អាជ្ញាធរ​ផ្នែក​ចំណីអាហារ​នៅ​តាមប្រទេស​អឺរ៉ុប​ជាច្រើន​​បាន​រកឃើញ​ ​ស៊ុតមាន់​រាប់លាន​គ្រាប់រងការប៉ះពាល់​ដោយ​សារធាតុ​គីមី Fipronil។ សារធាតុ​នេះ ប្រើក្នុង​ផលិតផល​​​​​សម្លាប់សត្វល្អិត​ដូចជា​​​ចៃ​​ឆ្កែ ប៉ុន្តែ ត្រូវបាន​​គេ​​​លួចយក​ទៅប្រើតាម​កសិដ្ឋាន​ចិញ្ចឹម​មាន់។ ​បែលហ្ស៊ិក​ជាប្រទេស​ដំបូង​គេដែល​បាន​ផ្តល់​ដំណឹង​ពីបញ្ហា​ស៊ុតមាន់​នេះ​ទៅ​គណៈកម្មការ​អឺរ៉ុប។ ថ្ងៃព្រហស្បតិ៍​នេះ អាជ្ញាធរ​ហូឡង់បាន​​ចាប់ខ្លួន​​ជន​​សង្ស័យ​២នាក់ ​​ក្នុង​ក្របខណ្ឌ​​​​ស៊ើប​អង្កេតរឿងអាស្រូវ​នេះ​។​

​ថ្ងៃព្រហស្បតិ៍នេះ ​អាជ្ញាធរ​សុវត្ថិភាព​ចំណីអាហារ​​អង់គ្លេស​បាន​ប្រកាស​ថា មា​ន​ស៊ុតមាន់​​ជិត​៧សែនគ្រាប់ ដែល​​​រង​ការប៉ះពាល់ដោយសារធាតុគីមី ​fipronil ត្រូវបាន​នាំចូល​ក្នុង​ស្រុកអង់គ្លេស។ គឺខុស​ពី​តួលេខ​​​ជាង​២ម៉ឺនគ្រាប់ ជាតួលេខ​​ដែល​​​​អង់គ្លេស​បាន​ប៉ាន់ស្មា​នពី​ដំបូង។ ស៊ុតមាន់​ទាំងនេះ ​មិនត្រូវបាន​ដាក់​លក់​អោយ​អតិថិជន​ផ្ទាល់ដៃ​ទេ ប៉ុន្តែ គេយកវា​ទៅ​ប្រើ​ក្នុង​​ការធ្វើម្ហូប​អាហារ ដូចជា​សាន់វិច រឺ​ក៏​ជ្រក់សាឡាដ​ជាដើម។ អាជ្ញាធរ​ផ្នែក​ចំណីអាហារ​នៅ​អឺរ៉ុបបានរកឃើញ​ថា ស៊ុត​ដែលមានបញ្ហា​ទាំងនេះ ត្រូវបាន​គេ​យក​មក​លាយឡំ លក់​​ជាមួយ​ស៊ុតមាន់​​ដែល​គ្មានបញ្ហា។

Fipronil ជាសារធាតុ​សម្លាប់​សត្វល្អិត ​​ដូចជា​ចៃក្រហម ដូចជា​ចៃឆ្កែ​​ ប៉ុន្តែ សហភាព​អឺរ៉ុប​​ ​ហាម​ប្រើ​ថ្នាំគីំី​ Fipronil នេះ ទៅលើ​​លើ​​សត្វដែល​គេចិញ្ចឹមដើម្បី​យក​សាច់​មកបរិភោគ​។ អង្គការ​សុខភាព​ពិភពលោក​លើកឡើង​ថា ​សារធាតុ​នេះបើ​ប្រើច្រើនពេក​ ​​អាច​បង្ក​អោយ​មានបញ្ហា​តម្រងនោម ទីរ៉ូអ៊ីត រឺ​ក៏ថ្លើម។ ​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន ដូចជា​​បារាំង ហូឡង់ លុចហ្សំបួរ អាល្លឺម៉ង់​​ ​ស្វ៊ីស រឺ​ក៏ស៊ុយអែត ​​​ បា​នរកឃើញ​​ស៊ុតមាន់​សន្ធឹកសន្ធាប់​​រង​ប៉ះពាល់​ដោយ​​​​​​សារធាតុគីមី​​ Fipronil លើទីផ្សារ។ ស៊ុតរាប់លានគ្រាប់​ត្រូវបាន​ដកចេញ​ពី​ទីផ្សារ​ទៅវិញ។​ អាជ្ញាធរ​តាមប្រទេស​អឺរ៉ុប​កំពុង​ស៊ើបអង្កេត ​ឆែកឆេរ តាម​កសិដ្ឋាន​​ជាច្រើន​​កន្លែង។​

ក្នុង​ក្របខណ្ឌ​នៃ​ការស៊ើបអង្កេត ប្រទេស​ហូឡង់​បាន​ចាប់ខ្លួនមនុស្ស​២នាក់ ជា​​ប្រធាន​សហគ្រាស​ឈីកហ្វ្រេន Chickfriend ជា​សហគ្រាស​ក្នុងស្រុក។ ពួកគេ​​​ជាប់សង្ស័យ​ថា លួចលាក់​ផលិតផល​​ Fipronil ​បង្ក​ការ​​​ប៉ះពាល់​សុខភាព​សាធារណៈ។ បញ្ហា​ស៊ុត​មាន់នេះ ​មានច្រើន​សប្តាហ៍​មកហើយ តាមប្រទេស​នៅ​អឺរ៉ុប។ ហូឡង់​ជាប្រទេសនាំចេញ​ស៊ុត​ច្រើនបំផុត​ក្នុង​ពិភពលោក។ ​​បែលហ្ស៊ិក​បានចោទហូឡង់​​តាំងពី​ដំបូងទី​ម្ល៉េះថា ជាប្រភព​នៃ​បញ្ហា៕ ប្រភព៖ RFI