ភ្នំពេញ —ក្រោយ​រងការរិះ​គន់​កម្ពុជា​ថា​ មាន​ទំនោរ​គាំទ្រ​ប្រទេស​ចិន​ក្នុង​ជម្លោះ​ដណ្តើម​ការ​កាន់​កាប់​តំបន់​ប្រជុំ​កោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ជា​បន្ត​បន្ទាប់​ ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរ​ទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​ បាន​ប្រកាស​សា​រជា​ថ្មី​ថា​ កម្ពុជា​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ពាក់ព័ន្ធ​នឹង​ភាព​ចម្រូង​ចម្រាស​សមុទ្រ​ចិន​ខាង​ត្បូង។ ក្រុម​អ្នក​តាម​ដាន​ការ​វិវត្ត​ក្នុង​តំបន់​លើក​ឡើង​ថា​ ​ការ​ប្រកាន់​ជំហរ​កណ្តាល​មិន​លំអៀង​ទៅ​ប្រទេស​ណា​មួយ​នោះ​ នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ការទូត​កម្ពុជា​ ​មិន​ស្ថិត​ក្នុង​ភាព​ឯកោ។​

ការ​ប្រកាស​ពី​ជំហរ​ឯករាជ្យ​ ​និង​អព្យាក្រឹត្យ​របស់​កម្ពុជា​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ នឹង​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​ប្រយោជន៍​យូរ​អង្វែង​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​មិន​មាន​សត្រូវ​ ​ក្នុង​នាម​ជា​ប្រទេស​តូច។ នេះ​បើតាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​តាមដាន​ការវិវត្ត​អាស៊ាន​ ​និង​តំបន់។

ក្រោយ​វិល​ត្រឡប់​មកពី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ប្រទេស​ហ្វីលីពីន​ ​កាលពី​ថ្ងៃទី​៩​ ​ខែ​សីហា​ ​នេះ​ លោក​ ​ប្រាក់ សុខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ ​បាន​ការពារ​ជំហរ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជាលើ​បញ្ហា​ចម្រូង​ចម្រាស​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ថា​ ​កម្ពុជា​ដើរតួ​ជា​ប្រទេស​ឯករាជ្យ​ ​និង​អព្យាក្រឹត្យ​ ​មិន​គាំទ្រ​ប្រទេស​ណាមួយ​ដែល​ជា​ភាគី​ជម្លោះ​ប្រកួត​ប្រជែង​យក​តំបន់​ដែន​សមុទ្រ​ដ៏​ធំ​នោះ​ទេ។

លោក​ ​ប្រាក់ សុខុន​ ​ថ្លែង​ប្រាប់​អ្នកសារ​ព័ត៌មាន​យ៉ាង​ដូច្នេះ៖​

«​ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ហើយ​ម្តង​ទៀត​ គឺ​កម្ពុជា​ក្នុង​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ​អធិបតេយ្យ ​ជាពិសេស​អព្យាក្រឹត្យ ​ហើយ​ជា​រដ្ឋ​ដែល​មិន​ទាមទារ​អធិបតេយ្យ​នៅក្នុង​ជម្លោះនៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ​គឺ​យើង​នៅ​តែ​ប្រកាន់​ការ​មិន​ប្រកាន់​បក្ខពួក និង​ការ​មិន​កាន់​ជើង​ភាគី​ណា ​ហើយ​និយាយ​ឲ្យ​ត្រង់​ទៅ​យើង​មិន​មាន​ជា​ផលប្រយោជន៍​អ្វី​នៅ​ក្នុង​ជម្លោះ​នោះ​ទេ»។

Environmental activists display placards as they picket the Chinese Consulate to protest alleged military build-up by China on the disputed group of islands at the South China Sea Tuesday, Jan. 24, 2017 in the financial district of Makati east of Manila, Philippines. In their statement, the protesters condemned the alleged China’s installation of missile system across the disputed Spratlys group of islands and urged the Chinese government that “reefs not rockets should be proliferating in the ecologically-critical waters of the islands”(AP Photo/Bullit Marquez)

ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​រូប​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​កម្ពុជា​តែងតែ​រង​ការចោទ​ថា ​មាន​ទំនោរ​គាំទ្រ​ប្រទេសចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ​ចាប់​តាំង​ពីពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​ប្រជុំអាស៊ាន​ ​កាលពី​ឆ្នាំ​២០១២​មក។​ ​កម្ពុជា​ក៏​រង​ការ​រិះគន់​ថា​ ​បាន​រារាំង​មិន​ឲ្យ​ប្រើប្រាស់​ពាក្យ​ធ្ងន់ធ្ងរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ ទាក់ទង​ទៅ​នឹងភាព​ចម្រូង​ចម្រាស​ក្នុង​តំបន់ដែល​ប្រទេស​ចិន​មាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន​ទៀត​ ​ជា​ប្រទេស​សមាជិក​សមាគម​អាស៊ាន។

