Reuters បាន​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​របស់ Japan Airlines ឲ្យ​ដឹងថា យន្តហោះ​១​គ្រឿង​របស់​ក្រុមហ៊ុន​នេះ​បាន​ចុះចត​បន្ទាន់ នៅ​ក្រុង​តូ​ក្យូ បន្ទាប់ពី​អ្នកបើកបរ​ប្រកាសអាសន្ន​ថា ផ្នែក​ខាងឆ្វេង​របស់​យន្តហោះ​ត្រូវ​សត្វ​ស្លាប​វាយប្រហារ ។​



​រូបភាព​លើ​អេក្រង់​ទូរទស្សន៍ បង្ហាញ​ឲ្យ​ឃើញ​អគ្គីភ័យ​ឆាបឆេះ​ពី​គ្រឿង​ម៉ាស៊ីន​ខាងឆ្វេង គ្រា​យន្តហោះ​ទើប​ហោះហើរ​ចេញផុត​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Handeda ឆ្ពោះទៅកាន់​បុរី​ញូវយ៉ក នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៧ ។​

​យន្តហោះ Boeing 777 មាន​ផ្ទុក​អ្នកដំណើរ ២៣៣ នាក់ និង​ក្រុម​ពហុ​និ​ការ ១៥ នាក់ ត្រូវបាន​សំណូមពរ​ឲ្យ​ចុះចត​ជាបន្ទាន់ ។ សំណាងល្អ ដែល​ពុំមាន​អ្នកណាម្នាក់​រងរបួស ។​

​អ្នកនាំពាក្យ​របស់ Japan Airlines ឲ្យ​ដឹងថា ពពួកសត្វ​ស្លាប​ត្រូវបាន​ចាត់ទុកជា «​ជនដៃដល់​» នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​គួរ​ឲ្យ​តក់ស្លុត​នេះ ។ ទោះយ៉ាងណា ក៏​ការស៊ើបអង្កេត​រក​មូល​ហេតុ​នៅតែ​ត្រូវបាន​ធ្វើឡើង ។​

​គួរ​កត់សម្គាល់ថា ព្រលានយន្តហោះ Heneda តែង​រក​ការវាយប្រហារ​ពី​សំណាក់​ពពួក​បក្សាបក្សី​ជាច្រើន ។ ឆ្នាំ​២០១៦ មាន​ករណី​យន្តហោះ​រងគ្រោះ​ដោយ​សត្វ​ស្លាប​ទាំងនេះ​ចំនួន ១៨២ ករណី ប៉ុន្តែ ពុំមែន​ករណី​ណា​ក៏​ធ្ងន់ធ្ងរ​ដូច​ករណី​ថ្ងៃទី​៥ ខែកញ្ញា នេះ​ទេ ៕​