​ខណៈពេលដែល​ស្ត្រី​ជា​មាតា​សម្រក់​ទឹកភ្នែក​ឲ្យ​កូនបៅ​ជា​លើកចុងក្រោយ មុនពេល​ពេល​វះកាត់​សុដន់​ចោល​ដោយសារ​រោគ​មហារីក ដែល​គេ​បាន​ថត​ទុក ធ្វើ​ឲ្យ​បេះដូង​អ្នកទស្សនា​ញាប់​ញ័រ​…. ។ នេះ​ជា​រឿង​របស់​នាង Ashley Kostiuk អាយុ ៣១ ឆ្នាំ ត្រូវបាន​គេ​រកឃើញ​ដុំ​ពក​កាច ក្នុងអំឡុងពេល​កូនប្រុស​នាង​ទើប​អាយុ​បាន ៩ ខែ ។​

​​ពេល​ទទ​ល​បាន​ព័ត៌មាន​នេះ នាង​ពិតជា​តក់ស្លុត ហើយ​បន្ទាប់មក គឺ​ខ្លោចផ្សារ​អាណិតកូន ដែល​ពុំ​អាច​បន្ត​បំបៅ​ដោះ​ម្តាយ​បាន​ទៀត ។ នឹកគិត​ដល់​នាទី​ជា​ម្តាយ Ashley តាំងចិត្ត​ពុំ​អាច «​ដួល​» បានទេ ត្រូវតែ​ក្លាហាន​ប្រឈម​…. ។​

​វេលា​ព្រឹក​ថ្ងៃនោះ ជា​ខណៈពេល​ដ៏​អាក្រក់​បំផុត​សំរាប់​ជីវិត​របស់​នាង ព្រោះ​នាង​អាច​បំបៅកូន​ជា​លើកចុងក្រោយ មុន​ទទួល​ការចាក់​ថ្នាំ​គីមី ។ នាង​បាន​ពឹងពាក់​មិត្តភក្តិ​ឲ្យ​ជួយ​ថត ខណៈពេល​បំពេញ​មុខងារ (​បំបៅ​ដោះ​កូន​) ជា​ម្តាយ​លើកចុងក្រោយ ហើយ​តាំងចិត្ត​ថា នឹង​ពុំ​យំ​ឡើយ ។​

​ប៉ុន្តែ ទោះ​ប្រឹង​ទប់ តែ​ទឹកភ្នែក​វា​ហូរ​ស្រក់​មក​ឯកឯង ពេល​សម្លឹង​កូនតូច​បើកភ្នែក​ក្រឡង់ៗ​សម្លឹង​មើលមុខ​នាង​…. ។​

​កូនស្រី​ច្បង​របស់​នាង Ashley នាង​តូច Greta ក៏​ជា​តួអង្គ​មួយ​ក្នុង​រូបភាព​នេះ ។ នាង​តូច​ហាក់ដូច​ជ​យល់ថា ម្តាយ​របស់ខ្លួន​កំពុង​ឆ្លងកាត់​នូវ​ទុក្ខលំបាក​ដ៏​ធំធេង ហេតុនេះ នាង​តែង​លួងលោម​ថើប​អង្អែល​ម្តាយ​…. ។​

​បច្ចុប្បន្ន Ashley បានទទួល​ការចាក់​សារធាតុ​គីមី ហើយ​កាត់ចោល​សុដន់​ទាំង​២ ។ ទោះបី​ពុំទាន់​សះស្បើយ​ទាំងស្រុង តែ​នាង​បាន​ធូរស្រាល​ច្រើន ។ នាង​ពោលថាៈ ក្នុង​ជីវិត​មានរឿង​ច្រើន ដែល​ពុំ​ដូច​បំណងប្រាថ្នា តែ​ព្រះ​បាន​អាណិត មេត្តា គ្រា​ផ្តល់​ឲ្យ​នាង​នូវ​បុត្រា បុត្រី ២​នាក់ ដែល​គួរ​ឲ្យ​ស្រឡាញ់ -​ជា​ក្តីសង្ឃឹម និង​គោលដៅ​ពុះពារ​ក្នុង​ជីវិត​នៅ​ថ្ងៃមុខ ។​

​ប្រិយមិត្ត​! ក្នុង​ឆាកជីវិត​របស់​មនុស្ស​ម្នាក់ៗ ការបាត់បង់ ទុក្ខសោក ជា​រឿង​ដែល​យើង​ពុំ​អាច​សម្រេច​ដោយ​ខ្លួនឯងបាន ។ ប៉ុន្តែ ប្រសិនបើ​យើង​ឆ្លើយតប​នឹង​វា ដោយ​ការស្រឡាញ់ ភាពក្លាហាន ស្មារតី​សុទិដ្ឋិនិយម នោះ​វា​នឹង​ក្លាយជា​អ្វីមួយ​ពុំគួរ​ឲ្យ​ខ្លាច​ទៀត​ទេ មែន​ទេ​?

​ហេតុនេះ គប្បី​ប្រយុទ្ធ​តតាំង​យ៉ាង​អង់អាច ចំពោះ​ការពិត​ដែល​តែង​ពុំ​ល្អ​ទាំងអស់នោះ ហើយ​អ្នក​នឹងមាន​សុភមង្គល ! ៕​

Loading...