អាណាព្យាបាល​កុមារី​រងគ្រោះ ដែល​ត្រូវ​ជនល្មើស​ជា​អតីត​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឈ្មោះ កង សុផាត ចាប់រំលោភ​បានសម្រេច បាន​អះអាងថា រយៈពេល​ជាង ៧​ឆ្នាំ​កន្លងមកនេះ កូនស្រី​ដ៏​កំសត់​របស់គាត់ ដែល​ត្រូវ​ជនល្មើស​ចាប់រំលោភ​ទើប​មាន​អាយុ ១១​ឆ្នាំ មិនទាន់​ទទួលបាន​យុ​ត្តិ​ធ៌​ម​ទេ ហើយ​ជន​ល្មោ​មកា​ម ឈ្មោះ កង សុផាត កំពុង​រស់នៅ​មាន​សេរីភាព ក្រៅ​មន្ទីរឃុំឃាំង​ដូច​មនុស្ស​គ្មាន​ទោស​។

​បញ្ហា​នេះ ឱ​ពុក​កុមារី​រងគ្រោះ រស់នៅ​ភូមិ ៣ សង្កាត់ ៣ ក្រុង​ខេត្ត​ព្រះសីហនុ បាន​លើកដៃ​សំពះ ស្នើ​ឲ្យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី ប៊ុន រ៉ានី ជា​ភរិយា តាមរយៈ​វេ​ប​សាយ «​ខ្មែរ​ស្ថាបនា​» អំពាវនាវ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ជំរុញ និង​ស្វែងរក​យុត្តិធម៌​ចាប់​ជនល្មើស​មក​ដាក់ពន្ធនាគា​រ​ចំនួន ៥​ឆ្នាំ និង​សង​ប្រាក់​ជំងឺ​ចិត្ត ៤០​លាន​រៀល ដល់​កូនស្រី​គាត់​។​

​ជាងនេះទៀត លោក យ៉ង ប៊ុនលី ក៏​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ជំនាញ ពិនិត្យ​លើ​វិធានការ​ផ្លូវច្បាប់ ដើម្បី​ឈានទៅ​អាច​រឹបអូស​ទ្រព្យសម្បត្តិ របស់​ជនល្មើស​ឈ្មោះ កង សុផាត រួមមាន​៖ រថយន្ត ផ្ទះ និង​ដីធ្លី​ជាដើម របស់ ឈ្មោះ កង សុផាត ប្រយោជន៍​ជួយ​អន្តរាគមន៍​ផ្តល់​សំណង​ជំងឺ​ចិត្ត​ចំនួន ៤០​លាន​រៀល តាម​អំណាច​សាលក្រម​ស្ថាពរ របស់​តុលាការ​កំពូល​បានកំណត់​។​

​ដោយមាន​ជីវៈ​ភាពក្រីក្រ និង​មានរ​បរជា​ជាងសំណង់​នោះ លោក យ៉ង ប៊ុនលី ឪពុក​កុមារី​រងគ្រោះ​រំលោភ​ផ្លូវភេទ រស់នៅ​ភូមិ ៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​ត្អូញត្អែរថា គ្រួសារ​គាត់ និង​កូនស្រី បាន​រង់ចាំ​យុត្តិធម៌​ជាង ៧​ឆ្នាំ​ហើយ គិត​មក​ត្រឹម​ថ្ងៃ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ ប៉ុន្តែ​បែរជា​ជនល្មើស​ឈ្មោះ កង សុផាត នៅមាន​សេរីភាព​ដើរហើរ​ក្រៅ​មន្ទីរ​ពន្ធនាគារ ហើយ​ប្រាក់​សំណង ៤០​លាន​រៀល ដែល​តុលាការ​កំពូល តម្រូវ​ឲ្យ​ជនល្មើស​ផ្តល់ជូន​កូនស្រី​គាត់ ក៏​មិនទាន់​ទទួលបាន​មួយ​កាក់​មួយ​សេន​ណា​ដែរ​។​

​លោក យ៉ង ប៊ុនលី ឲ្យ​ដឹងថា កូនស្រី​គាត់​ដែល​ត្រូវ​ជនល្មើស​ឈ្មោះ កង សុផាត ជា​អតីត​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់រំលោភ កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១០ គឺ​កាលនោះ​ទើប​មាន​អាយុ ១១​ឆ្នាំ​តែប៉ុណ្ណោះ​។