លោក​ ​ឈាង វណ្ណារិទ្ធ​ ​អ្នកវិភាគ​កិច្ចការ​តំបន់​ ​និង​ជា​អ្នក​ស្រាវ​ជ្រាវ​នៃ​វិទ្យាស្ថាន​មួយ​ក្នុង​ប្រទេស​សិង្ហបុរី​ ​ប្រាប់​ ​VOA​ ថា​ ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​កំពុង​ប្រើប្រាស់​យុទ្ធសាស្រ្តការទូត​ដោយ​ភាព​ប្រយ័ត្ន​ប្រយែង និង​មាន​ភាព​បត់​បែនច្រើន។​ ​លោក​បន្ថែម​ថា​ ​ការ​ប្រកាន់​ជំហរ​អព្យា​ក្រឹត្យ​មិន​លំអៀង​ទៅ​ភាគី​ ​ឬ​ប្រទេស​ណាមួយ​ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​យូរ​អង្វែង​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ។

លោក ឈាង វណ្ណារិទ្ធ​ ​មាន​ប្រសាសន៍​ថា៖​

«យើង​ធ្វើ​យ៉ាង​ណា​គោរព​តាម​រដ្ឋធម្មនុញ្ញ​របស់​យើង ហើយ​ជា​ផល​ប្រយោជន៍​យូរ​អង្វែង​របស់​កម្ពុជា ព្រោះ​កម្ពុជា​ជា​ប្រទេស​តូច យើង​មិន​អាច​ងាក​ទៅ​រក​ប្រទេស​មហា​អំណាច​ណាមួយ​បាន​ទេ វាធ្វើ​ឲ្យ​យើង​បែកបាក់​គ្នា ហើយធ្វើ​ឲ្យ​អស្ថិរភាព​ក្នុង​ប្រទេស​ដែរ។​ អញ្ចឹង​ទេ​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស​មហា​អំណាច​ទាំងអស់​ ​យើង​ត្រូវ​តែ​ពង្រឹង​ទំនាក់​ទំនង​ល្អ គឺ​គោល​នយោបាយ​ការបរទេស​មួយ​ដែល​ពុំ​មាន​សត្រូវ​ ​យើង​មិនគួរ​បង្កើត​សត្រូវ​ ​ឬធ្វើ​ឲ្យ​គេ​ស្អប់​កម្ពុជា​ ​ចំពោះ​គោល​នយោបាយ​ការបរទេស​ ​ឬក៏​ជំហរ​របស់​កម្ពុជា​លើ​បញ្ហា​ណា​មួយ»។

លោក​ ​ឈាង វណ្ណារិទ្ធ​ ​បន្ថែម​ថា​ ​កម្ពុជា​ក៏​ត្រូវ​ពង្រឹង​គោល​ជំហរក្នុង​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ​ ​និង​ជំរុញ​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត ពឹង​ផ្អែក​លើ​ច្បាប់​ដើម្បី​ដោះស្រាយ​ជម្លោះ។

​ចំណែក​លោក​ ​មាស នី​ ​អ្នក​វិភាគ​នយោបាយ​ ​និង​ការ​អភិវឌ្ឍ​សង្គម​លើក​ឡើង​ថា​ ​តាមរយៈ​សកម្មភាព​របស់​កម្ពុជាក្នុង​ពេល​កន្លង​មក​បាន​បង្ហាញ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ងាក​ទៅ​គាំទ្រ​ប្រទេស​ចិន​រួច​ទៅ​ហើយ​ ​ដូច្នេះ​លោក​ថា ការ​ប្រកាស​ពី​ជំហរ​កណ្តាល​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​គឺ​គ្រាន់តែ​ជា​ការ​បង្ហាញ​ជំហរ​បែប​ការទូត​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​ ​កម្ពុជា​នឹង​ស្ថិត​ក្នុង​ភាព​ឯកោ​ ​ប្រសិន​បើ​កម្ពុជា​មិន​អនុវត្ត​គោល​នយោបាយ​ការ​បរទេស​ឲ្យ​បាន​ស្មើគ្នា​ជាមួយ​ប្រទេស​ផ្សេង​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖​

