ភ្នំពេញៈ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី​ មូរ សុខហួរ ​បាន​បញ្ជាក់​ថា​លោកស្រី​រួម​នឹង​មេដឹកនាំ​កំពូលៗ​ដទៃ​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ជាមួយ​អតីត​ប្រធាន​គណបក្ស​គឺ​លោក​ សម រង្ស៊ី ​នៅ​ទីក្រុង​ហុងកុង​កាលពី​សប្តាហ៍​មុន​ដើម្បី​ «​គោរព​» ចំពោះ​អតីត​មេដឹកនាំ​របស់​ពួកគេ មុន​ពេល​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដ៏ចម្រូង​ចម្រាស ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ដែល​ហាមឃាត់​ពួកគេ​មិន​ឲ្យ​ «​រួម​គំនិត​សហការ​ជាមួយ​លោក​ «​សម រង្ស៊ី​»​។

លោកស្រី​បាន​ថ្លែង​តាមរយៈ​អ៊ីមែល​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា​៖ «​ចាស​ខ្ញុំ​នៅ​ទីក្រុង​ហុងកុង​ដើម្បី​បង្ហាញ​ការ​គោរព​ដល់​លោក​ សម រង្ស៊ី​»​។ រួម​ដំណើរ​ជាមួយ​លោកស្រី​ សុខហួរ មាន​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ ប៉ុល ហំម អនុប្រធាន​គណបក្ស​រួម​ជាមួយ​លោក​ អេង ឆៃអ៊ាង និង​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ទៀត​។

សារ​នៅក្នុង​អ៊ីមែល​របស់​លោកស្រី​ សុខហួរ បាន​បន្ត​ទៀត​ថា​៖ «​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​បាន​បង្ខំ​ឱ្យ​យើង​ដក​ខ្លួន​ចេញ​ពី​លោក​ សម រង្ស៊ី​»​។

ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ត្រូវ​បាន​សភា​អនុម័ត​កាលពី​សប្តាហ៍​មុន ដែល​ច្បាប់​នេះ​ក៏​បាន​ហាមប្រាម​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យ​ប្រើប្រាស់​រូបភាព ឬ​សកម្មភាព​របស់​លោក ​សម រង្ស៊ី​ ផង​ដែរ​។

លោកស្រី​ មូរ សុខហួរ បាន​សន្យា​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​គោរព​ទៅ​តាម​ច្បាប់​ដ៏ចម្រូង​ចម្រាស​នេះ ប៉ុន្តែ​លោកស្រី​បាន​បន្ថែម​ថា​ឥទ្ធិពល​របស់​លោក ​សម រង្ស៊ី មិន​អាច​ត្រូវ​បាន​ដក​ចេញ​ទាំង​ស្រុង​ពី​ទិដ្ឋភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​បាន​ទេ​។

លោកស្រី​ថ្លែង​ថា​៖ «​ប្រជាជន​កម្ពុជា​ដែល​ចង់​បាន​ការ​ផ្លាស់ប្តូរ​នឹង​នៅ​តែ​ស្ថិត​លើ​ផ្លូវ​តែ​មួយ​ដដែល​។ យើង​នឹង​គោរព​ទៅ​តាម​ច្បាប់ ប៉ុន្តែ​យើង​គឺជា​ សម រង្ស៊ី​»​។

លោក សម រង្ស៊ី ក៏​បាន​រិះគន់​ដល់​ច្បាប់​នេះ​ផង​ដែរ​នៅ​លើ​បណ្តាញ​សង្គម Twitter ដែល​បាន​ចោទប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ពី​បទ​ហាមប្រាម​មិន​ឲ្យ​ប្រើប្រាស់​រូបភាព​របស់​លោក​ទាំង​ស្រុង​។

លោក សម រង្ស៊ី ​បង្ហោះ​សារ​នៅ​លើ Twitter អម​ដោយ​រូបថត​មួយ​ចំនួន​ថា​៖ «​រូបថត​ទាំង​នោះ​ត្រូវ​បាន​គេ​ហាមឃាត់​។ គ្មាន​នរណា​ម្នាក់​អាច​ដាក់​តាំង​បង្ហាញ​រូបថត​ទាំង​នោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ​។ បើ​អ្នក​ណា​ត្រូវ​បាន​គេ​ចាប់​បាន​ជាមួយ​នឹង​រូបថត​នេះ នោះ​នឹង​ត្រូវ​ដាក់​ទោស​»​។

លោក​ សម រង្ស៊ី បាន​បញ្ជាក់​បន្ថែម​តាមរយៈ​អ៊ីមែល​កាលពី​ម្សិលមិញ​ថា​៖ «​បើ​អ្នក​ណា​ម្នាក់​ចង់​ដាក់​តាំង​បង្ហាញ​រូបថត​របស់​ខ្ញុំ​នោះ​ទំនង​គាត់​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ … ហើយ​នៅ​ពេល​ដែល​រូបថត​របស់​ខ្ញុំ មិន​អាច​ដាក់​តាំង​បង្ហាញ​នៅ​កន្លែង​សាធារណៈ​ណា​មួយ​បាន​នោះ​ការ​ហាមឃាត់​នេះ​គឺ​ដូច​គ្នា​ទៅ​នឹង​ការ​ហាមឃាត់​ជាទូទៅ​ដែរ​»​។

ច្បាប់​មិន​ហាមឃាត់​បុគ្គល​ជាក់លាក់​ណា​មួយ​ថា​មិន​ឲ្យ​កាន់​រូបថត​របស់​ជន​ទណ្ឌិត​នោះ​ទេ​ហើយ​ក៏​មិន​ហាមឃាត់​ជាក់ស្តែង ចំពោះ​រូបភាព​ឧក្រិដ្ឋជន ដែល​លេចចេញ​ជា​សាធារណៈ​ដែរ​។

ទោះ​ជា​យ៉ាងណា​អ្នក​វិភាគ​នយោបាយ​លោក អ៊ូ វីរៈ ​បាន​មាន​ប្រសាសន៍​ថា​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​មាន​ «​សិទ្ធិ »​សួរ​ថា តើ​ [​ច្បាប់​] ​នឹង​ត្រូវ​បាន​គេ​បកស្រាយ​យ៉ាង​ណា​?»​។ ប៉ុន្តែ​លោក វីរៈ បាន​បញ្ជាក់​ថា​៖ «​នេះ​គឺ​កម្ពុជា​ហើយ​ច្បាប់​អាច​ត្រូវ​បាន​គេ​បកស្រាយ​ទៅ​តាម​អ្វី​ដែល​អ្នក​មាន​អំណាច​ចង់​បាន​»៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Loading...