ភ្នំពេញៈ ការ​បង្ហោះ​រូបភាព និង​វីដេអូ នៃ​ការ​ចាក់​ចោល​បន្លែ ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ហ្វេស​ប៊ុក ដោយ​បាន​រិះគន់​ថា រដ្ឋាភិបាល​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​កសិករ រហូត​ដល់​ការ​និយាយ​បែប​លេង​សើច​ថា «​ដាំ​អាណា ថោក​អា​ហ្នឹង​»​។

បញ្ហា​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​លើក​ឡើង​ថា ជា​ករណី​មិន​ទូទៅ​ទេ ប៉ុន្តែ​ក៏​បាន​ជំរុញ​រដ្ឋាភិបាល​ត្រូវ​លូក​ដៃ​ឲ្យ​ជ្រៅ​បន្តិច​ក្នុង​ការ​អន្តរាគមន៍​ទីផ្សារ​ដើម្បី​ការពារ​ការ​ផលិត​ក្នុង​ស្រុក​។

កសិកម្ម​ជា​វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​ទាំង​បី​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ក្បាល​ម៉ាស៊ីន​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ដែល​មាន​វិស័យ​កាត់​ដេរ ទេសចរណ៍ និង​សំណង់​។

ដោយ​សារ​តែ​ភាគ​ច្រើន​នៃ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​កសិករ​នះ​ហើយ​ទើប​គណបក្ស​នយោបាយ​បាន​ដាក់​បញ្ចូល​បញ្ហា​កសិកម្ម​ក្នុង​គោល​នយោបាយ​អាទិភាព​របស់​ខ្លួន​។

គណបក្ស​ធំៗ​ពីរ​ដែល​ជា​គូ​ប្រជែង​យ៉ាង​ស្វិតស្វាញ​នឹង​គ្នា បាន​បង្អួត​គោល​នយោបាយ​ជំរុញ​ផលិតផល​កសិកម្ម​របស់​ខ្លួន​ក្នុង​អំឡុង​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​កន្លង​មក​។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹក​នាំ​ប្រទេស​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ​នៅ​តែ​បន្ត​សន្យា​លើក​កម្ពស់​វិស័យ​នេះ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ចាប់​យក​វិស័យ​នេះ​ដាក់​ក្នុង​គោល​នយោបាយ​ខ្លួន​ដើម្បី​ទាក់ទាញ​អ្នក​បោះឆ្នោត​ផង​ដែរ​។ ពួក​គេ​សុទ្ធ​តែ​ធានា​អះអាង​ថា​នឹង​ធ្វើ​ឲ្យ​ផលិតផល​កសិផល​ទទួល​បាន​ទីផ្សារ មាន​តម្លៃ​សមរម្យ​។

ក្នុង​មួយ​ទសវត្ស៍​ចុង​ក្រោយ​នេះ វា​ជា​ពេលវេលា​មាស​សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា។ វិស័យ​នេះ​ទទួល​បាន​កំណើន​ប្រចាំ​ឆ្នាំ​ក្នុង​អត្រា ​៥,៣​ ភាគរយ​ពី​ឆ្នាំ​ ២០០៤ ដល់ ២០១២ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​។ នេះ​បើ​តាម​ធនាគារ​ពិភពលោក​។

ទិន្នផល​ដំណាំ​ទាំង​អស់​បាន​កើន​ឡើង​៤​ភាគរយ​ក្នុង​អំឡុង ២០០៤-២០១២ ដែល​ការ​ពង្រីក​ផលិតកម្ម​ក្នុង​កម្រិត​តម្លៃ​ប្រកួត​ប្រជែង​បាន​ធ្វើ​ឲ្យ​កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​ខ្លួន និង​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ថៃ វៀតណាម និង​មីយ៉ាន់ម៉ា​ដោយ​ជោគជ័យ​។

