​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ ស្នើ​ដល់​ភ្ញៀវទេសចរ ប្រជាពលរដ្ឋ ពិសេស​ស្ត្រី​មេផ្ទះ ឲ្យ​បន្ត​ប្រុងប្រយ័ត្ន ចំពោះ​ការទិញ​ម្ហូប​សមុទ្រ និង​បន្លែ​ត្រី​សាច់​ផ្សេងៗ​យកទៅ​ទទួលទាន ព្រោះ​បារម្ភ​ខ្លាច​មុខម្ហូប ឬ​ទំនិញ​មួយចំនួន ត្រូវគេ​លួច​ដាក់​សារធាតុ​គីមី​ហាមឃាត់ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​។​

​លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ ផ្ញើ​សារ​ជូន​ពិសេស​ភ្ញៀវទេសចរ និង​ស្ត្រី​មេផ្ទះ ឲ្យ​ប្រយ័ត្នប្រយែង ក្នុងការ​ជ្រើស​យក​ម្ហូប​សមុទ្រ​ស្រស់​យកទៅ​ចំអិន​ទទួលទាន​នៅតាម​ក្រុមគ្រួសារ​នីមួយៗ ព្រោះ​រាល់ថ្ងៃនេះ មន្ត្រី​ជំនាញ​បាន​បន្តធ្វើ​តេស្ត​រកឃើញ​មុខម្ហូប​សមុទ្រ​ស្រស់ បន្លែ​ត្រី​សាច់ និង​ផ្លែឈើ ដែល​អាជីវករ​ដាក់លក់​តាម​ទីផ្សារ​មួយចំនួន​រួមមាន​៖ ផ្សារ​ទំនើប ផ្សារ​ពាណិជ្ជកម្ម ផ្សារលើ ផ្សារ​អូរ​ចំណារ និង​ផ្សារ​វាលរេញ ដោយ​ក្នុងចំណោម​ផ្សារ​ទាំងនេះ មាន​អាជីវករ​ខ្លះ បានដាក់​លកក់​ទំនិញ ពិសេស​គ្រឿង​ស​ម្រុ​ប​ស្រស់ មាន​លួច​ដាក់​សារធាតុ​គីមី ដើម្បី​រក្សាទុក​លក់បាន​យូរថ្ងៃ និង​មើលទៅ​ឃើញ​ស្រស់​។​

​ស្ត្រី​ឈ្មោះ អ៊ូច វន ជា​អាជីវករ​ម្នាក់​លក់​ម្ហូប​សមុទ្រ​ស្រស់​នៅ​ផ្សារ​វាលរេញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​អះអាងថា ស្តង់​លក់​ម្ហូប​សមុទ្រ​ស្រស់​របស់គាត់​មិនមាន​ដាក់​សារធាតុ​គីមី និង​លក់​ម្ហូប​សមុទ្រ​ស្រស់​នៅក្នុង​ស្រុក បានស្នើ​ឲ្យ​ពលរដ្ឋ ឬ​ភ្ញៀវទេសចរ ឲ្យ​ប្រយ័ត្ន​ក្នុងការ​ជ្រើសរើស​ម្ហូប​សមុទ្រ​ស្រស់​យកទៅ​ទទួលទាន ឬ​ទិញយក​ទៅផ្ទះ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​។​

​អាជីវករ​រូបនេះ​ទទួលស្គាល់ថា នៅ​ផ្សារ​វាលរេញ ពិតជា​មាន​អាជីវករ​លក់​គ្រឿង​សមុទ្រ​ស្រស់​នៅតាម​ស្តង់​ខ្លះ លក់​មុខម្ហូប​សមុទ្រ​មាន​ផ្ទុក​សារធាតុ​គីមី និង​ថ្លឹង​មិន​គ្រប់​គីឡូ​បន្លំ​អ្នកទិញ ពិសេស​ភ្ញៀវទេសចរ ពិតមែន​នា​កន្លងមក​។​

​លោកស្រី សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (ADHOC) ប្រចាំខេត្ត​ព្រះសីហនុ គាំទ្រ​ចំណាត់ការ​របស់​មន្ត្រី​កាំកុងត្រូល ចុះ​ត្រួតពិនិត្យ​ចំណីអាហារ​តាម​ទីផ្សារ​នានា ក្នុង​មូលដ្ឋាន​នេះ​ជា​បន្តបន្ទាប់​មកនេះ​។​

