​អភិបាលរង​ស្រុក​ស្រុក​ស្ទឹងហាវ លោកស្រី ឈុន ដា​រី បាន​ឲ្យ​វេ​ប​សាយ «​ខ្មែរ​ស្ថាបនា​» ដឹង​នៅ​ថ្ងៃទី​២៩ ខែមិថុនា​ថា មាន​ស្ត្រី សំ ចិន្តា អា ២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បានកើត​ជំងឺ​រលាក​ស្បែក​ធ្ងន់ធ្ងរ ដោយមាន​ដំបៅ​ស៊ី​រូង រលួយ​ក្រចកដៃ និង​ក្រចកជើង​។ លោកស្រី ឲ្យ​ដឹងថា ស្ត្រី​រូបនេះ មិនមាន​លទ្ធភាព​ទៅរក​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នោះទេ ព្រោះ​គ្រួសារ​ស្ថិតក្នុង​ជីវភាព​ក្រីក្រ​មិនមាន​ថវិកា​ដើម្បី​ទៅរក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

​លោកស្រី ឈុន ដា​រី បាន​ឲ្យ​ដឹង​ដូច្នេះ នាឱកាស​បាន​នាំយក​ជំនួយ របស់​សប្បុរសជន​មួយចំនួន ទៅ​ផ្តល់ជូន​ស្ត្រី​អ្នកជំងឺ​រលាក​ស្បែក កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែមិថុនា​។

​លោកស្រី ឈុន ដា​រី អភិបាលរង​ស្រុក​ស្ទឹងហាវ បាន​ឲ្យ​ដឹងថា មាន​ថវិកា​ចំនួន ៨១​ម៉ឺន​រៀល ៨១០០០០(​ប៉ែតសិប​មួយ​មឺ​ន​រៀល​) របស់​សប្បុរសជន ដែល​លោកស្រី បាន​នាំយកទៅ​ផ្តល់ជូន​ស្ត្រី​កើត​ជំងឺ​រលាក​ស្បែក​ចម្លែក​ទៅដល់​ផ្ទះ​អ្នកជំងឺ​ផ្ទាល់​។ លោកស្រី ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំង​ក្នុង​និង​ក្រៅប្រទេស ពិសេស​ក្រុមគ្រូពេទ្យ​ជំនាញ នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន ស្នើ​ឲ្យ​ជួយសង្គ្រោះ​ជីវិត​ស្ត្រី​អ្នកជំងឺ​រលាក​ស្បែក ឈ្មោះ សំ ចិន្តា ដែល​ខ្វះ​លទ្ធភាព​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ឲ្យ​បានជា​ពី​ជំងឺ​ដោយ​អនុគ្រោះ​ផង​។

​ក្រោយ​ទទួលបាន​ដំណឹង​ថា មាន​ស្ត្រី​ម្នាក់​មាន​ជំងឺ​រលាក​ស្បែក​ធ្ងន់ធ្ងរ​ភ្លាម លោក ផន រឹម បុគ្គលិក​បំរើការ​ងារ​នៅ​វេ​ប​សាយ វិទ្យុ និង​ទូរទស្សន៍​បាយ​ន្ត បានផ្តល់​លេខ​ទូរស័ព្ទ របស់​គ្រូពេទ្យ​ជំនាញ ទៅ​ឲ្យ​លោកស្រី ឈុន ដា​រី អភិបាលរង​ស្រុក​ស្ទឹងហាវ ទាក់ទង​ទៅ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ស​ម្តេ​តេ​ជោ ដែលមាន លោក ហ៊ុន ម៉ា​ណែ​ត ជា​អ្នកដឹកនាំ ដើម្បី​អាចឈាន​ដល់​បញ្ជូន​អ្នកជំងឺ​ទៅ​ទទួល​ការព្យាបាល​ឲ្យ​បាន​ទាន់ពេល​។

​លោកស្រី ឈុន ដា​រី ឲ្យ​ដឹងថា នឹង​ទាក់ទង​ទៅ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ដើម្បី​សុំ​យោបល់​បន្ថែម ឬ​អាច​ឈានដល់​ជួយ​បញ្ជូន​ស្ត្រី​អ្នកជំងឺ​ឈ្មោះ សំ ចិន្តា ដែល​ជំងឺ​រលាក​ស្បែក​ចម្លែក ទៅ​ទទួល​ការព្យាបាល​នា​ថ្ងៃ​ខាងមុខ​៕ ជួប ស្ថាបនា​

Loading...