របាយការណ៍​ធនាគារ​ពិភពលោក​បង្ហាញ​ថា ប្រាក់​ឈ្នួល​ក្នុង​វិស័យ​នេះ​បាន​កើន​ឡើង​ទ្វេដង​ក្នុង​មួយ​ទសវត្ស៍​ចុង​ក្រោយ​នេះ​។ ភាព​ជោគ​ជ័យ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​បាន​ជួយ ប្រជាជន​៤​លាន​នាក់​ឲ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ ដោយ​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ពី​៥០​ភាគរយ​នៅ​ឆ្នាំ​២០០៧ មក​នៅ​១៨​ភាគរយ​នៅ​ឆ្នាំ ២០១២​។

ប៉ុន្តែ​វិស័យ​នេះ​ហាក់​បាន​ដើរ​ថយ​ក្រោយ​ទៅ​វិញ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក​មាន​កំណើន​តែ​១​ភាគរយ​ប៉ុណ្ណោះ​។

តើ​វិស័យ​នេះ​នឹង​វិវឌ្ឍ​ទៅ​រក​កំណើន​កាន់​តែ​ទាប​ឬ​? តាម​អនុសាសន៍​ក្នុង​របាយការណ៍​របស់​ធនាគារ​ពិភព​លោក កម្ពុជា​ត្រូវ​ការពារ​វិស័យ​នេះ​ព្រោះ​កំណើន​របស់​វា​នៅ​តែ​សំខាន់​សម្រាប់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ពង្រីក​ទំហំ​សេដ្ឋកិច្ច​។

បច្ចុប្បន្ន​តម្លៃ​កសិក​ផល​បាន​ធ្លាក់​ចុះ​រាប់​ចាប់​តាំង​ពី​ស្រូវ បន្លែ សាច់ រហូត​ដល់​ម្រេច និង​ដំឡូង​ដែល​ជា​ដំណាំ​កសិកម្ម​ដ៏​មាន​សក្តានុពល​ក្នុង​ការ​លើក​កម្ពស់​ជីវភាព និង​កំណើន​សេដ្ឋកិច្ច​។

ស្រូវ​ជា​ដំណាំ​កសិកម្ម​ដ៏​សំខាន់ វា​ជា​ផលិតផល​នាំ​ចេញ​មួយ​ដ៏​មាន​សក្តានុពល​សម្រាប់​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច រហូត​ដល់​វា​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ឈ្មោះ​ថា​ «​មាស​ស​»​។

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​បាន​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​កំណើន​បាន​ធ្លាក់​ចុះ​ទាប​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ភាព​រង្គោះ​រង្គើ​បាន​កើត​ឡើង​នៅ​ក្នុង​ឧស្សាហកម្ម​ដ៏​សំខាន់​មួយ​នេះ នៅ​ពេល​បញ្ហា​ខាង​ក្រៅ​បាន​បន្ថែម​សម្ពាធ​ដល់​ឧស្សាហកម្ម​នេះ​ដែរ​។

បទពិសោធ​មិន​ធ្លាប់​មាន​កសិករ​នៅ​ខេត្ត​បាត់ដំបង​ដែល​ជា​ជង្រុក​ស្រូវ​របស់​កម្ពុជា​បាន​ចាក់​ស្រូវ​ចោល​កាលពី​ឆ្នាំ​ទៅ​ជា​ការ​មិន​សុខ​ចិត្ត​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​រហូត​ដល់​មិន​អាច​ទូទាត់​ថ្លៃ​ដើម​បាន​។ រដ្ឋាភិបាល​ទីបំផុត​ក៏​សម្រេច​បញ្ចេញ​ថវិកា ​២៧ ​លាន​ដុល្លារ​ដើម្បី​ទប់ស្កាត់​ការ​ធ្លាក់​ថ្លៃ​តាម​រយៈ​ការ​ផ្តល់​កម្ចី​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ដើម្បី​យក​ទៅ​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​សមរម្យ​។ រដ្ឋាភិបាល​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ ជនបទ​ក៏​បាន​វិនិយោគ​លើ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួត​នៅ​ខេត្តបាត់ដំបង​ផង​ដែរ ដើម្បី​ធានា​ដល់​ការ​ស្រូប​យក​ស្រូវ​ពី​កសិករ​ចៀសវាង​ការ​ក្រឡុក​តម្លៃ​ពី​ឈ្មួញ និង​ការហូរ​ចេញ​ទៅ​ប្រទេស​ជិត​ខាង​។

