Loading...

ឭក​ដល់​លោក​អតីត​អភិបាល​សាលា​រាជធានី​ភ្នំពេញ​ម្នាក់​ដែល​ទទួល​បាន​ការ​កោត​សរសើរ​ពី​សំណាក់​ប្រជាជន​ទាំង​ជិត និង​ឆ្ងាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​សារ​លោក​មាន​បទ​ពិសោធ​ការងារ​ខ្ពស់​ក្នុង​វេទិការ​នយោបាយ និង​យុត្តិធម៌​។

Loading...

លោក​បាន​គ្រប់គ្រង​ទីក្រុង​ភ្នំពេញ​យ៉ាង​មុតមាំ​ពី​ចន្លោះ​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០៣ ប៉ុន្តែ​ការ​ដឹក​នាំ​របស់​លោក ក៏​មាន​លក្ខណៈ​ធូរ​រលុង មាន​ការ​ប្រតិបត្តិ​ជាក់​ស្តែង និង​ប្រកប​ដោយ​មនុស្ស​ធម៌​។

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ពណ៌នា​លោក​ថា ជា​មនុស្ស​ម្នាក់​ដែល​មាន​គេ​ចូល​ចិត្ត​ច្រើន ប៉ុន្តែ​លោក​ក៏​មាន​ភាព​ចម្រូង​ចម្រាស​ផង​ដែរ​។

លោក​ត្រូវ​បាន​គេ​សម្លឹង​ឃើញថា ជា​ជន​ម្នាក់​ដែល​ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​ក្នុង​ចំណោម​អភិបាល​រាជធានី​ភ្នំពេញ ហើយ​លោក​ក៏ត្រូវ​បាន​គេ​បញ្ចប់​តំណែង​នៅ​ឆ្នាំ​ ២០០៣ ដោយ​លោក​ត្រូវ​បាន​តែង​តាំង​ជា​ឯកអគ្គរដ្ឋទូត​កម្ពុជា នៅ​ប្រទេស​ មីយ៉ាន់ម៉ា មូលហេតុ​គឺ​ដោយ​សារ​តែ​ប្រជាប្រិយភាព​របស់​លោក និង​ការ​តាំង​ចិត្ត​ក្នុង​ការ​សម្រេច​នូវ​គោលដៅ​ផ្សេងៗ​របស់​លោក ទោះ​ជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។

ខណៈ​ពេល​ដែល​លោក​កាន់​កាប់​តំណែង​ជា​អភិបាលក្រុង លោក​មិន​រួញរា​នៅ​ក្នុង​គម្រោង​ផែនការ​របស់​លោក​ដើម្បី​បង្កើន​សោភណភាព និង​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ឡើយ​។

នៅ​ឆ្នាំ​២០០២ លោក​បាន​ដឹក​នាំ​ឲ្យ​មាន​ការ​ដាំ​ដើម​ឈើ​ថ្មី​ចំនួន ៣​ម៉ឺន​ដើម ជំនួស ឲ្យ​ដើម​ឆត្រ​ដែល​លោក​យល់​ថា បាន​ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ​តាម​ប្រព័ន្ធ​លូ​ក្រោម​ដី​នៅ​ក្នុង​ទីក្រុង​។

ស្ត្រី​ឈ្មោះ អ៊ីម ម៉ាប់ អាយុ​ជាង ៤០​ឆ្នាំ ជា​អាជីវករ​លក់​គ្រឿង​ចាប់​ហួយ រស់នៅ​ក្បែរ​ផ្សារ​ចាស់ បាន​រំឭក​ឲ្យ​ដឹង​ថា ៖ «​ខ្ញុំ​នៅ​ចាំ​បាន​ខ្លះៗ សម័យ​លោក ជា សុផារ៉ា នៅ​ធ្វើ​ជា​ចៅ​ហ្វាយ​ក្រុង​ភ្នំពេញ នៅ​តាម​ផ្លូវ​នៅ​ម្តុំ​ផ្សារ​ចាស់​នេះ ផ្លូវ​មិនសូវ​ស្អាត​មែន ប៉ុន្តែ​អ្នក​រក​ស៊ី​លក់​ដូរ​តូច​តាច​អាច​លក់​ដូរ​នៅ​តាម​ផ្លូវ​ក្បែរ​ផ្សារ​នេះ​ពេល​ល្ងាចៗ​គេ​អាច​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​បាន​។ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ទៅនឹង​បច្ចុប្បន្ន​នេះ​អ្នក​លក់​ដូរ​តូច​តាច ដូច​ជា​រក​ប្រាក់​សម្រាប់​តែ​បង់​ថ្លៃ​ផាស៊ី​ផ្សេងៗ​អ៊ីចឹង​»។

