​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​៩ ខែសីហា យន្ត​នោះ​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​អ៊ែរ​អាស៊ី Air Asia) របស់​ប្រទេស​ម៉ាឡេស៊ី បាន​ត​ភ្ជាប់​ការ​ជើងហោះហើរ​ផ្ទាល់​របស់ខ្លួន​ដោយ​ហោះ​ចេញពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ហោះ​ឆ្ពោះ​ត្រង់​មក​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ​។​

​លោក​Erie Delodel នាយក​ប្រតិបត្តិ របស់​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បាន​ឲ្យ​ដឹង​ពី​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ហោះ​ឆ្ពោះ​មកកាន់​ខេត្ត​ព្រះសីហនុ​ពេលនេះ គឺមាន​បំណង​រួមចំណែក​ជួយ​ផ្សព្វផ្សាយ​អំពី​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា និង​ម៉ាឡេស៊ី ឲ្យ​បាន​ច្រើន​ថែមទៀត​នា​ថ្ងៃ​អនាគត​។ ជាង​នេះ ក៏​ចង់បង្ហាញ​អំពី​ជីវចម្រុះ​ដ៏​សម្បូរបែប នៃ​សក្តានុពល​ទេសចរណ៍ របស់​ប្រទេស​កម្ពុជា នា​ខេត្ត​ព្រះសីហនុ ឲ្យ​ពិភពលោក​បាន​ស្គា​ត់​កាន់តែច្បាស់ ពិសេស​ពលរដ្ឋ​នៃ​ប្រទេស​ម៉ាឡេស៊ី​តែម្តង​។

​ការបើកផ្លូវ​ជើងហោះហើ​រ​ភ្ជាប់​ពី​ប្រទេស​ម៉ាឡេស៊ី ឆ្ពោះ​មកកាន់​ខេត្ត​ព្រះសីហនុ របស់​ក្រុមហ៊ុន អ៊ែរ​អាស៊ី កាលពី​រសៀល​ថ្ងៃទី​៩ ខែសីហា មាន​អ្នកដំណើរ​ចំនួន ១៨០​នាក់ បាន​ចុះ​ពី​យន្តហោះ​ក្រុមហ៊ុន​អ៊ែ​អាស៊ី​។​

​មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា ការហោះហើរ​ត្រង់​ចេញពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ឆ្ពោះ​មកកាន់ ខេត្ត​ព្រះសីហនុ របស់​ក្រុមហ៊ុន​អ៊ែរ​អាស៊ី ក្នុង​មួយ​សប្តាហ៍​មាន ៤​ជើង គឺ​នៅ​ថ្ងៃ​ច័ន្ទ ពុធ សុក្រ និង​ថ្ងៃអាទិត្យ​។

​កាលពី​ខែមិថុនា ឆ្នាំ​២០១៦ ប្រទេស​វៀតណាម ក៏បាន​បើក​ឲ្យ​ដំណើរការ​ជើងហោះហើរ​ត្រង់ របស់ខ្លួន ចេញពី​ទីក្រុង​ហូជីមិញ ឆ្ពោះ​មកកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ​រួចហើយ​ដែរ​៕ ខ្មែរ​ស្ថាបនា​