មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​នៃ​ក្រសួង​សុខាភិបាល​ បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ថា​ជំងឺ​គ្រុន​ឈាម​នឹង​ផ្ទុះ​រាត​ត្បាត​នៅ​ក្នុង​ឆ្នាំ២០១៧​។ អាច​ផ្ទុះ​រាតត្បាត​ដោយសា​រខេត្តមួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពជា​ នាខណៈ​ពេល​នេះ ​កំពុង​តែ​រងគ្រោះ​ដោយ​ទឹក​ជំនន់​ ហើយ​នៅ​ពេល​ដែល​ទឹកស្រក​ទៅ​វិញ​ អាច​នឹង​បង្ក​ឲ្យ​មាន​ទឹកដក់​ ក្លាយ​ជា​ទី​ជម្រក​របស់​សត្វ​មូស​ខ្លា​។

អត្ថបទ​ដោយ​៖ ប៊ុន​ សៅ​សុភ​នាថ​ និង​ ហេង​ ពុធីរៈ​

លោកហ៊ុយ​ រ៉េ​កុល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ នៅ​ថ្ងៃទី​២៧​ កក្កដា​ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារំាង​អន្តរជាតិ​ថា ​ឆ្នាំ​២០១៧​នេះ​គឺ​ជា​ឆ្នាំ​ចុងក្រោយ​ដែលអាច​មានករណី​រាតត្បាត​នៃជំងឺ​គ្រុនឈាម​​ និង​ជាទូទៅ​វាកើត​ឡើង​រៀង​រាល់​៣ទៅ៥ឆ្នាំ​ម្តង​។ លោក​បានព​ន្យល់ថា​ នៅ​ពេល​ដែល​មាន​ទឹកជន់​ឡើង​ គឺមិន​មាន​គ្រោះ​ថ្នាក់​អ្វី​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​គ្រុន​ឈាម​នោះទេ​ តែ​បញ្ហា​ប្រ​ឈម​គឺនៅ​ពេល​ដែល​ទឹក​ស្រក​ទៅ​វិញ​។

ដោយ​សារ​នេះ​ជា​រដូវ​វស្សា ​មាន​ភ្លៀងធ្លាក់​ខ្លាំង​ បណ្តាល​ឲ្យ​មាន​ទឹកជំនន់​តាម​ខេត្ត​មួយ​ចំនួន​ ដូចជា​ ព្រះវិហារ​ កំពង់ធំ​ ឧត្តរមាន​ជ័យ​ជាដើម​។ ប្រ​ឈម​នឹងបញ្ហា​នេះ ​ក្រសួង​បាន​ជូន​ដំណឹង​ទៅ​គ្រ​ប់ខេត្ត​គោលដៅ​មួយ​ចំនួន​ ឲ្យ​បង្កើន​ការប្រុង​ប្រយ័ត្ន​ ហើយក្រ​សួង​ក៏​ត្រូវ​ត្រៀម​ថ្នាំ​អាល់ប៊ែត​ និង​កម្លាំង​ដើម្បី​ការពារ​ជំងឺ​គ្រុន​ឈាម​ទុក​ជាមុន​។

ទន្ទឹម​នឹង​នេះ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ បាន​អះ​អាង​ថា​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​ ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជាជន​គ្រប់រូ​ប ​ជា​ពិសេស​នៅ​តាម​តំបន់​ដែល​មាន​ទឹក​លិច​ហើយ​រៀប​នឹង​ស្រក​ទៅ​វិញ​ ព្រោះ​ថា​ពេល​មាន​ទឹក​ដក់​និង​ដង្កូវ​ទឹក​ បណ្តាល​ឲ្យ​កើត​មាន​មូស​ខ្លា​ច្រើន​ ដូច្នេះ​ប្រជា​ពល​រដ្ឋ​ត្រូវ​សម្អាត​បរិស្ថាន​នៅ​ក្នុង​និង​ជុំវិញ​ផ្ទះ​សម្បែង​។

តាម​របាយ​ការណ៍​របស់​មជ្ឈ​មណ្ឌល​ជាតិ​ ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ ប៉ារ៉ា​ស៊ី​តសាស្ដ្រ​ ក្នុង​រយៈពេល​៦ខែ​ដើម​ឆ្នាំ​២០១៧​នេះ ​ជំងឺ​គ្រុនឈាម​មាន​១,១៣៣​ករណី ​ហើយ​មាន​អ្នក​ស្លាប់​ចំនួន​១នាក់ ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៦​ ជំងឺ​គ្រុន​ឈាម​មាន​ ២,៤៤៧​ករណី ​ហើយមាន​អ្នក​ស្លាប់​ចំនួន​៥នាក់​។

គួរ​កត់​សម្គាល់​ថា ​ជំងឺ​គ្រុន​ឈាម​នេះ​មិន​មែន​ត្រឹម​តែ​ជា​បញ្ហា​ប្រឈម​តែ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ។ ​នៅប្រទេស​ស្រី​លង្កា​ក្នុង​ឆ្នាំ២០១៧​នេះ ​មាន​មនុស្ស​ជាង​ ៣០០​នាក់​បាន​បាត់​បង់​ជីវិត​ ដោយ​សារ​វីរុស​គ្រុន​ឈាម​ ខណៈ​ដែល​កាល​ពី​ពេល​ថ្មី​ៗនេះ​ ប្រទេស​ស្រី​លង្កា​បាន​ទទួល​រង​ដូចគ្នា​ដែរ​ នូវ​ភ្លៀង​មូសុង​ និង​ទឹក​ជំនន់​ដែល​បាន​បន្សល់​ទុក​នូវ​ទឹក​ដក់​ស្អុយ​ និង​សម្រាម​កខ្វក់​៕ ប្រភព៖ RFI