បើ​ទោះ​បី​យ៉ាង​នេះ​ក្តី កសិកម្ម​ដំណាំ​បន្លែ និង​ការ​ផ្គត់ផ្គង់​សាច់ ពិសេស​ការ​ចិញ្ចឹម​ជ្រូក ដែល​ជា​តម្រូវ​ការ​ប្រចាំ​ថ្ងៃ និង​បាន​រួម​ចំណែក​ដ៏​ធំ​ក្នុង​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​របស់​កសិករ​ហាក់​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិត​ដល់​នោះ​ទេ​។ កង្វះ​ការ​ផ្គត់ផ្គង់​បាន​តម្រូវ​ឲ្យ​កម្ពុជា​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ដើម្បី​បំពេញ​តម្រូវការ​។

ប៉ុន្តែ​សំណួរ​គឺថា បើ​ការ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​ទេ ចុះ​ហេតុ​អ្វី​ក៏​កសិករ​គ្មាន​ទីផ្សារ​ហើយ​យក​បន្លែ ផ្លែឈើ​ដែល​ដាំ​បាន​ទៅ​ចាក់​ចោល​? ហេតុ​អ្វី​កសិផល​ក្នុង​ស្រុក​មិន​អាច​ទៅ​ដល់​ទីផ្សារ​? ចុះ​ហេតុ​អ្វី​បាន​ជា​បន្លែ​ពី​ប្រទេស​ជិត​ខាង​អាច​ធ្វើ​ដំណើរ​រាប់រយ​គីឡូម៉ែត្រ​ចូល​មក​ទីផ្សារ​កម្ពុជា និង​ចែក​ចាយ​ស្ទើរ​ទូទាំង​ប្រទេស​?

លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ពន្យល់​ថា ការ​រៀបចំ​ផែន​ការ​មុន​ជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​លក់​ចេញ​។ លោក​ថ្លែង​ថា​៖ «​ការ​ចាក់​ចោល​នេះ​ដោយ​សារ​តែ​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​មិន​ស៊ី​ចង្វាក់​គ្នា ដោយ​សារ​គាត់​អត់​បច្ចេកទេស អត់​ចង​ក្រង​គ្នា​ជា​សហគមន៍ ដូច្នេះ​គ្មាន​អំណាច​ទីផ្សារ​ក្នុង​ការ​ភ្ជាប់​ជាមួយ​គេ​បាន​ទេ​»​។

លោក​បន្ត​ថា​៖ «​ដូច្នេះ​អ្វី​ដែល​យើង​ធ្វើ​ត្រូវ​មាន​ការគិត​មើល​ឲ្យ​បាន​ត្រឹម​ត្រូវ​ថា​ទីផ្សារ​នៅ​ឯណា គឺ​យើង​ត្រូវ​ភ្ជាប់​ទៅ​ទីផ្សារ​ឲ្យ​ហើយ ទាល់​តែ​យើង​ដឹង​ថា​ទីផ្សារ​យើង​នៅ​កន្លែង​ណា គេ​ចង់​បាន​អី តម្លៃ​ប៉ុន្មាន​សិន​។ យើង​ត្រូវ​ធ្វើ​ដើម្បី​ប្រទាក់​ក្រឡា​គ្នា​មុន​»​។

