ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បាន​ចេញ​មុខ​សូម​ទោស​ចំពោះ​ការ​កើន​ឡើង​តម្លៃ​ទឹក ​និង​ប្រកាស​សង​ប្រាក់​វិញ​ជូន​អតិថិជន​វិញ។ នេះ​ជា​ដំណោះស្រាយ​មួយ​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ការ​បង្គាប់​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ។

ដោយ​មាន​កំហុស​បច្ចេកទេស រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​ធ្វើ​ការ​គណនា​និង​ចេញ​វិក្កយបត្រ​ពុំ​ត្រឹម​ត្រូវ​បណ្ដាល​ឲ្យ​មាន​ការ​កើន​តម្លៃ​ទឹក​ប្រើ​ប្រាស់​របស់​ប្រជាជន​នៅ​ភ្នំពេញ​និង​ទីក្រុងតាខ្មៅ។ នេះ​គឺជា​ការ​ទទួល​ស្គាល់​កំហុស​របស់​ក្រសួង​ឧស្សាហកម្ម​​និង​សិប្បកម្ម​តាមរយៈ​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃ​ទី​២៨​ខែ​សីហា​នេះ។

ចំពោះ​កំហុស​ឆ្គង​នេះ​ទាំង​ក្រសួង​ក៏​ដូចជា​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​ធ្វើការ​សូម​ទោស​ពី​ប្រជាពលរដ្ឋ​ហើយ​សន្យា​ថា​នឹង​មិន​ឲ្យ​មាន​ការ​ខុស​ឆ្គង​ជា​លើក​ទី​២​ឡើយ។ បន្ថែម​ពី​លើ​នេះ​ក្រសួង​បាន​បញ្ជា​ឲ្យ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​អនុវត្ត​ការ​គណនា​តម្លៃ​ទឹក​តាម​របៀប​គណនា​ចាស់។ របៀប​ចាស់​គឺ​ការ​ប្រើប្រាស់​រយៈពេល​២​ខែ​ទើប​ទូទាត់​ប្រាក់។ ហើយ​ចំពោះ​តម្លៃ​ទឹក​ប្រាក់​ដែល​គិត​លើស​នា​ពេល​កន្លង​មក​ក្រសួង​នឹង​សង​ទៅ​អតិថិជន​វិញ។

សូម​បញ្ជាក់​ថា ដំណោះ​ស្រាយ​ភ្លាមៗ​នេះ​ធ្វើ​ឡើង​ក្រោយ​លោក​នាយករ​ដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ទៅ​ក្រសួង​ជំនាញ​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​ទឹក​បន្ទាប់​ពី​លោក​បាន​ទទួល​របាយ​ការណ៍ និង​ព័ត៌មាន​ថា តម្លៃ​ទឹក​នៅ​រាជធានីភ្នំពេញ មាន​ការ​កើន​ឡើង​សម្រាប់ អ្នក​ប្រើប្រាស់​តិច និង​អ្នក​ប្រើប្រាស់​ច្រើន ដែល​បញ្ហា​នេះ​ខុស​ពី​អ្វី​ដែល​លោក​ធ្លាប់​អំពាវនាវ។

បើ​តាម​លោក ហ៊ុន សែន ថ្ងៃ​នេះ លោក ទើប​ដឹង​ថា តម្លៃ​ទឹក​នៅ​ទីក្រុង​ភ្នំពេញ​មាន​ការ​កើន​ឡើង​ដែល​អ្នក​ប្រើប្រាស់​ទឹក​តិច​និង អ្នក ប្រើប្រាស់​ច្រើន​បង់​ថ្លៃ​ដូចៗ​គ្នា ​ធ្វើ​ឲ្យ​នយោបាយ​អនុ​គ្រោះ​សម្រាប់ ប្រជាជន​ក្រីក្រ​មិន​អាច​អនុវត្តន៍​បាន។ នេះ​ជា​ការ​ដើរ​ខុស​ជាមួយ​ការ​អំពាវនាវ​របស់​លោក​ឲ្យ​បញ្ចុះ​ថ្លៃ​ទឹក។

ជា​ការ​កត់​សម្គាល់​បញ្ហា​កើន​ឡើង​តម្លៃ​ទឹក​នេះ​កើត​មាន​ឡើង​ជាង​ពីរ​ខែ​មក​ហើយដោយ​ក្នុង​នោះ​កង្វល់​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​លើក​ឡើង​យ៉ាង​ព្រោង​ព្រៀត​ពេញ​បណ្ដាញ​សង្គម៕ ប្រភព៖ RFI

Loading...