យោងតាម​ការចេញផ្សាយ​របស់ CNN Money បានឲ្យដឹងថា ​អត្ត​ព​លិ​ក​២​រូបដែលទទួលបានប្រាក់ចំណូលកប់ពពកលើវិស័យកីឡាមួយនេះ គឺ​លោក Michael Jordan និង Tiger Woods ពោលគឺអ្នកទាំងពីរមាន​ប្រាក់ចំណូល​ច្រើនជាង​កំពូល​អ្នក​ប្រដាល់​អាមេរិក Floyd Mayweather Jr. បន្ទាប់ពី​រូបគេ​អាច​រកចំណូលបាន ១​ពាន់​លាន​ដុល្លារ​ពី​អាជីព​ជា​អ្នក​ប្រដាល់​ ​។​



ទស្សនាវដ្ដី Forbes បានចុះផ្សាយថា ប្រាក់ចំណូល​របស់​ Floyd មាន​ចំនួន​ប្រមាណ ៧០០ លាន​ដុល្លារ មុន​ការប្រកួត​ជាមួយ​ម្ចាស់​ជើងឯក​កីឡា​វាយ​ក្នុង​ទ្រង់ (UFC) Conor McGregor កាលពីរាត្រី​ថ្ងៃអាទិត្យ​ទី ២៧ ខែសីហា កន្លងទៅនេះ ។

​ប៉ុន្តែ​ក្រោយ​ផ្តួលកីឡាករ​អៀរ​ឡង់ McGregor ​ក្នុង​ទឹក​ទី​១០ នៅ​សង្វៀន T-Mobile Arena ក្រុង​ឡា​វេ​ហ្គាស រដ្ឋ Nevada អ្នក​ប្រដាល់​មិនដែល​ចាញ់​សញ្ជាតិ​អាមេរិក វ័យ​៤០​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ប៉ាន់​ស្មានថា​អាច​រកប្រាក់​បាន​ជាង ៣០០ លាន​ដុល្លារ​បន្ថែមទៀត​ ដូច្នេះ Floyd អាចទទួលបានប្រាក់ចំណូលសរុប ១​ពាន់​លាន​ដុល្លារ ពី​អាជីព​ជា​អ្នកកីឡា​ប្រដាល់សកល​នេះ ​។

ទោះជាមានប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់​១​ពាន់​លាន​ក៏ដោយ តែ Floyd នៅតែ​ស្ថិតក្រោម​កីឡាករ​២រូបខាងលើនេះដែល​អាច​រកចំណូលបាន​ច្រើនជាងគេនៅលើពិភពលោក​នាពេល​បច្ចុប្បន្ននេះ​។​

សូមបញ្ជាក់ថា ​​កីឡាករ​វាយ​កូន​ហ្គោល Tiger Woods និងអតីត​កីឡាករ​បាល់បោះ NBA របស់​អាមេរិក Michael Jordan អាចរក​ប្រាក់ចំណូល​ពី​អាជីព​របស់ពួកគេ​​ក្នុងម្នាក់ៗបាន​រហូតដល់ ១.៥​ពាន់​លាន​ដុល្លារ ​ឯណោះ​ ៕