លោក ម៉ី កល្យាណ បន្ថែម​ថា រដ្ឋាភិបាល​មាន​តួនាទី​ក្នុង​ការ​ណែនាំ ផ្តល់​យោបល់​។ លោក​ថ្លែង​ថា​៖ «​ការងារ​រដ្ឋាភិបាល​ជួយ​បាន​ទាល់​តែ​គាត់​ជួយ​ខ្លួន​ឯង​សិន រដ្ឋាភិបាល​អាច​ណែនាំ​ឲ្យ​កសិករ​ធ្វើ​នេះ​ធ្វើ​នោះ​ជាដើម ប៉ុន្តែ​អ្វី​ដែល​សំខាន់ កសិករ​ខ្លួន​ឯង​ត្រូវ​សហការ​ក្នុង​ការ​ចង​ក្រង​ជា​បណ្តាញ​ក្នុង​សហគមន៍​ដើម្បី​ចរចា​ជាមួយ​អ្នក​ទិញ​»​។

លោក យ៉ង សាំង​កុមារ អ្នក​ជំនាញ​កសិកម្ម ឯកភាព និង​ជំរុញ​ឲ្យ​កសិករ​ត្រូវ​ចេះ​ចង​ក្រង​គ្នា​ធ្វើ​កសិកម្ម​បែប​ពាណិជ្ជកម្ម​។

លោក​ថ្លែងថា​៖ «​និយាយ​ឲ្យ​ខ្លី​ទៅ​គឺ​យើង​មិនទាន់​ចេះ​ដាំ​បន្លែ​ឲ្យ​ចូលមក​ទីផ្សារ យើង​មិនទាន់​ចេញ​សហការ​គ្នា​ដើម្បី​ចូល​មក​ទីផ្សារ មិន​មែន​អត់​ទីផ្សារ​ទេ បើ​គ្មាន​ទីផ្សារ​មិន​មែន​យើង​នាំចូល​បន្លែ​ពី​គេ​ទេ យើង​មិន​ត្រឹមតែ​ចេះ​ដាំ​ទេ តែ​យើង​ក៏ត្រូវ​ចេះ​លក់​ផង​ដែរ វា​ទាក់ទង​នឹង​សមត្ថភាព​យើង​ថា​តើ​ត្រូវ​ដាំ​អ្វី​ឲ្យ​ឆ្លើយ​តប​តាម​តម្រូវ​ការ​»​។

លោក​បន្ត​ថា កម្លាំង​កសិករ​យើង​ក្នុង​ការ​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​គឺ​នៅ​ខ្សោយ​។

ទោះបី​យ៉ាង​នេះ​ក្តី លោក យ៉ង សាំងកុមារ ដែល​បាន​បោះបង់​ចោល​ការងារ​កសិកម្ម​នៅ​អង្គការ​សង្គម​ស៊ីវិល ហើយ​ទៅ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​និយាយ​ថា រដ្ឋាភិបាល​ត្រូវ​ទប់ស្កាត់​ការ​នាំ​ចូល​ពី​ខាង​ក្រៅ​ខ្លះ ទោះបីជា​ទីផ្សារ​សេរី​ក៏​ដោយ​។

លោក​បន្ថែម​ថា​៖«​ទីមួយ​យើង​អន្តរាគមន៍​លើក​ស្ទួយ​របស់​ក្នុង​ស្រុក ធ្វើ​ម៉េច​ឲ្យ​ការ​ផលិត​ក្នុង​ស្រុក​មាន​តម្លៃ​ថោក ធ្វើ​ម៉េច​ឲ្យ​ប្រជា​ពលរដ្ឋ​ទិញ​របស់​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន និង​ទី​ពីរ​នៅ​ពេល​យើង​ឃើញ​បញ្ហា​មិន​ស្រួល​យើង​ត្រូវ​ផ្អាក​ការនាំ​ចូល​មួយ​រយៈពេល​សិន​ដើម្បី​ការពារ​ការ​ផលិត​ក្នុង​ស្រុក​»​។

ថ្មីៗ​នេះ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ពាណិជ្ជកម្ម​គ្រោង​បង្កើត​ម៉ាក​សមូហភាព​ម្រេច​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ម្រេច ខណៈ​គម្រោង​លើក​កម្ពស់​ការ​ផ្គត់ផ្គង់​បន្លែ​២០​លាន​ដុល្លារ​កំពុង​អនុវត្ត​នៅ​តាម​ខេត្ត​ដង​ទន្លេ​មេគង្គ​។