[img]

បុរស​វ័យ​ជាង​៣០​ឆ្នាំ ឈ្មោះ ស៊ុក ធឿន ជា​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ម្តុំ​ផ្សារ​ដី​ហុយ បាន​រំឭក​ថា​៖ «​បើ​សិន​ជា​លោក ជា សុផារ៉ា នៅ​ធ្វើ​ជា​អភិបាល​ក្រុង​ភ្នំពេញ បន្ត​មក​ទៀត ប្រហែល​ជា​អត់​មាន​ការ​បណ្តេញ​ប្រជាជន​ចេញ​ពី​តំបន់​បឹងកក់​ទេ ហើយ​ក្រុម​គ្រួសារ​របស់​ពួក​យើង និង​ប្រជាជន​រាប់ម៉ឺន​នាក់​ផ្សេង​ទៀត​នោះ​ក៏​អាច​រស់នៅ​បឹងកក់​ដដែល​ដោយ​សុខសាន្ត​ដែរ​»​។

លោក គង់ សង្វារ វ័យ​ជាង ៦០​ឆ្នាំ អតីត​មន្ត្រី​រាជការ​នៅ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ៖ «​មិនមែន​មាន​តែ​ខ្ញុំ​ទេ ដែល​បាន​ដឹង​អំពី​គម្រោង និង​បាន​ឃើញ​អំពី​សមិទ្ធផល​មួយ​ចំនួន​របស់​លោក ជា សុផារ៉ា ក្នុង​អំឡុង​ពេល​គាត់​កាន់​តំណែង​ជា​អភិបាល​ក្រុង​ភ្នំពេញ ដូច​ជា សួន​ច្បារ​ពី​មុខ​ព្រះ​បុរម​រាជ​វាំង​ទៅ​ដល់​សួន​ច្បារ​ផ្សារ​ចាស់ និង​គម្រោង​សាងសង់​ជា​សាល​សន្និសីទ​ជាតិ នៅ​ជ្រោយ​ចង្វារ​ជា​ដើម​»​។

«​បើ​សិន​ជា​សាល​សន្និសីទ​ជាតិ​នោះ​វា​កើត​ឡើង​មែន​នោះ វា​គឺ​ល្អ​អស្ចារ្យ​ណាស់​សម្រាប់​មុខ​មាត់​ប្រទេស​យើង ព្រោះ​វា​ស្ថិត​នៅ​លើ​ទីតាំង​ល្អ​បំផុត​តែ​ម្តង​»​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក សង្វារ​។

«​ទីតាំង​សួន​ច្បារ​មុខ​ព្រះ​បុរម​រាជវាំង​ទៅ​ដល់​សួន​ច្បារ​ផ្សារ​ចាស់ ជា​អតីត​ឃ្លាំង​ទំនិញ ជា​កន្លែង​យោធា និង​កំពង់ផែ​(​កសិផល​កសិកម្ម​)​ជាដើម ប៉ុន្តែ​លោក សុផារ៉ា បាន​ព្យាយាម​ធ្វើ​វា​ឲ្យ​ទៅ​ជា​សួន​ច្បារ​សម្រាប់​សាធារណៈ​ជន​ទូទៅ និង​ដើម្បី​លម្អ​មុខ មាត់​ទីក្រុង​ផង​ដែរ​»​។

គួរ​រំឭក​ថា គម្រោង​ទីតាំង​សួន​ច្បារ​មុខ​ព្រះ​បរម​រាជវាំង​ទៅ​ដល់​សួន​ច្បារ​ផ្សារ​ចាស់​នេះ គឺ​បាន​ចាប់​ផ្តើម​ឡើង​តាំង​សម័យ​អតីត​អភិបាល​សាលា​រាជធានី​ភ្នំពេញ គឺ​លោក ឈឹម ស៊ាកឡេង ក្នុង​រវាង​ឆ្នាំ​១៩៩៣-៩៨ ដែល​កាល​នោះ លោក ជា សុផារ៉ា ជា​អភិបាល​រង​នៅ​ឡើយ​។

