វីរៈភាពរបស់មេឆ្មាមួយនេះ ធ្វើឲ្យជនជាម្តាយឪពុកមួយចំនួនតូចសុំ…ខ្មាស់!
មេឆ្មា១ក្បាលនេះបានសំរុកចូលភ្នក់ភ្លើង ៥ លើក ហើយរងរបួសទល់សន្លប់ ។ រឿងរ៉ាវស្ថិតនៅក្រោយទង្វើរនេះ ធ្វើឲ្យមនុស្សខ្លះ…. សុំខ្មាស់ ។
ឆ្មាត្រូវបានដាក់ឈ្មោះថា Scarlett ជាមេឆ្មាមានកូន ៥ កំពុងរស់នៅយ៉ាងសុខសាន្ត ក្នុងអគារទុករថយន្តមួយនាបុរីញូវយ៉ក ។ ប៉ុន្តែ ថ្ងៃមួយអណ្តាតភ្លើងបានលេបត្របាក់ជម្រករបស់ពួកវា ។ កូនឆ្មាទាំង៥ បានជាប់គាំងក្នុងជម្រក ។
កូនឆ្មាទាំង៥នៅតូចៗ ពុំអាចភៀសខ្លួនចេញបាន ហើយប្រាកដណាស់ ពួកវានឹងត្រូវឆេះខ្លោច ។ ភ្ញាក់ងារពន្លត់អគ្គីភ័យ ដែលកំពុងបំពេញការងារ បានឃើញ Scarlett ស្ទុះចូលក្នុង «សមុទ្រភ្លើង» ម្តងហើយ ម្តងទៀត ។ គេឃើញវាពាំចេញម្តង១ៗ នូវកូនឆ្មា ៥ ក្បាល ។ តែវារងការរលាកភ្លើងយ៉ាងខ្លាំង ។
ត្រចៀករបស់វាត្រូវឆេះឡើងខ្លោច លើខ្លួនពោរពេញដោយស្នាមរលាកធំៗ ។ រីឯរោមត្រូវឆេះខ្លោច…. ។ ការសំរុកចូលសង្គ្រោះកូនរបស់វា បានធ្វើឲ្យវាដួលគ្រឹបសន្លប់បាត់ ។ ភ្ញាក់ងារសង្គ្រោះអគ្គីភ័យបាននាំវាទៅកាន់មន្ទីរពេទ្យ ។
សកម្មភាពដ៏ក្លាហានរបស់មេឆ្មានេះ ធ្វើឲ្យបណ្តាញសង្គមកក្រើករំជួល ។ Scarlett និងកូនទាំង៥ ជាឆ្មាអនាថា ពុំមានម្ចាស់ គ្មានអ្នកណាសងថ្លៃព្យាបាលឲ្យពួកវាទេ ។ ក្រោយពេលដឹងរឿងនេះ មនុស្សជាច្រើនបានសុំទទួលចិញ្ចឹមពួកវាទាំង ៦ ក្បាល ។ ចុងក្រោយ វាបានជួបនូវម្ចាស់របស់វា ។
បណ្តាអង្គការការពារសត្វរបស់អាមេរិក បានបង្កើត «ពានរង្វាន់ Scarlett» សំរាប់ផ្តល់ឲ្យសត្វដែលមានវីរៈភាព ។ រីឯ Scarlett និងកូនៗ បានរកឃើញជម្រកថ្មីហើយ ។
ពិតណាស់! «ម៉ែ» គឺជាពាក្យសាមញ្ញ តែឧត្តុងឧត្តមបំផុត សំរាប់មនុស្ស ឬ សត្វលោកនិយាយរួម ។ នេះជាបង្អែកដ៏រឹងមាំបំផុតសំរាប់កូនៗដូចសុភាសិតមួយពោលថាៈ «ស៊ូបាត់បា កុំឲ្យបាត់មេ ស៊ូលេចទឹកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ!» ៕