ប្រទេសថៃ៖ កាលពីថ្ងៃ១៧ ឧសភា ២០១៧ ប៉ូលិសខេត្តឆាក់ឆើងសោវ បានរាយការណ៍ថា មានគ្រោះថ្នាក់ចរាចរមួយ បានកើតឡើង នៅលើកំណាត់ផ្លូវមួយ ក្នុងស្រុកភ្នំសារាខាម និងបាននាំក្រុមជួយសង្គ្រោះបន្ទាន់ ចុះទៅជួយ និងពិនិត្យភ្លាមៗផងដែរ ។

នៅកន្លែងកើតហេតុ បានប្រទះឃើញរថយន្តម៉ាក Nissan Navera ពណ៌ខ្មៅបានបើកទៅបុកពីក្រោយ គូថរថយន្ត ដឹកទំនិញម៉ាក Hino កង់១៨ ពណ៌ស ហើយរថយន្តម៉ាកនីសាន់ ត្រូវខ្ទេចដូចចេកចៀន ។ ក្នុងគ្រោះថ្នាក់នេះ គេឃើញមានមនុស្ស៥នាក់ស្លាប់ភ្លាមៗ ដោយគៀបជាប់នៅក្នុងរថយន្ត ហើយអ្នកបើកបរ ក៏បានគៀបជាប់និងចង្កូតរថយន្ត ស្លាប់យ៉ាងអាណោចអាធម ។

អ្នកបើកបរ មានឈ្មោះថា ផុង ផាន់ អាយុ២៨ឆ្នាំ រស់នៅ ខេត្តឆាក់ឆើងសោវ ចំណែកឯអ្នកស្លាប់៤នាក់ទៀត គឺជាពលករ ជនជាតិខ្មែរ ក្នុងនោះប្រុស២នាក់ ស្រី២នាក់ ដែលត្រូវបានប៉ូលិសរកឃើញ ឯកសារសំគាល់ខ្លួនទាំងអស់ ចំណែកឯ៣នាក់ទៀត គឺជាជនជាតិថៃ រស់នៅក្នុងខេត្តកើតហេតុខាងលើ ។

ប៉ូលិសបានសួរនាំ អ្នកបើកបររថយន្តដឹកទំនិញ កង់១៨ ហើយត្រូវបានគាត់ប្រាប់ថា នៅពេលកើតហេតុនេោះ មេឃគំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង មើលផ្លូវមិនឃើញនោះទេ នៅសុខៗ ស្រាប់តែគាត់ឮសូរសំលេង គ្ឌាំងនៅពីក្រោយរថយន្តរបស់គាត់ ។

គាត់បន្តថា បន្ទាប់ពីឮសូរសំលេង បុករថយន្តគាត់ពីក្រោយ យ៉ាងខ្លាំងភ្លាមៗនោះ គាត់បានឈប់ហើយចុះពីរថយន្ត ទៅមើលស្រាប់តែឃើញរថយន្តនីសាន់ បុកគូថរថយន្តរបស់គាត់ទៅហើយ ហើយគាត់ក៏បានទូរស័ព្ទទៅប្រាប់ប៉ូលិស ដើម្បីចុះមកជួយអន្តរាគមន៍ ។

បើតាមការសង្កេតរបស់ប៉ូលិស បានសន្និដ្ឋានថា គ្រោះថ្នាក់នេះបណ្តាលមកពីផ្លូវរអិល ព្រោះមានភ្លៀងធ្លាក់ខ្លាំង ឬម្យ៉ាងទៀតអាចមកពីអ្នកបើកបរ ងងុយដេកក៏ថាបាន តែប៉ូលិសកំពុងរកមូលហេតុ ដែលបណ្តាលឲ្យកើតគ្រោះថ្នាក់នេះ ឲ្យកាន់តែច្បាស់បន្តទៀត ៕

 

 

ប្រភព៖ kbn-live

Loading...