់​ឆ្នេរសមុទ្រ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មិនគួរ​មន្ត្រី​ជំនាញ នៃ​រដ្ឋបាលខេត្ត​នេះ ពិសេស​រដ្ឋាភិបាល ទុក​បណ្តោយ ឲ្យ​មាន​សកម្មភាព​ឃុបឃិត រំលោភ​ធនធាន​សមុទ្រ​ទាំងនេះ ឲ្យ​ក្លាយជា​កម្ម​សិទ្ធ​ឯកជន បន្ត​កើតមាន​ទៀត​ទេ​។​

​ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ បង្ហាញ​ការសោកស្តាយ ដែល​រដ្ឋបាលខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល គ្មាន​លទ្ធភាព ការពារ​បរិវេណ​ដី​ព្រៃកោងកាង ឬ​ព្រៃ​លិច​ទឹក នៅ​សេ​សល់​នា​តំបន់​កោះ​ខ្យង នៅ​តំបន់​ជុំវិញ​មាត់បឹង​កង្កែប ក្នុង​ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ដែល​ត្រូវ​មន្ត្រី​មាន​ឋានៈ​ខ្ពស់​ក្នុង​ជួរ​កងទ័ពជើងទឹក​មូ​ល​ដ្ឋា​ន​សមុទ្រ​រាម​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​និង​មាន​ដាំ​ចំការ​ដូង នៅ​លើដី​ជាក់ស្តែង​ថែមទៀត​។ ជាង​នេះ ក៏មាន​មន្ត្រី​ខ្លះទៀត កំពុង​បំរើកា​រងារ នៅតាម​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ព្រះសីហនុ​សព្វថ្ងៃនេះ ក៏មាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ទន្ទ្រាន​កាន់កាប់ ដី​ព្រៃកោងកាង នា​មូលដ្ឋាន​ជាប់​សមុទ្រ​មួយ​នេះដែរ​។ ហើយ​បុគ្គល​មួយចំនួន​ន​នោះ ថែមទាំង​បាន​ដាំ​ចំការ​ដូង ធ្វើ​របង​ដែក ឬ​ថ្ម និង​បាន​សង់​សំណង់​ផ្សេងៗ ព្រមទាំង​បាន​បោះបង្គោល​របង​ថ្ម​រឹងមាំ សម្រាប់​សម្គាល់​ទីតាំង​ដី​ក្បាលដី​រាន​កាន់កាប់ ឬ​ទិញ​លក់​បន្ត​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត ធ្វើជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន នៅលើ​បរិវេណ​ដី​ព្រៃកោងកាង នា​មាត់បឹង​កង្កែប​ថែមទៀត​។

​ត្រង់ចំណុច​នេះ អ្នកស្រី សុធា​រី ក្នុងនាម​មន្ត្រី​សង្គម​ស៊ីវិល នឹង​ទន្ទឹងរង់ចាំ​មើល​ចំណាត់ការ របស់​រដ្ឋាភិបាល ថា​តើ ហ៊ាន​កោះអញ្ជើញ ឬ​កសាង​សំណុំរឿង ទៅលើ​បុគ្គល ដែលមាន​ឈ្មោះ ជាប់​ពាក់ព័ន្ធ សកម្មភាព​ឃុបឃិត បទល្មើស រំលោភ​កាន់កាប់​ដី​ព្រៃកោងកាង​ជា​ជំ​រកត្រី​សមុទ្រ មក​ធ្វើជា​កម្មសិទ្ធិឯកជន​ខុសច្បាប់​កន្លងមក ទៅ​ផ្ត​ន្ទោ​ទោស​ដែរ​ឬ​យ៉ាងណា​នា​ថ្ងៃ​ខាងមុខ​។

