នៅ​ចំពោះមុខ​អ្នកគាំទ្រ​រាប់ពាន់នាក់ ក្នុង​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុង Los Angeles សហរដ្ឋអាមេរិក ថ្មីៗ​នេះ ម្ចាស់​ជើងឯក​ប្រយុទ្ធ​ក្នុង​ទ្រុង UFC កីឡាករ Conor McGregor បាន​និយាយ​យ៉ាង​ក្តែ​ងៗ​ថា លោក​នឹង​ប្តេជ្ញាចិត្ត​វាយ Floy Maywheather ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ តែម្តង នៅពេល​ពួកគេ​ទាំងពីរ នឹង​ប្រឈមមុខ​ដាក់គ្នា​ជា​លើកដំបូង​នៅ​ថ្ងៃទី​២៦ ខែកក្កដា ខាងមុខនេះ ។​

​ចំណែក​កីឡាករ​អ​តី​ជើងឯក​ទម្ងន់​ស្រា​លវ័យ ៤០ ឆ្នាំ Mayweather បាន​និយាយថា គាត់​ជា​មនុស្ស​ចាស់​ម្នាក់​ក៏ពិតមែន ប៉ុន្តែ នៅតែមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​វាយ McGregor ដែល​មិនមែនជា​កីឡាករ​ប្រដាល់​អាជីព​មួយ​នេះ ។​

Floy ក៏បាន​និយាយ​ចំអក​ទៅ McGregor ដោយ​អះអាងថា គាត់​គ្រាន់តែ​អាច​រកលុយ​បាន ៣ លាន​ដុល្លារ ប៉ុណ្ណោះ ក្នុងការ​ប្រកួត​ចុងក្រោយ​របស់គាត់ ។​

​ជាការ​ពិតណាស់ សកម្មភាព​ឌឺដង​ដាក់គ្នា​ឡើង​កក្រើក​នេះ បានធ្វើ​ឲ្យ​មហាជន ជាពិសេស​អ្នកគាំទ្រ អន្ទះសារ​យ៉ាងខ្លាំង ដែល​សឹងតែ​ពុំ​អាច​រង់​ចាំបាន ចំពោះ​ការ​ប៉ះគ្នា​ជា​លើកដំបូង​របស់​ជើង​ខ្លាំង​ទាំងពីរ​នេះ ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ ខាងមុខនេះ ៕



Loading...