​ការប្រកួតប្រដាល់សកលកាលពីយប់ថ្ងៃសៅរ៍ ចុងសប្តាហ៍មុននេះ នៅ Las Vegas បានធ្វើឲ្យកំពូលកីឡាករ​ទាំងពីររវាង Floyd Mayweather និង​Conor McGregor អស់ចិត្តរៀងៗខ្លួន ហើយពួកគេសុទ្ធ​តែបង្ហាញអារម្មណ៍សប្បាយរីករីយបើទោះបីជាចាញ់ ឬ ឈ្នះ ព្រោះ​ប្រាក់​រង្វាន់​ដែល​ពួក​គេ​ទទួល​បាន​ពី​ការប្រកួតនេះ ពិតមិនធម្មតា ។

សូមបញ្ជាក់ថា ​Floyd ដែលត្រូវចូលនិវត្តន៍ក្នុងវ័យ ៤០ ឆ្នាំ បាន​ផ្ដួល McGregor ដែល​ឈាន​​ចូល​វាយ​សកល​លើក​ដំបូង​ឲ្យ​សុំ​ចុះ​ចាញ់​នៅត្រឹមទឹកទី១០ នា​កីឡាដ្ឋាន T-Mobile Arena សហរដ្ឋអាមេរិក។ ក្នុងការប្រកួត​នេះ Floyd ទទួល​​ខ្សែក្រវាត់​​​ដ៏​មាន​តម្លៃ​១​ខ្សែ​ដោយ​មាន ​ដាំ​​ពេជ្រ ​៣៦០ ​គ្រាប់, ត្បូង​កណ្ដៀង​៦០០​គ្រាប់, ត្បូង​មរកត​៣០០​គ្រាប់​ ​ផ្សំ​ជាមួយ​មាស​រឹង​​១,៥​គីឡូក្រាម​ ។

Floyd ​ទទួល​បាន​តម្លៃ​ខ្លួន​ សម្រាប់​ការប្រកួត​នេះ​នូវទឹកប្រាក់ចំនួន ​១០០ ​​លាន​ដុល្លារ និងបូករួម​ជាមួយ​ប្រាក់​បន្ថែម​ផ្សេង​ៗ​​​ដែលក្នុងនោះដូច​ជា​ការ​លក់​សំបុត្រ, សិទ្ធិ​នៃ​ការ​ផ្សាយ​បាន​២០០​លាន​​ដុល្លារ​ទៀត សរុប​​កើន​បាន ​៣០០ ​លាន​ដុល្លារ។ ចំណែក កីឡាករ​អៀរឡង់ McGregor វិញ​ ​ទទួលចំណូលរហូត​ដល់​៧៥​លាន​ដុល្លារ ៕