​ឱ​ពុក​កុមារី​រងគ្រោះ​រូបនេះ ឲ្យ​ដឹង​ដែរ​ថា សំណុំ​រឿងក្តី​ព្រហ្មទណ្ឌ ចាប់រំលោភ​កូនស្រី​គាត់​នេះ រូបលោក ក៏​ធ្លាប់​ដាក់ពាក្យ​បណ្តឹង​ល់​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​យុ​ត្តិ​ធ៌​ម​ជាដើម ពិសេស​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​ខុ​ទ្ធ​កាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ជួយ​អន្តរាគមន៍​ផងដែរ កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ ប៉ុន្តែ​គិត​មកដល់​ថ្ងៃ​សៅរ៍ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ មិនទាន់មាន​ដំណោះស្រាយ ឬ​មានការ​ឆ្លើយតប​មក​រូ​បលោក​សូម្បីតែ​ពាក្យ​មួយ​ម៉ាត់​ក៏​គ្មាន​ដែរ​។​

​សំណុំរឿង​ព្រហ្មទណ្ឌ​រំលោភ​សេពសន្ថវៈ​អនីតិជន មាន​អាយុ ១១​ឆ្នាំ ប្រព្រឹត្ត​នៅ​ភូមិ​៣ សង្កាត់​៣ កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១០ ត្រូវ​តុលាការ​កំពូល បានប្រកាស​សាលក្រម កាត់​ឲ្យ​ជនល្មើស ឬ​ជន​ត្រូវ​ចោទ ឈ្មោះ កង សុផាត ដែលជា​អតីតមន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ មានទោស​ជាប់គុក ឬ​ពន្ធនាគារ​ចំនួន ៥​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤០​លាន​រៀល ផ្តល់​ជូនទៅ​ឲ្យ​កុមារី​រងគ្រោះ​។​

​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ប្រចាំខេត្ត​ព្រះសីហនុ មួយចំនួន បង្ហាញ​ចម្ងល់​ថា ហេតុអ្វី​បានជា​សាលាដំបូង​ខេត្ត​នេះ អាច​អនុញ្ញាត​ឲ្យ​ឈ្មោះ កង សុផាត ដែល​កាលណោះ នៅ​ជា​ជនសង្ស័យ​នោះ អាច​គេច​ផុតពី​ការឃុំខ្លួន​នៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះទេ ព្រោះ​កាលនោះ ជនល្មើស​រូបនេះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចាប់បញ្ជូន​ខ្លួន នៅ​ចំពោះមុខ​សាលាដំបូង​ខេត្ត​ទៅហើយនោះ​។​

​ករណីនេះ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ខ្លះ បង្ហាញ​ការសង្ស័យថា សំណុំ​រឿងក្តី​ព្រហ្មទណ្ឌ រំលោភ​ផ្លូវភេទ​អនីតិជន ដែលមាន​ជនល្មើស​ឈ្មោះ កង សុផាត ជា​អតីត​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ទំនងជា​អាចមាន​អ្នករត់​ការ​ឲ្យ​ជនល្មើស​រូបនេះ អាច​មិន​ត្រូវបាន​សាលាដំបូង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ឬ​ហៅ​ម្យ៉ាង​ថា អាចមាន​សំណូក​ពុករលួយ ផ្តល់ជូន​មន្ត្រី​អនុវត្ត​ច្បាប់​មួយចំនួន​ហើយ​មើលទៅ ទើប​អាចជួយ​លៃលក​ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត បានរស់នៅ​មាន​សេរ​ភាព និង​បំពេញការងារ​ជា​មន្ត្រីនគរបាល​ជាធម្មតា​។​

​សំណុំ​រឿងក្តី​ផ្លូវភេទ​កុមារី​អាយុ ១១​ឆ្នាំនេះ មន្ត្រី​ឃ្លាំមើល​ការគោរព​សិទ្ធិមនុស្ស ប្រចាំខេត្ត​ព្រះសីហនុ ថ្លែងថា មាន​ភាពអយុត្តិធម៌​បំផុត សម្រាប់​កុមារី​រងគ្រោះ ហើយ​សំណុំ​រឿងនេះ នៅក្នុង​អំឡុង​ពេលនោះ សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​រង​ការរិះគន់​ធ្ងន់ធ្ងរ​ពី​សំណាក់​មហាជន ឬ​សាធារណៈជន ដោយ​ចោទ​ប្រព័ន្ធតុលាការ​កម្ពុជា មិន​យុ​ត្តិ​ធ៌​ម មាន​សំណូក​ពុករលួយ បក្សពួកនិយម និង​មិនមាន​ឯករាជ្យភាព​ជាដើម​។

