​ជីវិត​មួយ​ពិតជា​ឧ​ត្តុ​ង​ឧ​ត្ត​ម និង​មានតម្លៃ​ណាស់ ។ ហេតុនេះ បេ​ល​ប្រទះឃើញ​ដំរី​ជាប់គាំង​ក្នុង​ភក់ ៤ ថ្ងៃ ហើយ​នោះ ទោះបី​ពុំមាន​ឧបករណ៍​គ្រប់គ្រាន់ ក៏​អ្នកការពារ​ព្រៃ​ពួតដៃ​ជាមួយ​អ្នក​នាំ​ភ្ញៀវទេសចរ ពុំ​អល់ឯក​ធ្វើការ​ជួយសង្គ្រោះ ។​



​ដំរី​នេះ​ជាប់គាំង​ក្នុង​ល្បាប់​៤​ថ្ងៃ​ហើយ ដោយ​ពុំ​អាច​បរិភោគ​ចំណី គ្មាន​ទឹក​ផឹក ដោយបាន​ត្រឹមតែ​លើក​ប្រមោយ​ស្រូបយក​ខ្យល់ ដើម្បី​ពន្យារ​ជីវិត ។​

​អាកាសធាតុ​ក្តៅហែង ធ្វើ​ឲ្យ​ភក់ល្បាប់​ជាប់​ខ្លួន​វា បាន​ឡើង​រឹង​ ។ Leu Taylor ជា​អ្នក​នាំ​ភ្ញៀវទេសចរ​ជា​ជន​ដំបូង បានចាប់ផ្តើម​ធ្វើការ​សង្គ្រោះ​ភ្លាមៗ បន្ទាប់ពី​សម្លឹង​ឃើញ​វា ។​

​លោក Leu ឲ្យ​ដឹងថា «​ដំបូង​មនុស្ស​ទាំងឡាយ​ខ្លា​ចវា នឹង​ផ្ទុះ​កំហឹង ហើយ​វាយប្រហារ​លើ​ពួកគេ ក្រោយពេល​ត្រូវបាន​សង្គ្រោះ​នោះ ។ ទោះ​យ៉ាងនេះ​ក្តី ក្រុម​សង្គ្រោះ​នៅតែ​ផ្សងគ្រោះថ្នាក់​ប្រើពេល ៦ ម៉ោង រួមទាំង​ការជួយ​ទាញ​ពី​សំណាក់​ត្រាក់ទ័រ​ព្យួរ​ដី កម្លាំង​មនុស្ស​»​។​

​តែ​វាសនា​របស់​វា​ពុំប្រសើរ​ឡើយ ក្រោយ​ការជាប់គាំង​រហូតដល់​៤​ថ្ងៃ ពុំមាន​ទឹក អាហារ ហើយ​ភ្នែក​របស់​វា​ក៏មាន​សញ្ញា​រងរបួស​ធ្ងន់​ធ្ង​រ ។​ ​ព្រោះតែ​ដំរី​នេះ​វា​ខ្សោយ ជា​ហេតុ​ការអូសទាញ​វា​ឡើង​ពុំ​ងាយស្រួល​ទេ ។ ម្យ៉ាងទៀត Leu និង​មិត្ត​ដទៃ ត្រូវធ្វើ​ការសង្គ្រោះ​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត ។

​គាត់​ប្រើ​ខ្សែពួរ​ព័ទ្ធ​ជុំវិញខ្លួន ដើម្បី​អូសទាញ​បំណង​បញ្ចៀស​ការ​ថប់ដង្ហើម​

៦ ម៉ោង ក្រោយ ដំរី​ត្រូវបាន​ទាញ​ផុតពី​វាល​ល្បាប់​

​គេ​បាន​ជួយ​ឲ្យ​វា​ដេក​ផ្អៀង ដើម្បី​ងាយស្រួល​ងើបឈរ​ឡើង ។ តែ​ព្រឹក​ថ្ងៃ​បន្ទាប់ ពេល​ត្រឡប់មក​មើល​វិញ ឃើញ​វា​នៅ​ពុំ​ឲ្យ​ងើបឈរ ហើយ​ខ្សោយ​ខ្លាំង​ជាង​មុន​ទៅទៀត ។​

​ឃើញ​សភាព​វា​មាន​ការឈឺ​ចុកចាប់​របួស​ប្រមាណ គ្មាន​សង្ឃឹម​ជួយ​បាន ក៏​សម្រេច​ចាក់​ថ្នាំ «​បញ្ចប់​» ជីវិត ជួយ​កុំ​ឲ្យ​វា​ឈឺចាប់​….​យូរពេក ៕​