ក្រោយ​មក​ទៀត​លោក សុផារ៉ា បាន​រៀបចំ​គម្រោង​ទីតាំង​ជា​សាល​សន្និសីទ​ជាតិ​នៅ​ជ្រោយ​ចង្វារ ​ក៏​ត្រូវ​បាន​រៀបចំ​រួច​រាល់ ព្រម​ទាំង​មាន​សាងសង់​ជា​សំណង់​ផ្ទះ​ឈើ​ធំៗ តាម​រចនាប័ទ្ម​ផ្ទះ​ខ្មែរ ផ្ទះ​កឹង ផ្ទះប៉ិត និង​ផ្ទះកា​តាំង ជា​ច្រើន​ខ្នង​នៅ​ទីនោះ​។ ប៉ុន្តែ​បច្ចុប្បន្ន​ទីតាំង​នោះ​បែ​ជា​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​សូគីម៉ិច ដែល​មាន​សណ្ឋាគារ​សុខា​នៅ​ទីនោះ​ជំនួស​វិញ​។

ការ​ដក​តំណែង​ជា​អភិបាល​ក្រុង​ពី​លោក ជា សុផារ៉ា នៅ​ឆ្នាំ​២០០៣ បាន​ធ្វើ​ឲ្យ​មាន​ការ​រំជើប​រំជួល​ខ្លះៗ​នៅ​ក្នុង​ប្រទេស ដោយ​អតីត​អភិបាលខណ្ឌ​ទួលគោល​លោក ឃ្លាំង ហួត បាន​បដិសេធ​មិន​ចូលរួម​ពិធី​បញ្ចប់​ការងារ​របស់​លោក ជា សុផារ៉ា ដោយ​ការ​គោរព​របស់​លោក​ចំពោះ​លោក សុផារ៉ា​។

លោក ហួត បាន​ថ្លែង​ថា ការ​ធ្វើ​ការ​របស់​លោក សុផារ៉ា គឺ​មិន​បាន​ពឹង​ផ្អែក​ទៅ​លើ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ដោយ​លោក​ធ្វើ​ការ​គឺ​ដើម្បី​តែ​ផលប្រយោជន៍​របស់​ប្រជាជន និង​ផល​ប្រយោជន៍​របស់​ទីក្រុង​តែ​ប៉ុណ្ណោះ​។

លោក សុផារ៉ា មិន​បាន​ក្លាយ​ទៅ​ជា​ឯកអគ្គ​រដ្ឋទូត​កម្ពុជា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ ដោយ​លោក​បែរ​ជា​បាន​ក្លាយ​ទៅ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​វិញ​។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា កំពុង​តែ​បន្ត​ការងារ ដែល​លោក​បាន​ធ្វើ​កាល​ពី​មុន​បន្ទាប់​ពី​មាន​ការ​ផ្លាស់ ប្តូរ​គណៈ​រដ្ឋ​មន្ត្រី ដោយ​លោក​ត្រូវ​បាន​ជំនួស​មុខ​តំណែង​របស់​លោក អ៊ីម ឈុន​លីម ជា​អតីត​រដ្ឋ​មន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

បន្ទាប់​ពី​កាន់​តំណែង​ថ្មី​នេះ​បាន​រយៈពេល​ជាង​១​ខែ លោក សុផារ៉ា បាន​ធ្វើ​ការ​យ៉ាង​មមា​ញឹក​ដើម្បី​ធានា​ថា ទីក្រុង​ដែល​លោក​ធ្លាប់​បាន​ដឹក​នាំ​នេះ នឹង​ត្រូវ​បាន​រៀបចំ​យ៉ាង​ណា​ឲ្យ​បាន​រៀបរយ និង​មាន​ភាព​ស្រស់​ស្អាត​ដូច​ជា​អ្វី ដែល​លោក​ធ្លាប់​បាន​ស្រមៃ​។