​យ៉ាងណា​ក៏ដោយចុះ បន្តបន្ទាប់​មកទៀត សំណុំរឿង​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវភេទ​អនីតិជន​មួយ​នេះ ក៏បាន​លេចឮ ទៅដល់​ប្រចៀក របស់លោក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តាមរយៈ​ការផ្តល់​របាយការណ៍​ពិត របស់ លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នៅក្នុង​អំឡុងពេល​រូបលោក ត្រូវបាន​ថ្នាក់លើ​ផ្លាស់ប្តូរ​តួនាទី ឲ្យ​មកកាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ប៉ុន្មាន​ឆ្នាំមុន​។

​សំណុំរឿង​អ​យុ​ត្តិ​ធ៌​ម​មួយ​នេះ បាន​ឈានដល់ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចេញ​សេចក្តីប្រកាស ចុះ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦ ដោយបាន​សម្រេច​អនុវត្ត​វិន័យ ចំពោះ​អនុសេនីយ៍ទោ កង សុផាត មាន​តួនាទី​នាយរង​ផ្នែក​ព័ត៌មាន​លើ​វិស័យសេដ្ឋកិច្ច វប្បធម៌​អប់រំ និង​សង្គម នៃ​ការ​រិ​យា​ល័យ​សន្តិសុខ​ផ្ទៃក្នុង ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយបាន​ដកហូត​មុខតំណែង ឋានន្តរសក្តិ និង​បណ្តេញ​ផុត​ចេញផុត ពី​ក្រម​ខណ្ឌ​មន្ត្រី​នគរបាលជាតិ ដោយសារតែ​បុគ្គល​រូបនេះ ល្មើស​ពី​វិន័យ របស់​កងកំលាំង​នគរបាលជាតិ​។​

​សំណុំរឿង​នេះដែរ លោក ហួត វិចិត្រ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក៏បាន​ចេញ​ដីកា​បង្គាប់​មួយច្បាប់ ជូនទៅ​ឲ្យ​មន្ត្រីនគរបាល​យុ​ត្តិ​ធ៌​ម នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ព្រះសីហនុ ឲ្យ​តាម​ចាប់ខ្លួន ជនល្មើស​ឈ្មោះ កង សុផាត យកមក​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ដោយ​ជនល្មើស​រូបនេះ បាន​ជាប់ចោទ​ពីបទ​រំលោភ​សេព​សន្ធ​វៈ ឬ​រំលោភ​ផ្លូវភេទ​កុមារី​មិន​គ្រប់​អាយុ ប្រព្រឹត្ត​នៅ​ភូមិ​៣ សង្កាត់ ៣ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​ឆ្នាំ​២០១០​។ សំណុំរឿង​បទល្មើស​ព្រហ្មទណ្ឌ​មួយ​នេះ គឺ​ច្បាប់​មានចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៥ នៃ​ច្បាប់​ស្តីពី​ស្ថាន​ទម្ងន់ទោស​នៃ​បទឧក្រិដ្ឋ​។​

​ដីកា​បង្គាប់​ចេញ​ដោយ លោក ហួត វិចិត្រ បាន​បង្គាប់​ទៅ​នគរបាល​យុ​ត្តិ​ធ៌​ម តាម​ចាប់ខ្លួន ឈ្មោះ កង សុផាត ទៅតាម​សាលដីកា​ព្រហ្មទណ្ឌ​លេខ ៣៦៤ ចុះ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦ របស់​តុលាការ​កំពូល ព្រោះ​សាលដីកា​ព្រហ្មទណ្ឌ​មួយ​នេះ បាន​ចូល​ជា​ស្ថាពរ​រួចហើយ​។​

​យ៉ាងនេះ​ក្តី លោក យ៉ង ប៊ុនលី ឱ​ពុក​កុមារី​រងគ្រោះ​រំលោភ​ផ្លូវភេទ ដែលមាន​រូបរាងកាយ​ស្គមស្គាំង និង​មាន​សម្បុរ​ខ្មៅ ព្រមទាំង​មាន​វ័យ​ចំណាស់​ទៅហើយនោះ នៅ​គ្រា​បាន​នឹកគិត​ទៅដល់​ការស្វែងរក​យុ​ត្តិ​ធ៌​ម​ផ្តល់ជូន​កូនស្រី ដែល​បានអូសបន្លាយ​ពេល​ជាង ៧​ឆ្នាំ​មកហើយ​នោះ​។ លោក​បា​នស​ញ្ចឹ​ង​នឹង​គិត​មួយសន្ទុះ បន្ទាប់មក​បាន​លើកដៃ​សំពះ​ទទូច​ដង្ហោយ​រក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោកស្រី ប៊ុនរ៉ានី​ជា​ភរិយា ឲ្យ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​កូនស្រី​គាត់ ដែល​ត្រូវ​ជនល្មើស​ឈ្មោះ កង សុផាត ចាប់រំលោភ​បានសម្រេច ដែល​កាលណោះ​ទើប​មាន​អាយុ​១១​ឆ្នាំ​តែប៉ុណ្ណោះ​។