ប៉ុន្តែ​លោក ម៉ី កល្យាណ អះអាង​ថា​គេ​នៅ​មិនទាន់​ដឹង​ថា​គម្រោង​នេះ​ជោគ​ជ័យ​ឬ​យ៉ាង​ណា​ទេ​។

លោក​ថ្លែង​ថា​៖«​យើង​មិន​ដឹង​ថា​លទ្ធផល​យ៉ាង​ណា​ទេ ឲ្យ​ខ្ញុំ​និយាយ​ថា ជោគជ័យ ឬ​មិន​ជោគជ័យ​គឺ​ពិបាក​ណាស់ ប៉ុន្តែ​ពេល​នេះ​គេ [​រដ្ឋាភិបាល​]​កំពុង​ធ្វើ​»​។ លោក​បន្តថា បើ​គម្រោង​នេះ​ជោគជ័យ វា​នឹង​ជួយ​កាត់​បន្ថយ​ការ​នាំចូល​បន្លែ​រហូតដល់​៥០​ភាគរយ​។

តាម​ទិន្នន័យ​កម្ពុជា​ត្រូវ​បាន​នាំ​ចូល​បន្លែ​ជាង​ពាក់​កណ្តាល​ពី​ប្រទេស​ជិត​ខាង ពិសេស​វៀតណាម ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក ប្រមាណ​៤០០​តោន​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​គិត​ជា​ទឹក​ប្រាក់​មាន​ប្រមាណ​៣០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

កង្វះ​ទីផ្សារ​នាំ​ចេញ​ជា​រឿង​មួយ ប៉ុន្តែ​គ្មាន​ការ​កែច្នៃ និង​ការ​លើក​កម្ពស់​ទីផ្សារ​ក្នុង​ស្រុក​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​ផលិតផល​កសិកម្ម ព្រោះ​គេ​ម៉េច​នឹង​អាច​ពឹង​តែ​លើ​ការ​នាំ​ចេញ​វត្ថុ​ធាតុ​ដើម​ទៅ​ប្រទេស​ជិត​ខាង​ទៅ​កើត គេ​ក៏​ជា​ប្រទេស​កសិកម្ម គេ​ក៏​ត្រូវ​ចិញ្ចឹម​កសិករ​របស់​គេ​ដែរ​។

កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​គណៈ​រដ្ឋមន្ត្រី​ថៃ បាន​អនុម័ត​ថវិកា​សង្គ្រោះ​បន្ទាន់​ចំនួន ២២,៩​ពាន់​លាន​បាត​សម្រាប់​ឆ្នាំ​សារ​ពើពន្ធ​២០១៧ ដើម្បី​ជួយ​កសិករ​អភិវឌ្ឍ​ផលិតកម្ម​ឲ្យ​ស្រប​តាម​ទស្សនៈវិជ្ជា​សេដ្ឋកិច្ច​គ្រប់គ្រាន់ ដែល​ត្រូវ​បាន​ផ្តួច​ផ្តើម​ដោយ​អតីត​ព្រះមហាក្សត្រ Bhumibol Adulyadej​។

មូលនិធិ​នេះ នឹង​កំណត់​ទិសដៅ​កសិករ​ចំនួន​៤,៥​លាន​នាក់​នៅ​តាម​សហគមន៍​មូលដ្ឋាន​ចំនួន ១៩០១ ព្រម​ទាំង​ចំណាយ​លើ​ផលិតកម្ម​ដំណាំ ការ​បង្កាត់​ពូជ​សត្វ ផលិតកម្ម​ជីសរីរាង្គ និង​ជលផល ដើម្បី​អភិវឌ្ឍ​ផលិតកម្ម​របស់​កសិក​រទាំង​នោះ កាត់​បន្ថយ​ថ្លៃ​ផលិតកម្ម និង​បង្កើន​ផលិតភាព​។