ចាប់​តាំង​ពី​ការ​ចូល​កាន់​តំណែង​កាលពី​ថ្ងៃទី​៥ ខែមេសា លោក សុផារ៉ា បាន​ចាត់​ចំណាត់​ការ​លើ​សំណង់​ខុស​ច្បាប់​ផ្សេងៗ ជា​ពិសេស​សំណង់ NagaWorld ដែល​បាន​សាង​សង់​លយ​ចូល​មក​ដល់ទី​លាន​សាធារណៈ​។

សហគ្រាស​កាស៊ីណូ​នេះ​បាន​គោរព​តាម​ការ​ណែនាំ​ក្នុង​ការ​រុះរើ​ដំបូល​បាំង​ទឹក​ភ្លៀង ដែល​បាន​លយ ចេញ​មក​លើ​ផ្លូវ​សាធារណៈ ហើយ ក៏​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ជួស​ជុល​ផ្លូវ​ដើរ​នៅ​ខាង​មុខ NagaWorld ដែល​បាន​រំលោភ​ផ្លូវ​សាធារណៈ​ផង​ដែរ​។

លោក សុផារ៉ា បាន​សរសេរ​យ៉ាង​ម៉ឺងម៉ាត់​នៅ​ក្នុង​ទំព័រ Facebook ដែល​លោក​បាន​សរសេរ​ស្ទើរ​តែ​រាល់​ថ្ងៃ​នោះ​ថា ៖ «​សំណង់​ណាហ្កា​កាន់តែ​ហ៊ាន កាន់​តែ​ផ្គើន កាន់​តែ​លយ​ចេញមក​ផ្លូវ​សាធារណៈ​វាយ​ចោល​សិន​កុំ​ឲ្យ​ធ្លាប់​»​។

ការ​ព្រមាន​របស់​លោក​បាន​ចេញ​មក​ក្នុង​ខណៈ​ពេល​ដែល​ការ​វិនិយោគ​មួយ​ចំនួន​បាន​បន្ត​សាង​សង់​ដោយ​ខុស​ច្បាប់ ឬ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ច្បាស់​លាស់ ដែល​ខុស​ពី​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​មីនា កន្លង​មក​។

នៅ​ក្នុង​ការ​សម្ពោធ​ខុនដូ The Park កាលពី​ថ្ងៃទី​៣ ខែ​ឧសភា លោក សុផារ៉ា បាន​ព្រមាន​ទុក​ជា​មុន​ថា ប្រសិន​បើ​សំណង់​ណា​មួយ​រំលោភ​បំពាន​ស្តង់ដារ ក្រុមហ៊ុន​នោះ​នឹង​ទទួល​បាន​លទ្ធផល​ពិបាក​ហើយ​។

លោក​បាន​ថ្លែង​ថា ៖ «​ចាប់ពី​ថ្ងៃ​នេះ​ទៅ ក្នុង​នាម​ជា​ទេសរដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខ្ញុំ​នឹង​ធ្វើ​ការ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​តាម​តែ​ខ្ញុំ​អាច​ធ្វើ​បាន ដើម្បី​រារាំង​គម្រោង​វិនិយោគ​ទាំង​អស់ កុំ​ឲ្យ​មាន​បញ្ហា​បច្ចេកទេស ឬ​រំលោភ​នីតិវិធី​ស្តង់ដារ​»​។

នៅ​ថ្ងៃទី​១១ ខែ​ឧសភា លោក សុផារ៉ា បាន​សរសេរ​លិខិត​ផ្លូវ​ការ​មួយ ដែល​បាន​បញ្ជាក់​ពី​ការ​បញ្ចប់​ភារកិច្ច​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​សៀមរាប គឺ​លោក សែ សាមុត ដោយ​ប្រជាជន​បាន​សង្ស័យ​ថា ការ​ផ្លាស់​ប្តូរ​តំណែង​នេះ គឺ​បណ្តាល​មក​ពី​លោក​ជាប់​ពាក់ព័ន្ធ​ជា​មួយ​នឹង​អំពើ​ពុករលួយ​។

លោក សាមុត ត្រូវ​បាន​តែង​តាំង​ឲ្យ​មក​ធ្វើ​ការ​នៅ​ក្រសួង​មួយ​នៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ ភ្នំពេញ ប៉ុស្តិ៍​អចលនទ្រព្យ ពុំ​អាច​ទាក់ទង​លោក​ដើម្បី​បំភ្លឺ​បាន​ទេ​។

