(ពោធិ៍សាត់)៖ ផ្លូវជាតិលេខ៥៥ ដែលជាផ្លូវដំបូងគេនៅក្នុងប្រទេសកម្ពុជាសាងសង់ឡើងដោយមានការបត់បែនច្រើន ដើម្បីឆ្លងកាត់ភ្នំដ៏ខ្ពស់ភ្ជាប់ទៅខេត្តត្រាត ប្រទេសថៃ សាងសង់សម្រេចបានប្រមាណ ៨៥ភាគរយ គ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០១៨ ខាងមុខនេះ។ ផ្លូវជាតិលេខ៥៥ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញពីកម្ពុជា ទៅថៃ ក៏ដូចពីថៃមកកម្ពុជា ព្រមទាំងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក្នុងស្រុកវាលវែង ទៅកាន់ខេត្តពោធិ៍សាត់ផងដែរ។

ដើម្បីប្រាកដថាផ្លូវជាតិលេខ៥៥ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅកាន់ច្រកព្រំដែនកម្ពុជា-ថៃ គឺច្រកថ្មដា មានគុណភាពល្អប្រសើរសាងសង់ត្រឹមត្រូវទៅតាមបច្ចេកទេសនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណ ការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំមន្រ្តីក្រោមឱវាទធ្វើដំណើរចេញពីរាជធានីភ្នំពេញតាំងពីម៉ោង ៥ទៀបភ្លឺ ចុះទៅពិនិត្យគុណភាពផ្លូវមួយខ្សែនេះ។

ផ្លូវជាតិលេខ៥៥ មានប្រវែងសរុបជាង ១៨២គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមកម្ចីហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន ដែលមានទឹក ប្រាក់ប្រមាណ ១៣២លានដុល្លារអាមេរិក។ ក្នុងដំណើរចុះត្រួតពិនិត្យគុណភាពផ្លូវនេះ លោក ស៊ុន ចាន់ថុល បានពិនិត្យមើលជាពិសេស ទៅលើគ្រឹះផ្លូវ ដោយមានការវាស់ស្ទង់ទៅតាមឧបករណ៍ពិនិត្យគ្រឹះផ្លូវ។

ការពិនិត្យដំណើរការសាងសង់ផ្លូវនេះ គឺលោក ស៊ុន ចាន់ថុល បានពិនិត្យចាប់តាំងពីដើមផ្លូវរហូតទៅដល់ចុងផ្លូវ ពោលគឺឡើងរហូតទៅដល់លើភ្នំស្វារអិល។ ក្រោយការពិនិត្យលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការសាងសង់ផ្លូវជាតិលេខ៥៥ គឺមានគុណ ភាពល្អ និងគោរពបានត្រឹមត្រូវទៅតាមបច្ចេកទេស។

លោក ស៊ុន ចាន់ថុល បានចាត់ទុកការសាងសង់ផ្លូវជាតិលេខ៥៥នេះ គឺជាផ្លូវប្រវត្តិសាស្រ្តមួយនៅក្នុងប្រទេសកម្ពុជា ដែលមានផលលំបាកច្រើន។ ផលលំបាកនោះ គឺការសាងសង់ត្រូវឆ្លងកាត់ភ្នំយ៉ាងខ្ពស់ ដែលតម្រូវក្រុមការងារសាងសង់ប្រើប្រាស់បច្ចេសខ្ពស់ក្នុងការវាយទម្លុះភ្នំ និងបត់បែនច្រើននៅតាមចង្កេះភ្នំ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរឆ្លងកាត់ភ្នំ មុននឹងទៅដល់ច្រកទ្វារព្រំដែនថ្មដា។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានចាត់ទុកផ្លូវជាតិលេខ៥៥ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់កម្ពុជា ព្រោះថាផ្លូវនេះ ប្រើសម្រាប់ដឹកជញ្ជូនទំនិញពីកម្ពុជាទៅកំពង់ផែទឹកជ្រៅលឹមជាបាង នៅក្នុងប្រទេសថៃ ដើម្បីឆ្លងកាត់ទៅប្រទេសផ្សេង ក៏ដូចជាដឹកទំនិញ ពីប្រទេសផ្សេងចេញពីកំពង់ផែលឹមជាបាង មកក្នុងប្រទេសកម្ពុជា។ ក្រៅពីនោះផ្លូវមួយខ្សែនេះ ក៏នឹងជួយឲ្យប្រជាពលរដ្ឋក្នុងស្រុក វាលវែងងាយស្រួលក្នុងការដឹកជញ្ជូនកសិផលរបស់ពួកគេទៅកាន់ខេត្តពោធិ៍សាត់ផងដែរ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកវាលវែង ដែលធ្លាប់តែជួបការលំបាកពីអតីតកាលព្រោះតែគ្មានផ្លូវធ្វើដំណើរនោះ បានសម្តែងក្តីសប្បាយរីករាយជាខ្លាំងជាមួយការសាងសង់ផ្លូវជាតិលេខ៥៥នេះ។

លោកស្រី កា គឹមហួន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ដោយបង្ហាញពីការលំបាកជាច្រើនសម្រាប់ការធ្វើដំណើររបស់អ្នក ស្រីក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកវាលវែងក្នុងការធ្វើដំណើរទៅកាន់ទីរួមខេត្តពោធិ៍សាត់ ពេលដែលផ្លូវនេះមិនទាន់សាងសង់ឡើង។

លោកស្រី បានបញ្ជាក់ថា កាលពីពេលដែលមិនទាន់មានផ្លូវនេះ លោកស្រីត្រូវចំណាយពេលជាច្រើនថ្ងៃ និងត្រូវដេកផ្លូវថែមទៀតផង នៅពេលឡើងទៅខេត្តពោធិ៍សាត់ ដើម្បីទិញទំនិញម្តងៗ។

លោកស្រី គឹមហួន បានសម្តែងក្តីរីករាយជាខ្លាំងជាមួយការសាងសង់ផ្លូវជាតិលេខ៥៥នេះ ព្រោះបានជួយសម្រួលការធ្វើដំណើររបស់អ្នកស្រី ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ជាពិសេសជួយទាក់ទាញប្រជាពលរដ្ឋកាន់តែច្រើនទៅកាន់ស្រុកវាលវែង ហើយជួយធ្វើឲ្យការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥៥ មានប្រវែងសរុបចំនួន១៨២ ទទឹង៩ម៉ែត្រ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណ ១៣២លាន ពីរសែនដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវ DBST គិតចាប់ពីផ្លូវជាតិលេខប្រាំឋិតនៅចំនុចPK៩១+1៥០ តំបន់ក្រវាញរហូតដល់ស្រុកវាលវែង-ឃុំថ្មដា ជាប់ព្រំដែនកម្ពុជាថៃ មានទិសចរាចរណ៍ចំនួនពីរគន្លង។ ផ្លូវនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥៕ ប្រភព៖ freshnewsasia

Loading...