រដ្ឋាភិបាល​ថៃ​នឹង​ផ្តល់​ថវិកា ២,៥​លាន​បាត​ក្នុង​ការ​ផ្តល់​មូលនិធិ​ដល់​សហគមន៍​នីមួយៗ​។ ក្នុង​គម្រោង​អភិវឌ្ឍន៍​ពាក់ព័ន្ធ​មួយ​ទៀត គណៈរដ្ឋ​មន្ត្រី​ថៃ​បាន​អនុម័ត​ថវិកា ២,៨៧​លាន​បាត​ដើម្បី​ជំរុញ​កសិករ​ដាំ​ស្រូវ​សរីរាង្គ និង​គ្រាប់​ធញ្ញ​ជាតិ ដែល​ឆ្លើយតប​នឹង​ការ​អនុវត្ត​កសិកម្ម​ល្អ (GAP) ក្នុង​រដូវ​ដាំ​ដុះ​ឆ្នាំ ២០១៧ ដល់​ឆ្នាំ​២០២១​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា កាលពី​សប្តាហ៍​មុន​ក៏បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​ស្តីពី «​គន្លង​ថ្មី​នៃ​កំណើន​វិស័យ​កសិកម្ម​កម្ពុជា​» ផង​ដែរ ដែល​ប្រមូល​ផ្តុំ​ដោយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ក្នុង​វិស័យ​កសិកម្ម​ដើម្បី​ឲ្យ​ពួក​គេ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​កំពុង​ជួប​ប្រទះ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​ក្រសួង​ត្រៀម​រៀបចំ​ថវិកា​ឆ្នាំ​២០១៨ សម្រាប់​ជួយ​ស្រោច​ស្រង់​វិស័យ​ស្នូល​របស់​សេដ្ឋកិច្ច​កម្ពុជា​មួយ​នេះ​។

បើ​យើង​មើល​ទៅ​អាជ្ញាធរ​ថៃ ពេល​កសិករ​គេ​ប្រមូល​ផល គេ​តែងតែ​រឹត​បន្តឹង​ការនាំ​ចូល​ពី​កសិករ​ខ្មែរ ដើម្បី​ការពារ​ប្រយោជន៍​កសិករ​គេ​ជាមុន ដែល​វិធានការ​នេះ​គេ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ទេ ដោយ​អះអាង​ថា​ជា​ទីផ្សារ​សេរី​។

លោក យ៉ង សាំង​កុមារ បាន​ឲ្យ​ដឹង​ថា ទីផ្សារ​សេរី​ក៏​ត្រូវ​គិត​ពី​អត្ថ​ប្រយោជន៍​កសិករ​ក្នុង​ស្រុក​ជា​មុន​ដែរ​។

​លោក​ថ្លែង​ថា​៖«​តាម​ពិត​យើង​អាច​បាន​ដូច​គេ​អ៊ីចឹង វា​គ្មាន​អ្វី​លំបាក​ទេ ប៉ុន្តែ​សំខាន់​យើង​មិន​ព្រម​ធ្វើ ខ្ញុំ​មិន​យល់​ដែរ ខ្ញុំ​រក​យល់​មិន​ឃើញ​! មិន​ដឹង​ថា​គាត់ [​រដ្ឋាភិបាល​] គិត​យ៉ាង​ម៉េច យើង​ចេះ​តែ​និយាយ​ថា ទីផ្សារ​សេរីៗ ចុះបើ​ទីផ្សារ​សេរី​យើង​ត្រូវការ​រដ្ឋាភិបាល​មក​ធ្វើ​អី រដ្ឋាភិបាល​ត្រូវ​តែ​លូក​ដៃ​អន្តរាគមន៍ ទីផ្សារ​សេរី​មែន ប៉ុន្តែ​យើង​ត្រូវធ្វើ​ឲ្យ​ទីផ្សារ​នោះ​យុត្តិធម៌ ដូច្នេះ​យើង​ត្រូវ​លូកដៃ​។ ក្នុងនាម​រដ្ឋាភិបាល​យើង​ត្រូវ​គិតពី​ជាតិ​មុន​»​។