ក្រៅ​ពី​បាន​ចុះ​ទស្សនកិច្ច​ទៅ​ស្រុក​មេ​មត់ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដើម្បី​ជជែក​ជាមួយ​នឹង​ប្រជាជន​ពី​បញ្ហា​កង្វះ​ទឹក​នៅក្នុង​គ្រោះ​រាំង​ស្ងួត លោក សុផារ៉ា ក៏បាន​ប្រជុំ​ជា​មួយ​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន និង​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំ អាល់ ដើម្បី​ចាត់ចែង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​នៅ​ក្រុង​ព្រះសីហនុ ដែល​នេះ​បាន​បង្ហាញ​ថា លោក សុផារ៉ា ខិតខំ​ប្រឹង​ប្រែង មិន​ដក​ដៃ​ក្នុង​ការ​ចាត់​ចែង និង​កែលម្អ​សម្រស់​របស់​ប្រទេស​កម្ពុជា​។

លោក សេង វណ្ណៈ អនុប្រធាន​ផ្នែក​គ្រប់គ្រង​ទីក្រុង​នៅ​សាលា​រាជធានី​ភ្នំពេញ បាន​សរសើរ​លោក​ទេស​រដ្ឋ​មន្ត្រី​រូប​នេះ​មិន​ដាច់​ពី​មាត់ ហើយ​លោក​បាន​បន្ថែម​ថា លោក សុផារ៉ា បាន​ធ្វើ​ការ​ចាត់​ចែង​យ៉ាង​ល្អ នៅ​ពេល​ដែល​លោក​ធ្វើ​ជា​អភិបាល​ក្រុង​ភ្នំពេញ​។

«លោក​រដ្ឋ​មន្ត្រី សុផារ៉ា មាន​បទពិសោធ​ច្រើន​ណាស់​ក្នុង​ផ្នែក​នគរូបនីយកម្ម និង​ការ​អភិវឌ្ឍ​។ នៅ​ពេល​នេះ យើង​ត្រូវ​ចាំ​មើល ថា​តើ​ការ​អភិវឌ្ឍ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​នឹង​ទៅ​ជា​បែប​ណា​? ហើយ​ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ធ្វើ​ការ​សហការ​ជាមួយ​នឹង​អ្នក​ដែល​មាន​មហិច្ឆតា និង​ការ​ស្រឡាញ់​មោះមុត​ទៅ​លើ​ទីក្រុង​បែប​នេះ​»​។​

លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ថា ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី ជា សុផារ៉ា បាន​បញ្ជា​ឲ្យ​លុប​បំបាត់​ការិយាធិបតេយ្យ​នៅ​ក្នុង​ក្រសួង ហើយ​អគ្គនាយកដ្ឋាន​សំណង់ និង​អគ្គនាយកដ្ឋាន​ដែន​ដី កំពុង​ធ្វើ​ការ​ងារ​នេះ ជាក់​ស្តែង​គិត​ក្នុង​អំឡុង​ខែ​មេសា មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឯកឧត្តម​បាន​អនុម័ត​គម្រោង​ជាង ២០០ ដែល​មិនទាន់​បាន​អនុម័ត​នា​ពេល កន្លង​មក​។

លោក សុភ័ណ្ឌ បន្ត​ថា ៖ «​យើង​គាំទ្រ​គោល​នយោបាយ​របស់​ឯក​ឧត្តម​រដ្ឋ​មន្ត្រី ដែល​លោក​ធ្លាប់​ជា​អភិបាល​ក្រុង​ភ្នំពេញ​។ លោក​ធ្វើ​ការងារ​យ៉ាង​សកម្ម​ណាស់ ច្បាស់​លាស់​ណាស់ មិន​ធ្វើ​អ្វី​ផ្តេសផ្តាស​នោះ​ទេ​»​។

លោក​បន្ត​ថា​ ៖ «​យើង​គាំទ្រ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការងារ​ស្ថាបត្យកម្ម នគរូបនីយកម្ម​ទីក្រុង មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​តម្លាភាព ចីរភាព និង​ភាព​ជឿន​លឿន​»៕ ប្រភព៖ m.postkhmer

Loading...