ចំនួន​សត្វ​ត្មាត​ហាក់​កំពុង​ខិត​ទៅ​រក​ការ​បាត់​បង់​វត្តមាន​ពី​កម្ពុជា ​ខណៈពេល​ដែល​វត្តមាន​សត្វ​ប្រភេទ​នេះ​ធ្លាក់​ចុះ​ដល់​៥០​ភាគរយ​គិត​ចាប់ពី​ឆ្នាំ​២០០០​មក។ នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ជំរឿន​ឃើញ​មាន​តែ ១២១​ក្បាល​ប៉ុណ្ណោះ ដែល​ជា​អាត្រា​ទាប​បំផុត​រាប់​ចាប់​តាំង​ពី​ឆ្នាំ​២០០៣។

លោក ស៊ីម៉ុន ម៉ាហូដ ទី​ប្រឹក្សា​បច្ចេកទេស​ជាន់​ខ្ពស់​នៃ​អង្គការ WCS បាន​ថ្លែង​ថា ការ​បំពុល​គឺជា​ការ​គំរាម​កំហែង​ដ៏​ខ្លាំង​បំផុត ចំពោះ​ហ្វូង​សត្វ​តា្មត​នៅ​កម្ពុជា​ហើយ​ក៏​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ផង​ដែរ។​លោក​បន្ត​ថា ជា​ការ​ចាំបាច់​បំផុត​ក្នុង​ការ​អភិរក្ស​សត្វត្មាត​ទាំង​បី​ប្រភេទ​នេះ ​ត្រូវ​មាន​ការ​ចូលរួម​ពី រដ្ឋាភិបាល អង្គការ​អភិរក្ស​នានា រួម​ជាមួយ​សហគមន៍​មូលដ្ឋាន។

សូម​រឭក​ថា សត្វ​ត្មាត​នៅ​ក្នុង​កម្ពុជា​បាន​នឹង​កំពុង​គំរាម​កំហែង​ដោយសារ​ការ​បាត់បង់​ទី​ជម្រក​ កង្វះ​ចំណី​អាហារ ការ​បាត់បង់​ព្រៃឈើ​តាម​រយៈដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​កាប់​ឆ្ការព្រៃ ​ដែល​ជា​ហេតុ​បាត់បង់​ជម្រក​ពង​កូន​របស់​ត្មាត។រី​បញ្ហា​មួយ​ទៀត​គឺ ការ​បំពុល ដែល​បញ្ហានេះ​បណ្តាល​ឲ្យ​សត្វ​ត្មាត ជាង៣០ក្បាល​ស្លាប់ ដោយ​សារ​តែ​ស៊ី​សាក​សព​សត្វ​ដែល​ស្លាប់​ដោយ​សារ​ថ្នាំ​ពុល។

នាយក​កម្មវិធី​អភិរក្ស​របស់​អង្គការ​ជីវិត​សត្វ​ស្លាប លោក ប៉ូ វរសក្ស បាន​គូស​បញ្ជាក់​ថា ​ទោះបី​ជា​មាន​ការ​អភិរក្ស​ក៏​មិន​អាច​បញ្ឈប់​ការ​ធ្លាក់​ចុះ​នូវ​ចំនួន​សត្វត្មាត​នោះទេ។ លោក​បន្ត​ថា នៅឆ្នាំ​នេះ ស្ថាន​ភាព​សត្វ​ត្មាត​ស្ថិត​ក្នុង​ការ​ព្រួយ​បារម្ភ​បំផុត ហើយ​យើង​អាច​ឃើញ​ពី​ចំនួន​សត្វ​ត្មាត​ភាគ​ច្រើន​មាន​នៅតែ​ តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប និង​ដែន​ជម្រក​សត្វ​ព្រៃ​សៀម​ប៉ាង​ខាង​លិច។

ទាក់​ទង​នឹង​ការ​ព្រួយ​បារម្ភ​នៃ​ការ​ធ្លាក់​ចុះ​នេះ​ កញ្ញា នី ណៃគី អ្នក​សម្រប​សម្រួល​គម្រោង​អភិរក្ស​សត្វត្មាត​នៅ​កម្ពុជា បាន​សំណូមពរ​យ៉ាង​ទទូច សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​អភិរក្ស​និង​បញ្ឈប់​រាល់​ការ​ទិញ​ឬបរិភោគ​សាច់​សត្វ​ព្រៃ។​កញ្ញា​បន្ត​ថា ការ​បរិភោគ​សាច់​សត្វ​ព្រៃ​ដែល​មាន​ផ្ទុក​សារធាតុ​ពុល វា​អាច​មាន​ផល​ប៉ះ​ពាល់ខ្លាំង​ដល់​សុខភាព​ទៀត​ផង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ត្មាត​គឺជា​សត្វ​ដ៏ សំខាន់ និង​ដើរ​តួនាទី​ក្នុង​ការ​សំអាត​បរិស្ថាន គ្រប់គ្រងការ​រីករាល​ដាល​នៃ​ជំងឺ និង​មេរោគ ។សត្វ​ត្មាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​៣​ប្រភេទ រួមមាន ត្មាតភ្លើង ត្មាតត្នោត និង​ត្មាតផេះ។ពួក​ត្មាត​ទាំង​នេះ​បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់ ​អង្គការ IUCN ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកល​លោក។ ប្រភព៖ RFI

Loading...