បន្ទាប់ពីបានដឹងឮ និងយល់ពីទុក្ខលំបាករបស់អតីតតារាកំប្លែង នាង ឃ្មឹប កាលពីពេលថ្មីៗនេះ រួចមក តារាកំប្លែងជើងចាស់ នាយ កុយ បានបង្ហាញទឹកចិត្តសប្បុរសធម៌ ព្រមទទួលយកនាង ឃ្មឹប ឲ្យចូលសម្ដែងក្នុងក្រុមរបស់ខ្លួនវិញ ដើម្បីស្រោចស្រង់ការលំបាក និងជាការចែករំលែកក្ដីលំបាក ជួយដល់ជីវភាពរបស់នាង ឃ្មឹប ឲ្យប្រសើរឡើងវិញ។

នៅក្នុងកិច្ចសម្ភាសន៍របស់លោក ហេង ឡុង ស្វាមីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា នៅប៉ុន្មានម៉ោងមុននេះ នាយ កុយ បានប្រកាសថា ខ្លួនយល់ព្រមទទួលយកនាង ឃ្មឹប ឲ្យចូលសម្ដែងក្នុងក្រុមវិញហើយ ព្រោះលោកយល់ថា ចង់ជួយគ្នាក្នុងគ្រាក្រ ព្រោះបើឃើញមនុស្សកំពុងលង់ទឹកហើយ បើលោកមិនជួយ គឺមិនកើតនោះទេ។ ជាការពិត តាំងពីដើមមកលោកតែងតែ ជួយសមាជិកក្នុងក្រុម ហើយលោកមិនបានមើលឃើញផល ប្រយោជន៍អ្វីមួយទេ។

អ្វីដែលកាន់តែមានភាពអស្ចារ្យ គឺនាយហុងដា ដែលមើលមុខអ្នកនាងឃ្មឹបមិនចំ ក៏មានការបើកចិត្តទូលាយ ហើយយល់ព្រមឱ្យអតីតភរិយាខ្លួនមកសម្តែង ដោយមិនទើសទាល់ ដែលនេះជាកាយវិការល្អមួយរបស់នាយហុងដា ។

លោកកុយបានរំលឹកថា លោកមិនចង់បើកកកាយរឿងអតីតកាលរបស់នាយហុងដានិងឃ្មឹបទៀតទេ កុំយករឿងអតីតកាលមកនិយាយ សំខាន់នេះជារូបភាពថ្មីដែលត្រូវដោះស្រាយ ។ នាយកុយបាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយផេករបស់លោកហេង ឡុងជាគូស្នេហ៍របស់អ្នកនាងចន ច័ន្ទលក្ខិណាថា លោកសព្វថ្ងៃនេះ សមាជិកក្នុងក្រុមមានចំនួន១០រូប ហើយយើងបានសម្រេចចិត្តបញ្ចូលក្រុមម្នាក់ទៀត គឺនាងឃ្មឹបដែលជាអតីតតារាកំប្លែងរួមក្រុមដែរ ។

អ្វីដែលលោកមិនចង់បាននោះ គឺលោកមិនចង់ឃើញអ្នកមានសមត្ថភាពកប់ចោលទៅក្នុងអណ្តូង ឬនៅតែក្នុងអណ្តូងឡើយ ធាតុពិតនាងឃ្មឹបគឺមានទេពកោសល្យល្អណាស់ គាត់ចេះកំប្លែងពាក្យសំដីនិយាយកំប្លែងគឺល្អ ហើយចេះច្រៀងភ្លេងការ សំឡេងប្រើការបានសំខាន់ ឱ្យតែគាត់ខំនិងព្យាយាមម្តងទៀត ។

ក្នុងចំណោមសមាជិក១០រូប គឺតម្លៃសម្តែងម្តងៗ មានក្នុងនោះរួចអស់ហើយ ដោយមិនបានកាត់យកមកឲ្យឃ្មឹបនោះទេ គឺលោកយកចំណែកដែលជារបស់លោកផ្ទាល់ ចែកឱ្យឃ្មឹបតែម្តង ព្រោះលោកមិនចង់ឲ្យសមាជិកក្រុម មានសតិអារម្មណ៍ ឬគិតមិនល្អ ។ អ្វីដែលជាការណ៍យល់ឃើញ លោកសប្បាយចិត្តដែលនាយហុងដា បានបើកចិត្តទូលាយទទួលយកនាងឃ្មឹប១០០% ជាសមាជិកក្រុមសម្តែង ដោយមិនបានច្រានចោល ឬបដិសេធនេះ ហើយគឺជាការចង់បានរបស់លោកដែរ ក្នុងការចង់ឃើញពួកគេទាំងពីរ មានចិត្តត្រូវរ៉ូវគ្នាវិញ ដោយមិនមែនជាប្តីប្រពន្ធទៀតទេ តែយើងជាមិត្តភាពបងប្អូនសិល្បៈសម្តែង គឺសម្តែងជាមួយគ្នាឲ្យបានល្អដូចពីមុននោះលោកសប្បាយចិត្តណាស់ទៅហើយ ។

តាមរយៈការវិលមកវិញរបស់នាងឃ្មឹប លោកសូមឲ្យបងប្អូនមេត្តាជួយគាំទ្រនាងឃ្មឹបឡើងវិញផង ហើយលោកក៏រំពឹងថា ក្រុមរបស់លោកនឹងលេចធ្លោបន្តទៀត ក្រោយពេលនាងឃ្មឹបចូលក្រុមព្រោះអាចថា គ្រប់អស់ហើយសម្រាប់អ្នកមានទេពកោសល្យល្អរបៀបលេងកំប្លែងរបស់ក្រុមលោក។ យ៉ាងណាមិញ នាងរ៉េន សុធារី ហៅឃ្មឹប ធ្លាប់តាំងចិត្តក្រោយប្រកាសចង់សម្តែងវិញថា នាងពិតជាចង់សម្តែងកំប្លែង ជាមួយក្រុមនាយកុយ និងជាមួយនាយហុងដា ដោយនាងអះអាងថា មិនគិតអ្វីក្រៅពីសុំជានាជាបងប្អូនមិត្តភាពមិនចង់ក្លាយជាអ្វីក្រៅពីសាងសន្តិភាពជាមួយគ្នាឡើយ ។

មហាជនបានសម្តែងការអបអរសាទរ ខណៈដែលដឹងថា ក្រុមពូកុយបានត្រូវរ៉ូវគ្នាឡើងវិញ ពិសេសនាយហុងដា និងឃ្មឹបនិងរំពៃថាកាន់តែរួមគ្នាផ្តល់សំណើចចែកជូនអ្នកគាំទ្រជាបន្តទៀត ។នាង ឃ្មឹប ក៏បានសម្ដែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់ នាយ កុយ ដែលបានទទួលយកនាងឲ្យចូលសម្ដែង ក្នុងក្រុមកំប្លែងវិញ ដោយនាងសន្យាថា នឹងកែខ្លួន កែកំហុសដែលខុសឆ្គង មិនឲ្យបងប្អូន ក៏ដូចជាអ្នកដែលជួយជ្រោមជ្រែងនាងខក បំណងឡើយ។

ប្រភព៖ kh-empire

Loading...