ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម នៅ​ថ្ងៃ​នេះ បាន​ប្រកាស​ថា ខេត្ត​ចំនួន​បី ដែល​ស្ថិត​នៅ​អម​សង​ខាង​ដង​ទន្លេ​មេគង្គ​លើ អាច​ប្រឈមនឹង​ទឹ​កជំនន់ ចាប់​ពី​ថ្ងៃ​ទី ២០ ឬ ២១ ខែ កក្កដា ខាង​មុខ​នេះ។ ខេត្ត​ទាំង​បី​នោះ​ រួម​មាន ខេត្តស្ទឹង​ត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម។ ចំណែក​កម្ពស់​ទឹក​ទន្លេ​មេគង្គ​វិញ ក៏​ត្រូវ​បាន​ក្រសួង​ធន​ធាន​ទឹក​ ព្យាករណ៍​ថា នឹង​បន្ត​ហក់​ឡើង​ជា​លំដាប់ តែ​មិន​ទាន់​ឈាន​ដល់​កម្រិត​កម្ពស់ ប្រកាស​អាសន្ន​នៅ​ឡើយ​នោះ​ទេ។

មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ខេត្ត​នៅ​អម​សង​ខាង​ទន្លេ​មេគង្គ​លើ ប្រឈម​នឹង​ទឹកជំនន់ និង​កម្ពស់​ទឹក​ទន្លេ​មេគង្គ បន្ត​ហក់ឡើង ដោយ​សារ​តែ កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​កូន​ព្យុះ ឈ្មោះ ​តា​ឡាស ដែល​ជា​ព្យុះ​ទី​៤ ប្រ​ចាំ​ឆ្នាំ​ ២០១៧​ ។ កូន​ព្យុះ​តា​ឡាស​ បាន​កើត​ឡើង និង​កំពុង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ខណៈ​ពេល​នេះ។ ក្រៅ​ពី​ទន្លេ​មេគង្គ ក្រសួង​ធនធាន​ទឹក ក៏​បាន​ព្យាករណ៍​ដែរ​ថា ស្ថាន​ភាព​កម្ពស់​ទឹក​ទន្លេ​មេគង្គក្រោម ទន្លេ​សាប និង​ទន្លេ​បាសាក់ ក៏​នឹងបន្ត​ហក់​ឡើង​ផង​ដែរ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឥទ្ធិពល​របស់​កូន​ព្យុះ តា​ឡាស និង​ប្រព័ន្ធ​សម្ពាធ​ទាប ធ្វើ​ឲ្យ​ភ្លៀង​បន្ត​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្របខណ្ឌ​ទូ​ទាំង​ប្រទេស​កម្ពុជា រហូត​ដល់​ថ្ងៃ​ទី ២១ កក្កដា​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹក ស្តីពី​ស្ថាន​ភាព​អាកាស​ធាតុ និង​កម្ពស់​ទឹក​ទន្លេ​មេគង្គ ចុះ​ថ្ងៃ​ទី ១៦ កក្កដា​។

បើ​តាម​ការ​ព្យាករណ៍ កូន​ព្យុះ​នេះ​នឹង​រំកិល​ខ្លួន​ចូល​ទៅ​ក្នុង​ឈូង​សមុទ្រ​កុង​តឹង រួច​បន្ត​ដំណើរ​ទៅ​ដល់​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​របស់​ទឹក​ទន្លេ​មេគង្គ ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេ​មេគង្គ ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ចាប់ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ២១ កក្កដា។​

ប្រឈម​នឹង​បញ្ហា​នេះ ក្រសួង​ធន​ធាន​ទឹក បានអំ​ពាវនាវ​ឲ្យ អាជ្ញាធរ​ដែន​ដី និង​ប្រជាពលរដ្ឋ ដែល​រស់​នៅ​តាម​ដងទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេបាសាក់ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន ចំពោះ​ស្ថាន​ភាព​ទឹក​ទន្លេ ដែល​បន្តហក់​ឡើង​នេះ និង​រួស​រាន់​ប្រមូល​កសិផល​ឲ្យ​បាន​ទាន់​ពេល​វេលា​។ ចំណែក​នៅ​តំបន់​មាត់​សមុទ្រ​វិញ អាជ្ញា​ធរ​ក៏​បានក្រើន​រំឮក​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំង​អស់​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​។

លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក បាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៧​នេះ របាយ​ទឹក​ភ្លៀង​ នៅរដូវវស្សា អាច​នឹង​មាន​ច្រើន​ជាង​ឆ្នាំ​មុន​ ហើយ​ភូមិសាស្រ្ត​តំបន់​ទំនាប​កណ្តាល អាច​នឹង​រង​ជំនន់​ទឹក​ភ្លៀង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ខ្លាំង​។ ទន្ទឹម​​នឹង​​ការ​​រៀប​​ចំ​ប្រព័ន្ធ​រំដោះ​ទឹក​​ជំនន់ ខេត្ត​​បន្ទាយ​មាន​ជ័យ ​គឺ​ជា​ខេ​ត្ត​​គួរ​ឲ្យ​បារម្ភ​នឹង​ទឹកជំនន់​ជាង​គេ ​ដោយ​សារ​ខេត្ត​នេះ​អាច​នឹង​រង​ជំនន់​ទឹក​ភ្លៀង​ខ្លួន​ឯង​ផង ព្រម​ទាំង​ជំនន់​ពី​ប្រទេស​ថៃ​ផង​ដែរ​៕ ប្រភព៖ RFI

Loading...