វ៉ាស៊ីនតោន — កុលាលភាជន៍​ខ្មែរ​ដុត​នៅ​ក្នុង​ឡ​អុស​ ដែល​ល្បីឈ្មោះ​តាំងពី​សម័យ​អង្គរ​មក​នោះ ​បានល្បីឈ្មោះ​ម្តងទៀត​នៅសារមន្ទីរ​ដ៏​ល្បីល្បាញ​នៅ​វិចិត្រសាល Arthur M. Sackler Gallery របស់​សារៈមន្ទីរ Smithsonian ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ជាច្រើន​សតវត្សរ៍​ប្រទេស​កម្ពុជា ធ្លាប់​ល្បី​ឈ្មោះ​ចំពោះ​កុលាលភាជន៍​របស់​ខ្លួន ដែល​គេ​ដុត​នៅ​ក្នុង​ឡ​អុស។ ​ជំនាញ​សូន​ឆ្នាំង​ថូទឹកចាន និង​វត្ថុ​តាំង​លម្អ​ដ៏​ស្អាត​ទាំងនេះ ស្ទើរតែ​បាត់បង់​ទាំងស្រុង​ដោយសារ​របប​ខ្មែរក្រហម។ ​ នៅពេល​របប​នេះ បាន​ដួល​រលំ​ទៅ អ្នក​ដែល​ចេះ​ជំនាញ​នេះ​ច្បាស់លាស់ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​ នៅសល់​តែ​បី​នាក់​ប៉ុណ្ណោះ។​

លោកយ៉ារី លីវ៉ាន់ ជា​អ្នករស់រាន​មាន​ជីវិត​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងបី​នាក់​នោះ។ លោក​បាន​រួច​ជីវិត​ដោយសារ​តែ​លោក​បាន​សង់​ឡ​ធ្វើ​ក្បឿង​ប្រក់​ផ្ទះ​ឲ្យ​ពួកខ្មែរ​ក្រហម។

នៅ​ខែកក្កដា​នេះ​មាន​ការតាំងពិព័ណ៌​ស្នាដៃ​របស់​លោក​លីវ៉ាន់ ហើយ​លោក​បាន​មក​ធ្វើបទ​បង្ហាញ និង​បង្រៀនរបៀប​សូន​កុលាលភាជន៍​នៅ​វិចិត្រសាល​សម្រាប់​សិល្បៈ​អាស៊ាន​នៅ​អាមេរិក Asian Art in America​ នៃ​វិចិត្រសាល Arthur M. Sackler Gallery របស់​សារៈមន្ទីរ Smithsonian Museum និង​មជ្ឈមណ្ឌល ​ The District Clay Center ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

ក្រោយពី​ធ្វើបទបង្ហាញ​ លោក​យ៉ារី លីវ៉ាន់ ​បាន​ប្រាប់​វីអូអេ​អំពីបច្ចេកទេស​ថ្មី​ មិន​ប៉ះពាល់​បរិស្ថាន ​និង​ធ្វើ​ឲ្យ​កុលាលភាជន៍​មាន​សម្រស់​ស្អាត។ ​

«គេ​អញ្ជើញ​ខ្ញុំមក​ហ្នឹង ​ទីមួយ​គឺយើង​រក្សា​ស្នាដៃ​បុរាណ។ ​ទីពីរ​យើង​ច្នៃប្រឌិត​បច្ចេក​វិជ្ជាថ្មី​ ដូចជាប្រើឡ​ដុតអុស​ដែល​អត់មាន​ផ្សែង​ហ្នឹង។​ ទីបី​ ដែល​សំខាន់​គឺខ្ញុំ​បាន​ចែកចាយ​នឹង​បង្រៀន​បច្ចេកវិជ្ជា ​បច្ចេកទេស​ធ្វើ ​Ceremics (កុលាលភាជន៍)​បែប​បុរាណ​ហ្នឹង»។​

លោក​និយាយថា​ ឡ​បច្ចេកទេស​ខ្ពស់​ក្នុង​ការដុត​កុលាលភាជន៍​មាន​គុណភាព​ល្អនេះ​មានតែ​បួន​ប្រាំ​ប៉ុណ្ណោះ​នៅ​ស.រ.អា.។ ​ឡទាំងនេោះ​ធ្វើដោយ​អ្នកជំនាញ​មកពី​ជប៉ុន ​តែជា​ឡហ្គាស ឬឡ​អេឡិចត្រិច។​ មាន​តែឡ​ដែល​លោក​ធ្វើមួយ​គត់​ដែល​ប្រើអុស ​ហើយ​គ្មាន​ផ្សែង។ ​

លោក​និយាយថា ​ក្បាច់​ចម្លាក់​បុរាណ​ខ្មែរ​គួបផ្សំ​នឹង​ទឹកថ្នាំហើយនឹង​បច្ចេកទេស​ប្រើ​ឡដុត​អុសគ្មានផ្សែងមាន​កំដៅខ្លាំង​ មិនចាញ់ឡ​ដុត​ហ្គាស ​ឬ​ឡ​អេឡិចទ្រិក​នោះ ​ ​បាន​ធ្វើ​ឲ្យ​ក្បាច់​កុលាលភាជន៍​ខ្មែរ​ដែល​ជាស្នា​ដៃ​របស់លោក​ ​លេច​មុខមាត់​នៅ​សារមន្ទីរ​ដ៏ល្បី​នៅ​ស.រ.អា.​នេះ។​