​ទាក់ទិន​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ណែនាំ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ឲ្យ​ពិនិត្យ​ពិចារណា ទៅលើ​ខ្លឹម​សារសំខាន់​ចំនួន ២​ចំណុច គឺ​និរាករណ៍ ឬ​ដកហូត​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​អចលនវត្ថុ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិតបញ្ជាក់​ការកាន់កាប់​ដី របស់​មន្ទីរ​ដែនដី និង​អាជ្ញាធរ​ដែនដី​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ចំនួន ៤ រួមមាន​៖ ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្ត​កែប ដែលមាន​ជាប់​ពាក់ព័ន្ធ​ដីព្រៃ​លិច​ទឹក ឬ​ដី​ព្រៃកោងកាង​។​

​ទោះយ៉ាងណា គេ​កត់សមគាល់ថា រហូតមកដល់​ពេលនេះ បទបញ្ជា របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់​ត្រូវបាន​មន្ត្រី​ក្រោ​ឱវាទ នៅតាម​ក្រសួង​ជំនាញ​នីមួយៗ បង្ហាញ​របាយការណ៍​នៃ​លទ្ធផល​ចុះ​ស្រាវជ្រាវ លើ​ករណី មាន​ការចេញ​ប្លង់​កម្មសិទ្ធិ ប៉ះពាល់ ឬ​រំលោភ​ទៅលើ​បរិវេណ​ដី​ព្រៃកោងកាង​នេះ មាន​លទ្ធផល​បែបណា​នៅឡើយ​ទេ​។ ហើយ​បច្ចុប្បន្ននេះ បរិវេណ​ដី​ព្រៃកោងកាង​រាប់ពាន់​ហិកតារ ដែល​ដុះ​នៅតាម​តំបន់​ឆ្នេរសមុទ្រ​ទាំង ៤​ខេត្ត មាន​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​ជាដើម ដែលមាន​ដើម​កោង​កាង​ដុះ​ល្អ នៅក្នុង​ឃុំ​ទឹកថ្លា ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ និង​ព្រៃកោងកាង នៅតាម​តំបន់​មួយចំនួន នា​ស្រុក​ស្ទឹងហាវ​ជាដើម ត្រូវ​ឈ្មួញ និង​បុគ្គល​មានអំណាច បាន​បន្តសកម្មភាព​ដឹក​ដី​ចាក់​លុប​បរិវេណ​ព្រៃកោងកាង ដើម្បី​ដាំ​ចំការ​ដាំ​ណាំ​កសិកម្ម​ផ្សេងៗ និង​សង់​សំណង់​ផ្សេងៗ ជា​បន្តបន្ទាប់ ដោយ​ផ្គើន ឬ​មិន​ខ្វល់​បទបញ្ជា របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ឲ្យ​មន្ត្រី​នៅតាម​ក្រសួង​ជំនាញ និង​ថ្នាក់ដឹកនាំ​នៅតាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង ៤ ត្រូវ​រួមគ្នា​ការពារ និង​អភិរក្ស​ដី​ព្រៃកោងកាង​នៅតាម​តំ​នប់​នីមួយៗ នៅ​ឲ្យ​បាន​គង់វង្ស ដោយ​មន្ត្រី​ទាំងនោះ អនុវត្ត​មិនទាន់មាន​ប្រសិទ្ធភាព​ទេ​៕ ដែន សីមា

Image may contain: sky, tree, cloud, outdoor and nature

Image may contain: plant, tree, outdoor, nature and water

Image may contain: sky, mountain, outdoor and nature

Image may contain: sky, tree, outdoor, nature and water

Image may contain: tree, sky, outdoor, nature and water

Image may contain: people standing, mountain, sky, cloud, outdoor and nature

Image may contain: one or more people, people standing, wedding, outdoor and nature

Image may contain: sky, tree, cloud, plant, outdoor and nature

Image may contain: plant, tree, sky, outdoor and nature

Image may contain: sky, tree, plant, outdoor and nature

Image may contain: outdoor and nature

Image may contain: tree, plant, outdoor, nature and water

Image may contain: sky, tree, outdoor, nature and water

 

Loading...