​និយាយ​ដល់​ត្រង់ចំណុច​នេះ លោក យ៉ង ប៊ុនលី ជា​ឱ​ពុក​កុមារី​រងគ្រោះ ដែលមាន​ជីវភាព​តោកយ៉ាក រក​ព្រឹក​ខ្វះ​ល្ងាច និង​មាន​ខ្ទម​សង់​នៅ​លើដី​ចំណីផ្លូវ​សាធារណៈ ដែល​អាជ្ញាធរ​ចាត់ទុកថា ខុសច្បាប់ មាន​ទីតាំងនៅ​ក្នុងភូមិ ៣ សង្កាត់ ៣ ក្រុង​ខេត្ត​ព្រះសីហនុ​រូបនេះ បាន​យំ​ខ្សិក​ខ្សួល​អ៊ួ​ល​ដើម​ក ព្រមទាំង​បាន​ស្រក់​ទឹកភ្នែក​ហូរ​កាត់​ថ្ពាល់​ជ្រីវជ្រួញ របស់គាត់​ដោយ ដែល​បញ្ជាក់​ពី​អារម្មណ៍​ខ្លោចផ្សារ និង​ឈឺចាប់​ក្រៃលែង​។ លោក យ៉ង ប៊ុនលី បន្ថែម​ក្នុង​កាយវិកា​លើកដៃ​ជូន​ទឹកភ្នែក​ថា គិត​មកដល់​ថ្ងៃ​សៅរ៍ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​ទៅហើយ នៅឡើយ​កូន​គាត់​មិនទាន់​ទទួល​យុ​ត្តិ​ធ៌​ម​ទៀត​។ ជាពិសេស​សមត្ថកិច្ច​គ្រ​ប់​លំដាប់ថ្នាក់ មិនទាន់​ចាប់បាន​ជនល្មើស​ឈ្មោះ កង សុផាត យកមក​ដាក់ពន្ធនាគា​រ​នៅឡើយ ហើយ​ជនល្មើស​រូបនេះ អាច​រស់​នៅមាន​សេរីភាព នៅក្រៅ​មន្ទីរឃុំឃាំង​។ ចំណែក​កូនស្រី របស់គាត់ ក៏​មិនទាន់​ទទួលបាន​ប្រាក់​សំណង​ជំងឺ​ចិត្ត ដែល​តុលាការ​កំពូល តម្រូវ​ឲ្យ​ជនល្មើស​រូបនេះ សងជំងឺចិត្ត ៤០​លាន​រៀល សូម្បី​មួយ​សែន​ក៏​គ្មាន​ដែរ​។​

​ទាក់ទិន​បញ្ហា​នេះ លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ស្ថាប័ន​ខ្លួន បានដាក់​ពង្រាយ​នៅតាម​មូលដ្ឋាន​នេះ​ជាប្រចាំ ដើម្បី​រង់ចាំ​ឃ្លាំមើល​ក្រែង​ជនល្មើស​ឈ្មោះ កង សុផាត លបលួច​ចូល​ផ្ទះ ឬ​មូលដ្ឋាន​នេះ​ជា​រៀងរាល់ថ្ងៃ​។​

​លោក ជួន ណា​រិន្ទ អះអាងថា បច្ចុប្បន្ននេះ ជនល្មើស​ឈ្មោះ កង សុផាត ដែលជា​អតីត​នគរបាល​ខេត្ត​ព្រះសីហនុ គឺ​មិន​រស់នៅក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​នោះទេ​។ ហើយ​ករណីនេះ​សមត្ថកិច្ច​ជំនាញ របស់លោក បាន​បន្ត​ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា​នេះ​ជាប្រចាំ​ថ្ងៃ ព្រោះ​មាន​ដីកា​ស្ថាពរ​ពី​តុលាការ​កំពូល បង្គាប់​ឲ្យ​នាំខ្លួន ឃុំខ្លួន​ជនល្មើស​ឈ្មោះ កង សុផាត​នេះ​រួចហើយៗ បើ​ជនល្មើស​រូបនេះ បង្ហាញ​វត្តមាន​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ សមត្ថកិច្ច នឹង​ចាប់បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ភ្លាមៗ​ជាពុំខាន​នោះទេ​៕ ខ្មែរ​ស្ថាបនា​

Loading...