«យើង​ដុតរយៈ​ពេលខ្លី។​ យើង​ប្រើ​ពេល​ត​ែ១២​ម៉ោង​ដូច​ឡ​ហ្កាស ឬក៏ឡ​អេឡិចត្រិចដែរក៏ប៉ុន្តែ​អត់​មាន​ផ្សែង ​ប៉ុន្តែគុណភាព​វា​ខ្ពស់។ ​ពណ៌​ទឹក​ថ្នាំចេញ​មក​ស្អាត»។​ ​

លោកស្រី ​Lousise Allison Cort ​មន្ត្រី​អភិរក្ស​កុលាលភាជន៍​នៅ​សារមន្ទីរ ​Smithsonian ​ទទួល​ស្គាល់ថា ​ស្នាដៃ​របស់​លោក​យ៉ារី លីវ៉ាន់​ល្អ​ឥតខ្ចោះ។​ ខ្សែជីវិត​របស់​លោក​ទាក់​ទាញ​អារម្មណ៍​ ព្រោះ​លោក​ជា​អ្នក​សិក្ស​ាស្រាវជ្រាវ​ច្នៃ​ប្រឌិត​ជានិច្ច ​ធ្វើ​ឲ្យ​រចនាបថ​កុលាលភាជន៍​ខ្មែរ​សម័យ​បុរាណ​មាន​មុខមាត់​ក្នុង​ឆាក​អន្តរជាតិ។ ​

«ដូច្នេះ​យើង​ដោយ​សារ​ហេតុផល​ថ្មីៗទាំង​នេះ​ យើង​រំភើប​ណាស់​ដែល​បាន​យក​ស្នាដៃ​របស់​លោក​ជាមួយ​នឹងស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ដែល​យើង​បាន​ជ្រើសរើស​យក​មក​បង្ហាញ​ហើយ​ដែល​ចាប់​អារម្មណ៍​លោក​ផង​ដែរ»។​

លោក​យ៉ារី លីវ៉ាន់​ ដែល​ជា​សាស្ត្រាចារ្យ​បង្រៀន​អំពីកុលាលភាជន៍​នៅ​មហា​វិទ្យាល័យ​សហគមន៍​ Middlesex ​ក្នុង​រដ្ឋ ​Massachusetts ​និងជា​ជ័យលាភី​រង្វាន់ ​National Heritage Fellowship​ក៏​បាន​ទៅបង្រៀន​ភ្ញៀវ​ធ្វើ​ថូទឹក​រាង​សត្វ​ដំរី​នៅ​មជ្ឈមណ្ឌល​ធ្វើកុលាលភាជន៍​The District Clay Center ​ផងដែរ។​

ក្នុងកម្ម​វិធី​ហាត់​សូន្យ​កុលាល​ភាជន៍​រូបដំរី​នេះ​មាន​អ្នក​ចូលរួម​ទាំង​ក្មេង​ទាំង​ចាស់​ប្រមាណ​៣០០នាក់​ក្នុង​មួយ​ថ្ងៃ​ដែលចែក​ជា​ច្រើន​វគ្គ និង​ច្រើន​ក្រុម។​ អ្នក​ចូល​រួម​ ទាំង​កុមារ ​និងមនុស្ស​ពេញ​វ័យ​ សុទ្ធតែ​ផ្តោត​អារម្មណ៍​ និង​ផ្ចិតផ្ចង់​សូន​កុលាលភាជន៍​របស់​ខ្លួន។ ​

នាង​ពិន ភូ ណាំ អតីត​សិល្បៈការិនី​សម្តែង​សៀក​កាយ​សម្ព័ន្ធ​ដ៏​ឆ្នើម​ម្នាក់ ​បាន​បង្ហាញ​ទឹក​ចិត្ត​រីករោយ​ដោយ​និយាយ​ថា ​នាង​មានមោទន​ភាពបាន​មកចូលរួម​កម្មវិធី​របស់​លោក​លីវ៉ាន់។

«លើកទីមួយ​ហើយ​ដែល​ខ្ញុំ​បាន​មក​ធ្វើរូប​ដំរី…ពេញ​ចិត្ត​ស្នាដៃ… ​មិននឹក​ថា​ ធ្វើ​បាន​អីចឹង​សោះ…​មុនហ្នឹង​ខ្ញុំមិន​ដឹងថា​ ចាប់​ផ្តើម​កន្លែង​ណា​ទេ។​ ដល់ពេល​ឥឡូវ មួយ​ជំហានៗ​ទៅរួច​ហ្នឹងគេ​ដែរ។ ​សប្បាយ​ណាស់!»។​

អ្នកដែល​រំភើប​ជាងគេ​គឺក្រុម​កុមារ​ដែល​មិននឹក​ថា ​ខ្លួន​អាច​សូន​រូបដំរី​បាន​ដូច​ដែល​ពួក​គេ​កំពុង​ធ្វើ​នេះ។ ​

អ្នកចូលរួម​អាច​រក្សា​ទុក​ស្នាដៃ​របស់​ពួក​គេ​ជា​អនុស្សាវរីយ៍ ។ ​

ថូទឹក​រាង​សត្វ​ដំរី​ដែល​ជា​ស្នាដៃ​របស់​លោក​លីវ៉ាន់​មាន​ដាក់តាំង​នៅ​វិចិត្រសាល​Sackler ​និង​នៅ​មជ្ឈមណ្ឌល​ធ្វើ​កុលាល​ភាជន៍​នេះ៕

ប្រភព៖ VOA

Loading...