ម្រេច​ជា​ករណី​មួយ ដែល​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ​យ៉ាង​ខ្លាំង ខណៈ​របាយការណ៍​ពី​ក្រសួង​កសិកម្ម​បង្ហាញថា ផលិតកម្ម​ម្រេច​កើន​ឡើង​ពីរ​ដង​ពី​ឆ្នាំ​ ២០១៦ ដល់ ២០១៧ និង​កើន​ឡើង​៨​ដង​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្តី​។ ដំឡូង​ជា​ដំណាំ​កសិកម្ម​នាំចេញ​ឈាន​មុខ​គេ​របស់​កម្ពុជា ហើយ​ជា​ដំណាំ​ធំ​ទី​ពីរ​បន្ទាប់ពី​អង្ករ​កំពុង​រង​វិបត្តិ​ធ្ងន់ធ្ងរ​រុំារ៉ៃ​ដោយ​សារ​គ្មាន​ទីផ្សារ​។

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​កសិកម្ម​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កន្លង​មក​ដោយ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នេះ​ទៅ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ដោយ​ក្រសួង​កសិកម្ម​ថា ការងារ​ស្វែងរក​ទីផ្សារ​ជា​ភារកិច្ច​របស់​ក្រសួង​ពាណិជ្ជកម្ម ខណៈ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជំរុញ​ឲ្យ​ក្រសួង​កសិកម្ម និង​កសិករ​ត្រូវ​សហការ​គ្នា​ធ្វើ​ការ​ឲ្យ​ឆ្លាត​វៃ ក្នុង​ការ​ធ្វើ​ការ​ដាំ​ដុះ​ឲ្យ​ត្រូវ​នឹង​តម្រូវ​ការ​។

កសិករ ខាត់ ឃៀង ដែល​ដាំ​ដុះ​ដំឡូង​លើ​ផ្ទៃដី​៧​ហិកតា​នៅ​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា អ្នក​ស្រី​ប្រមូល​ផល​បាន​១២០​តោន​នៅ​រដូវ​នេះ ប៉ុន្តែ​ត្រូវ​ខាតបង់​ទាំង​ស្រុង​។ អ្នក​ស្រី​បន្ត​ថា​៖ «​ខ្ញុំ​មិន​មាន​ជម្រើស​ទេ ខ្ញុំ​ធ្លាប់​ប្តូរ​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​ផ្សេង​ទៀត​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ​វា​នៅ​តែ​ខាត​បង់​»​។ អ្នក​ស្រី​បន្ត​ថា មុន​ពេល​ដាំ​ដុះ​ដំឡូង អ្នក​ស្រី​ធ្លាប់​បាន​ដាំ​ពោត សណ្ដែក ល្ង​។​ល​។

កសិករ ខាត់ ឃៀង បាន​បន្ថែម​ថា​៖ «​យើង​ដាំ​ដុះ​ដោយ​ប្រថុយ​ប្រថាន ដែល​មិន​មាន​នរណា​ម្នាក់​ធានា​ទីផ្សារ​សម្រាប់​យើង​នោះ​ទេ​។ កសិករ​មួយ​ចំនួន​នៅ​តំបន់​ខ្ញុំ​បាន​បោះបង់​ដោយ​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​អស់​ហើយ​»​។

បញ្ហា​កសិកម្ម​នឹង​បន្ត​ក្លាយ​ជា​ប្រធាន​បទ​ឃោសនា​មួយ​របស់​គណបក្ស​នយោបាយ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខណៈ​លោក យ៉ង សាំង​កុមារ ព្រមាន​ថា​៖ «​បើ​យើង​មិន​ចាប់​ធ្វើ​ពី​ឥឡូវ​ទេ យើង​នឹង​ជួប​បញ្ហា​ធំ​ក្នុង​វិស័យ​នេះ​»៕ ​ប្រភព៖ ភ្នំពេញប៉ុស្តិ៍

 

Loading...