(ភ្នំពេញ)៖ គិតត្រឹមរាត្រីថ្ងៃទី២២ ខែសីហានេះ កម្ពុជានៅតែបន្ដឈរលេខរៀងទី១០ ក្នុងតារាងមេដាយនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី ក្រោយដណ្ដើមបានមេដាយសំរឹទ្ធ៣គ្រឿង ខណៈម្ចាស់ផ្ទះបន្ដគ្រងតំណែងកំពូលតារាង ដោយដណ្ដើមបានមេដាយសរុបដល់ទៅ៥៨គ្រឿង។ ប៉ុន្ដែទោះជាបែបនេះ ថ្នាក់ដឹកនាំកីឡាកម្ពុជា បានលើកឡើងថា កម្ពុជានៅតែមានវឌ្ឍនភាពបន្ដដណ្ដើមេដាយដើម្បីគេចផុតពីចំណាត់ថ្នាក់លេខ១០ ស្របពេលកីឡាមាន សក្ដានុពលជាច្រើន ត្រូវសម្រុកធ្វើការប្រកួតស្វែងរកមេដាយជូនជាតិបន្ថែមទៀត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយកបេសកកម្មរបស់កម្ពុជា បានឲ្យដឹងពីទីក្រុងកូឡាឡាំពួរមុននេះថា ថ្វីត្បិតបច្ចុប្បន្នកម្ពុជាមិនទាន់ឈរចំណាត់ថ្នាក់ល្អ ក្នុងតារាងមេដាយស៊ីហ្គេមឆ្នាំនេះក្ដី ប៉ុន្ដែកម្ពុជាទើបតែបញ្ចប់ការប្រកួត៣ប្រភេទកីឡាប៉ុណ្ណោះ ដោយដណ្ដើមបានមេដាយសំរិទ្ធ៣គ្រឿង។ យ៉ាងណាមិញកម្ពុជានៅមានកីឡាមានសក្ដានុពលរបស់កម្ពុជាជាច្រើន ដែលត្រូវបន្ដការប្រកួត ដូចជាកីឡាប្រដាល់សាកល, គុនខ្មែរ, ប៉េតង់, តេក្វាន់ដូ, វាយកូនបាល់ និងកីឡាការ៉ាតេដូជាដើម ដែលសុទ្ធតែរំពឹងឈ្នះមេដាយ ។

នាយកបេសកកម្មរូបនេះបន្ដថា «តាមការត្រួតពិនិត្យ ពេលនេះកម្ពុជានៅមានវឌ្ឍនាភាពខ្ពស់ក្នុងការស្វែងរកមេដាយនៅឡើយ ទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ។ ជាក់ស្ដែងពេលនេះ កីឡាប្រដាល់សាកល និងកីឡាប៉េតង់ចំនួន ៣រូប សុទ្ធតែឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាថ្ងៃទី២២ ខែសីហានេះ។ បើពួកគេបន្ដឈ្នះ នោះកម្ពុជានឹងមានសង្ឃឹមច្រើនក្នុងការទទួលបាននូវមេដាយប្រាក់ ឬមាស ។ ក្រៅពីនេះ យើងនៅមានកីឡាកររំពឹងឈ្នះមេដាយច្រើនទៀត ដូចជាតេក្វាន់ដូ និងការ៉ាតេដូជាដើម ។ ដូច្នេះយើងនៅតែមានសង្ឃឹម ចំពោះប្រភេទកីឡាល្អៗ ដែលនឹងត្រូវធ្វើការប្រកួតនាពេលក្រោយនេះ» ។

គួរបញ្ជាក់ថា ស៊ីហ្គេម លើកទី២៩ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០១៧នេះ កម្ពុជាបានសម្រេចបញ្ជូនអត្តពលិក ២៤ប្រភេទកីឡាទៅចូលរួម ប៉ុន្ដែបច្ចុប្បន្នទើបមានកីឡា ៣ប្រភេទប៉ុណ្ណោះ ដែលបានបញ្ចប់ការប្រកួតទាំងស្រុង ក្នុងនោះមានក្រុមអត្តពលិកកីឡាជិះសេះ កីឡាបាល់ឱប និងអត្តពលិកកីឡាទ្រីយ៉ាត្លុង។ តែ៣ប្រភេទកីឡានេះមានតែកីឡាជិះសេះប៉ុណ្ណោះដែលដណ្ដើមបានមេដាយសំរឹទ្ធ ហើយធ្វើដំណើរមកដល់កម្ពុជាកាលពីល្ងាចមិញ ។ រីឯកីឡាកំពុងសម្លឹងឃើញមេដាយបន្ដ រួមមានកីឡាប្រដាល់សាកលម្នាក់ និងកីឡាករ-កីឡាការិនីប៉េតង់ ២នាក់ ដែលត្រូវធ្វើការប្រកួតវគ្គខ្វែង ៤នាក់ចុងក្រោយលើវិញ្ញាសាឯកត្តជននាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ៕ ​ប្រភព៖ freshnewsasia