លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ថៃ​នាំ​ទំនិញ​កម្ពុជា​ចូលឲ្យ​ច្រើន រីឯ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជាថា​ ក្រសួង​មិនមាន​គម្រោង ឬ​យុទ្ធសាស្ត្រ​ណាមួយ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះទេ។ ការ​ដាក់​សំណើ​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ឡើង ក្រោយ​ពី​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ថៃ បាន​បង្ហាញ​ថា នៅ​ឆមាស​ទី១​នៃឆ្នាំ​២០១៧ កម្ពុជា មាន​ការ​ធ្លាក់ចុះ​លើ​ការ​នាំចេញ​ទំនិញ​កម្ពុជា​ទៅ​ក្នុង​ប្រទេស​ថៃ​គួរ​ឲ្យ​កត់​សម្គាល់។

អត្ថបទដោយ៖ ប៊ុន សៅសុភនាថ

នៅ​ក្នុង​ជំនួប​ជាមួយ​លោក អានុពុង ផៅចិន្តា រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ថៃ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ សីហា នៅក្នុង​ប្រទេស​កម្ពុជា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ភាគី​ថៃ នាំ​ចូល​ទំនិញ​ពីប្រទេស​កម្ពុជា​ឲ្យបាន​ច្រើន​ជាងមុន ព្រោះ​ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ថៃ និង ការ​នាំចូល​ទំនិញ​ពី​ថៃមក​កម្ពុជា ខុស​គ្នា​រហូត​ដល់​ទៅ​៥ដង ពោល​គឺ កម្ពុជា​នាំ​ចេញ​បាន​ជិត ៥០០​លាន​ដុល្លារ ឯ​ថៃ​ទទួល​បាន ជិត ២៥០០​លាន​ដុល្លារ។

តាម​របាយការណ៍​ពាណិជ្ជកម្ម​របស់​ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា រយៈពេល​៦ខែ​ក្នុង​ឆ្នាំ​២០១៧​នេះ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ កើន​ឡើង ៩.៨៩% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦។ យ៉ាង​ណា​មិញ ទំហំ​នៃ​ការ​នាំចេញ​ផលិតផល​របស់​កម្ពុជា​ទៅ​ប្រទេស​ថៃ មាន​ការ​ធ្លាក់ចុះ ២០.៤០% ស្របពេល​ដែលថៃ​មាន​កំណើន​ការ​នាំចេញ​ផលិតផល​មក​កម្ពុជា ប្រមាណ​១៨.១១%។

ទាក់ទង​នឹង​ការ​ធ្លាក់ចុះ​ទំនិញ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ថៃ អ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កញ្ញា សឹង សុផារី បាន​បា្រប់​វិទ្យុ​បារាំង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​​នេះ ថា ជា​ធម្មតា​ជំនួញ​ពាណិជ្ជកម្ម​មិនអាច​ទទួល​បានផល​ដូចការ​ចង់​បាន​នោះ​ទេ តែ​វា​អាស្រ័យ​លើ​តម្រូវការ​របស់​ប្រទេស​ដែលជា​ដៃ​គូ​ពាណិជ្ជកម្ម។ ជាក់ស្តែង ថៃ​ក៏ជា​ប្រទេស​ធ្វើ​កសិកម្ម​ច្រើន​ដូច​កម្ពុជា​ដែរ ដូច្នេះ​នៅ​ពេល​ដែល​ថៃ​មាន​កសិផល​ខ្ពស់ ការ​នាំ​ចេញ​កសិផល​របស់​កម្ពុជា​ទៅ​ថៃ ក៏​ធ្លាក់​ចុះ​ដែរ។ ដូច្នេះ ក្រសួង​មិនអាច​បង្កើត​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​នេះបាន​ឡើយ។ នេះ​ជា​ការ​បកស្រាយ​របស់ កញ្ញា សឹង សុផារី។

គួរ​បញ្ជាក់​ថា កម្ពុជា​ភាគច្រើន​នាំ​ចេញ​ទៅ​ថៃ នូវ​ផលិតផល​កសិកម្ម ហើយ​កម្ពុជា​នាំចូល​ផលិតផល​ពី​ថៃវិញ មាន​ដូចជា គ្រឿង​សំណង់ គ្រឿង​ម៉ាស៊ីន ​សំលៀក​បំពាក់ ស្បែក​ជើង​ជាដើម៕ ប្រភព៖ RFI

Loading...