«នៅក្នុង​ជំហរ​កណ្តាល​ គឺជា​រឿង​សំខាន់​ ​ព្រោះ​រស់នៅ​ក្នុង​អាស៊ាន​យើង​ត្រូវ​តែ​ធ្វើ​ម៉េច​បង្ហាញ​នូវ​សាមគ្គីភាព​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន។​ ​អញ្ចឹង​បើសិន​ជា​យើង​នៅ​ក្នុង​តំបន់អាស៊ាន​ ​ប៉ុន្តែ​ដោយ​សារ​តែ​យើង​មាន​ទទួល​ឥទ្ធិពល​ពី​ចិន​ ​អញ្ចឹង​យើង​ត្រូវ​តែ​ងាក​ទៅ​ខាង​ចិន​តែ​ម្នាក់​ឯង​នោះ​ វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាព​ឯកោ​នៅ​ក្នុង​តំបន់​»។

ជម្លោះ​កាន់កាប់​តំបន់​ក្នុង​សមុទ្រ​ចិនខាងត្បូង​បាន​កើត​ឡើង​ជាយូរ​មក​ហើយ​រវាង​ប្រទេស​ចិន​ ​និង​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន ដូចជា​ប្រទេស​ព្រុយណេ​ ​ហ្វីលីពីន​ ​ម៉ាឡេស៊ី​ ​តៃវ៉ាន់ និង​វៀតណាម។​ ​ចិន​បាន​ទាមទារ​យក​តំបន់​ភាគច្រើន​បំផុត។ ក្នុង​នោះ​មូលហេតុ​ចម្បង​មួយ​សម្រាប់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​គឺ​ការ​ប្រជែង​គ្នា​ដើម្បី​កាន់កាប់​តំបន់​ដែល​សម្បូរ​ធនធាន​រ៉ែ និង​ត្រី។​

កាល​ពី​ថ្ងៃទី១២​ ​ខែកក្កដា​ ឆ្នាំ​២០១៦​ ​កន្លង​ទៅ​ ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​ ​បាន​ចេញ​សាល​ដីកា​ឲ្យ​ប្រទេស​ហ្វីលីពីន​ឈ្នះក្តី​លើ​ប្រទេស​ចិន​ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​ដណ្តើម​កម្មសិទ្ធិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ​ដែល​ប្រទេស​ហ្វីលីពីន​បាន​ប្តឹង​ប្រឆាំង​នឹង​ចិន​កាល​ពី​ឆ្នាំ​២០១៣។

នា​ពេល​នោះ​ កម្ពុជា​បាន​បង្ហាញ​ជំហរ​មិន​គាំទ្រ​សាល​ដីកា​តុលាការ​ដូច​ប្រទេស​ចិន​ ​ដែល​ជា​មិត្ត​ជិតដិត​ ​និង​ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា។​ ហើយ​ជា​រឿយៗ​ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​គួរតែ​ដោះស្រាយ​រវាង​ប្រទេស​ចិន​ ​និង​បណ្ដា​រដ្ឋ​ជា​ភាគី​ជម្លោះ​ មិនមែន​អាស៊ាន​ទាំងមូល​នោះ​ទេ។

ក្នុង​សន្និសីទ​ក្រោយ​ត្រឡប់​មក​ពី​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ ​នៅ​ប្រទេស​ហ្វីលីពីននោះ​ ​លោក​ ​ប្រាក់ សុខុន​ ​ក៏​បាន​ប្រាប់​អ្នកសារ​ព័ត៌មាន​បន្ថែម​ថា​ ​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​នឹង​ការ​បាញ់​បង្ហោះ​មីស៊ីល​សាកល្បង​របស់​កូរ៉េ​ខាងជើង​ ​និង​បាន​ឯកភាព​គ្នា​ដោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​ ​ដែល​កំពុង​មាន​ភាព​តានតឹង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ។​

អ្នក​តាម​ដាន​ការវិវត្ត​តំបន់​ក៏​បាន​លើក​ឡើង​ថា​ ​នេះ​ជា​សញ្ញា​វិជ្ជមាន​ក្នុង​ការ​ទប់​ស្កាត់​ការ​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​ ​ប្រសិន​បើ​ប្រទេស​បណ្តា​អាស៊ាន​ទាំង​នោះ​រួមគ្នា​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ និង​ការទូត​ឲ្យ​ខ្លាំង​ លើ​រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាងជើង​ ​ទៅ​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ៕ ប្រភព៖ VOA

Loading...