ឧទ្យាន​ថាមពល​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ដំបូង ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​ប្រមាណ​១០ មេហ្គាវ៉ាត់​នោះ បាន​លេច​រូប​រាង​ហើយ ក្នុង​ខេត្ត​ស្វាយរៀង។ ស្ថានីយ​ថាមពល​នេះ នឹង​ផលិត​ថាមពល​ស្អាត​ដោយ មិន​មាន​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​នោះ​ឡើយ។

អត្ថបទដោយ៖ ជក់ សុភា

លោក កែវ រតនៈ ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​អគ្គិសនី​ជាតិ​កម្ពុជា ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា ថាមពល​អគ្គិសនី​លើក​ទី​១ ដែល​បាន​មក​ពី​ពន្លឺ​ព្រះ​អាទិត្យ​នេះ មិន​ត្រឹម​តែ​បម្រើ​ក្នុង​ខេត្ត​ស្វាយ​រៀង​ប៉ុណ្ណោះ​ទេ តែ​វា​បម្រើ​ឲ្យ​បណ្តាញ​អគ្គិសនី​ជាតិ​ផង​ដែរ។ លោក​បន្ត​ថា គំរោង​ឧទ្យាន​សូឡា​នេះ ប្រើ​ប្រាស់​ផ្ទាំង​សូឡា​ចំនួន ៣៣០០​ផ្ទាំង​កញ្ចក់ ដែល​នាំ​ចូល​មក​ពី​ប្រទេស​កាណាដា។

ថាមពល​អគ្គិសនី​ដែល​បាន​មក​ពី ពន្លឺ​ព្រះ​អាទិត្យ​នេះ ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន Sunseap Asset មក​ពី​សឹង្ហបុរី​ដែល​ចំណាយ​អស់​ទឹក​ប្រាក់​១២.៥​លាន​ដុល្លារ​ក្នុង រយៈ​ពេល​កិច្ច​សន្យា​២០​ឆ្នាំ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង ។

លោក កែវ រតនៈ បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ផែន​ការ​មេ​របស់​ជាតិ កម្ពុជា​ត្រូវ​ការ​ថាមពល​ពី​ផ្ទាំង​សូឡា​នេះ​ប្រមាណ​៣០ មេហ្គាវ៉ាត់​បន្ថែម​ទៀត​ក្នុង​ជំហាន​ទី​២។ លោក​បញ្ជាក់​ថា អគ្គិសនី​កម្ពុជា​បាន​នឹង​កំពុង​ពិភាក្សា​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លើ​ឯកសារ​ពាក់​ព័ន្ធ​នឹង​ការ​ដេញ​ថ្លៃ​ផ្គត់​ផ្គង់​ប្រព័ន្ធ​ថាមពល​អគ្គិសនី​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​នេះ ជា​លក្ខណៈ​អន្តរជាតិ។ នៅ​ចុង​ឆ្នាំ​នេះ ឬ​ដើម​ឆ្នាំ​២០១៨ គម្រោង​បន្ត​គឺ​មាន​លក្ខណៈ​ធំ​ជាង​ទី​តាំង​ទី​មួយ​នេះ។ គំរោង​នេះ​នៅ​ជិត​ទីក្រុង​ភ្នំពេញ ដែល​វា​អាច​ជួយ​លើក​គុណភាព​តង់​ស្យុង​ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ។ នេះ​បើ​តាម​អគ្គនាយក​អគ្គិសនី​ជាតិ​កម្ពុជា។

ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​នេះ​ដែរ លោក កែវ រតនៈ​ អះអាង​ថា សូឡា​នេះ​ជា​ថាមពល​ស្អាត​មួយ ដែល​ប្រទេស​លើ​ពិភព​លោក​មាន​ការ​ចាប់​អារម្មណ៍​ប្រើ​ប្រាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឧទ្យាន​សូឡា​នេះ អាច​ជួយ​បង្កើត​ការងារ​ដល់​កសិករ​ជាង​២៥០​នាក់​និង​ក្រុម​ហ៊ុន​មាន​ផែន​ការ​បណ្តុះ​បណ្តាល​និស្សិត​ខ្មែរ​ប្រមាណ​១​ពាន់​នាក់​សម្រាប់​កម្មវិធី​ថាមពល​សូឡា​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា តម្រូវ​ការ​អគ្គិសនី​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ទាំង​មូល ត្រូវ​ការ​ថាមពល​អគ្គិសនី​ប្រមាណ​៤០ មេហ្គាវ៉ាត់ ហើយ​២០​មេហ្គាវ៉ាត់ កម្ពុជា​បាន​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម​មក​បំពេញ។ រី​សម្រាប់​ប្រទេស​កម្ពុជា​ទាំង​មូល ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​មាន​ប្រមាណ​ជាង ២​ពាន់​មេហ្គាវ៉ាត់។ ប្រភព៖ RFI

Loading...