​ជា​ស្ត្រី​មេផ្ទះ​ម្នាក់ លោកស្រី សុធា​រី ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ម្ហូបអាហារ ឬ​ទំនិញ​ផ្សេងៗ ត្រូវ​កសាង​សំណុំរឿង​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការដាក់​លក់ទំនិញ​ខូចគុណភាព ផលិត​គ្មាន​បច្ចេកទេស ពិសេស​មុខម្ហូប​សមុទ្រ ស្រស់​លួច ដាក់​សារធាតុ​គីមី​ហាមឃាត់ ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស ឲ្យ​បាន​ធ្ងន់ធ្ងរ​ទើប​រាងចាល​។​

​កាលពី​ថ្ងៃទី​១៥ ខែសីហា មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ ផ្សព្វផ្សាយ​អំពី​គុណភាព និង​សុវត្ថិភាព​ម្ហូបអាហារ ទៅលើ​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ និង​ធ្វើតេស្ត ទៅលើ​គ្រឿង​សមុទ្រ​ស្រស់ មាន​បង្គារ មឹក ប្រហិត​ចំរុះ បន្លែ និង​សរសៃ​គុយទាវ​ជាដើម ដើម្បី​រកសារ​ធាតុគីមី នៅលើ​ម្ហូបអាហារ ដែល​ត្រូវ​អាជីវករ បានដាក់​លក់ នៅ​ផ្សារលើ និង​ផ្សារ​ទំនើប​មួយចំនួនទៀត​។

​លោក ជា ប៉ិច ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​បាន រកឃើញ​គ្រឿង​សមុទ្រ​បង្គារ​ស្រស់​ចំនួន ១៣​គីឡូក្រាម មាន​ដាក់​លាយ​សារធាតុ​គីមី ហ្វ័​រ​ម៉ា​លីន (FORMALINE) ដែល​ស្ថាប័ន​ត្រួតពិនិត្យ​ចំណីអាហារ បាន​ហាមឃាត់ ព្រោះ​សារធាតុ​នេះ បាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ធ្ងន់ធ្ងរ​។​

​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​ខេត្ត​ព្រះ​សីះ​នុ មិនទាន់​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ភ្លាមៗ ចំពោះ​ក្រុមអាជីវករ ដែល​លក់​ម្ហូប​សមុទ្រ​ស្រស់​ផ្ទុក​សារធាតុ​គីមី ដែល​រកឃើញ​នៅ​ផ្សារលើ ក្រុងព្រះសីហនុ​នេះ​ទេ កាលពី​ថ្ងៃទី​១៥ ខែសីហា ប៉ុន្តែ​បានធ្វើ​កិច្ចសន្យា​បើ នៅ​ថ្ងៃ​ខាងមុខ អាជីវករ​ទាំងនោះ មិន​រាងចាល​នឹងត្រូវ​អនុវត្ត​តាមផ្លូវ​ច្បាប់​ធ្ងន់ធ្ងរ​។​

​លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ បានប្រកាស​លេខ​ទូរស័ព្ទ​ជូន​ដល់​សាធារណជន ឬ​ប្រជាពលរដ្ឋ បើ​មាន​ព័ត៌មាន​សង្ស័យថា ទីតាំង​ណាមួយ​មាន​លក់ទំនិញ​ខូចគុណភាព អាហារ​ស្រស់ ចំណីអាហារ​ទាំង​ភេសជ្ជ​កំប៉ុង ឬ​ដប​គ្រប់​ប្រភេទ​មាន​ដាក់​សារធាតុ​គីមី និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម ត្រូវ​ផ្ដល់ព័ត៌មាន​ឲ្យ​បាន​ឆាប់​ទៅកាន់​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ តាមរយៈ​លេខ ០៩៨ ៥៥៥ ៦៦៦ លេខ ០១៧ ៤៤៣ ៧៣៧ និង ០១២ ៩៤៦ ០៤៦៕ ខ្មែរ​ស្ថាបនា

Loading...