​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជំនាញ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានរួម​សហការគ្នា​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ឆ្នាំនេះ ឲ្យ​មាន​ភាព​រីករាយ ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។

​បុណ្យ​ភ្ជុំបិណ្ឌ​នេះ លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​ពង្រឹង​វិន័យ​កងកម្លាំង​នគរបាល និង​បាន​ផ្សព្វផ្សាយ ផែនការ ការពារ សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខាងមុខ​។

​ក្នុង​កិច្ចប្រជុំ លោកស្នងការ បាន​រំលឹក​ដល់​កម្លាំង​នគរបាល នៅតាម​មូលដ្ឋាន​នានា ត្រូវ​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​រួមមាន​៖ បទល្មើស​លួច ឆក់ ប្លន់ ដើម្បី​រក្សាសុខ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។
​លោក ជួន ណា​រិន្ទ បាន​ព្រមាន​ទៅ​កម្លាំង​នគរបាល នៅតាម​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​២៩ និង​កម្លាំង​នគរបាល​ការពារ​អន្តរាគមន៍ និង​គ្រប់​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ទាំង​៤ នា​ខេត្ត​ព្រះសីហនុ ឲ្យ​បង្ក្រាប់​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ​មានដូចជា​៖ បទល្មើស​ល្បែង​ជល់​មាន់ បៀរ​អាប៉ោង ជាពិសេស​បទល្មើស​គ្រឿងញៀន​ជាដើម ត្រូវ​លុបបំបាត់​ឲ្យ​អស់ពី​មូលដ្ឋាន​នីមួយៗ​ឲ្យ​បានជា​ស្ថាពរ​។ ជាង​នេះ លោកស្នងការ ក៏បាន​ដាក់បទបញ្ជា​ទៅ​កម្លា​ង​នគរបាល​ជំនាញ នៅតាម​គោលដៅ​នានា ក៏ត្រូវ​រួមសហការ​គ្នា ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​បានជា​ប្រចាំ ដើម្បី​ឈានទៅ​កាត់បន្ថយ អត្រា​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ នៅក្នុង​អំឡុងពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​។

​ពិធីបុណ្យ​ភ្ជុំ​ឆ្នាំ​នេះដែរ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​ស្នើ​ដល់​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ មាន​រថយន្ត និង​ម៉ូតូ​ជាដើម ត្រូវអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​បានជា​ប្រចាំ ដោយ​មិនត្រូវ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បើកបរ​យានយន្ត​នោះទេ​។ លោក​ថា សុវត្ថិភាព​បើកបរ ឬ​ការបើកបរ​មិន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​ចាប់ផ្តើម​ពី​ឥរិយាបទ របស់​អ្នកបើករ​គ្រប់ៗ​រូប ដែល​ចេះ​អធ្យាស្រ័យ និង​មានការ​យោគយល់​ឲ្យ​គ្នា​ទៅវិញទៅមក នៅ​គ្រប់​កាលៈទេសៈ​។​

​លោក យន្ត មីន បាន​យក​ឱកាស​នេះ​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទូទាំងប្រទេស​កម្ពុជា ពិសេស​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ​ទាំងអស់ សូម​ឲ្យ​ជួបតែ​សេចក្តីសុខ មាន​សុខ​ភាពល្អ មាន​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត ឬ​ការធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​រៀងៗ​ខ្លួន សូម​ឲ្យ​មាន​សុវត្ថិភាព ព្រមទាំង​រាល់​ការប្រកបមុខរបរ​ផ្សេងៗ ឲ្យ​ទទួលបាន​ជោគជ័យ​រីកចំរើន នាឱកាស​បុណ្យ​ភ្ជុំ​ឆ្នាំនេះ​ត​រហូត​ទៅ​ថ្ងៃ​អនាគត​។​

​ចំណែកបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​នេះ ក៏បាន​ប្រជុំ​ផ្សព្វផ្សាយ​ពង្រឹង​ដល់​កងកម្លាំង​ក្រោម​ឱវាទ​លោក ឲ្យ​បង្កើន​សកម្ម​ភាពចុះ​ល្បាត ការពារ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដោយ​ត្រូវ​ចុះ​ល្បាត​ទាំងយប់​ថ្ងៃ នៅតាម​គោលដៅ​ទទួលខុសត្រូវ​រៀងៗ​ខ្លួន ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ឲ្យ​បានជា​ស្ថាពរ​។

​បុណ្យ​ភ្ជុំបិណ្ឌ​នេះដែរ លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា រដ្ឋបាលខេត្ត​នេះ បាន​ប្រជុំ​ជាមួយ​ប្រតិបត្តិ​ករ​ទេសចរ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ស្ថាប័ន​ស៊ីវិល និង​ប្រដាប់អាវុធ ដើម្បី​រួមសហការ​គ្នា ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ ការទទួល​បដិសណ្ឋារកិច្ច និង​ការការពារ​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ឆ្នាំនេះ​។​

​ព្រម​គ្នា​នេះ លោក សុ​ចិត្ត​គ្រឹ​ស្នា បាន ស្នើ​ដល់​ប្រតិបត្តិ​ករ​ទេសចរ ឬ​អាជីវករ​ទូទៅ នា​ខេត្ត​ព្រះសីហនុ សំណូមពរ​កុំ​ឲ្យ​តម្លើង​តម្លៃ​សេវា​ផ្សេងៗ​ខ្ពស់​ហួសហេតុ​ពេក​។ លោក​បន្តថា បើសិនជា​អាច អាជីវករ​ប្រកប​របរ​ពី​សេវា​បំរើ​វិស័យ​ទេសចរណ៍​នេះ គួរ​ត្រូវ​រក្សា​តម្លៃ​សេវា​បំរើ ឲ្យ​ដូច​ថ្ងៃ​ធម្មជាតិ​គ្មាន​បុណ្យទាន ដើម្បី​ឲ្យ​ភ្ញៀវទេសចរ ពិសេស​ភ្ញៀវ​ជាតិ មានឱកាស​ធ្វើដំណើរ​កម្សាន្ត​ចូលមក​ទស្សនា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​នា​ពិធីបុណ្យ​ភ្ជុំ​ឆ្នាំនេះ​។​

​យ៉ាងនេះ​ក្តី គេ​កត់សម្គាល់ថា នៅពេល​មាន​ពិធីបុណ្យ​ជាតិ​ធំៗ​ចូល​មកដល់​រួមមាន​៖ បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំ និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឬ​ដាច់​ឆ្នាំ​ជាដើម តម្លៃ​សេវា​បំរើ​ផ្សេងៗ​នា​ខេត្ត​ព្រះសីហនុ មាន​ដូច​តម្លៃ​ផ្ទះសំណាក់ សណ្ឋាគារ និង​តម្លៃ​អាហារ​ទទួលទាន​ជាដើម ត្រូវ​ប្រតិបត្តិ​ករ​ទេសចរ​នៅតាម​ទីតាំង​ភាគច្រើន បាន​តម្លើង​តម្លៃ​សេវា​បំរើ របស់ខ្លួន មានតម្លៃ​ខ្ពស់ជាង​ថ្ងៃ​ធម្មតា ១ កើន​ទ្វេ​ជា ៣ ឬ​ច្រើនជាង​នេះ​ក៏មាន​។

​ប្រការនេះ កន្លងមក​នាំ​ឲ្យ​មានមតិ​រិះគន់​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ ឬ​ប្រជាពលរដ្ឋ ពិសេស​មន្ត្រីរាជការ ដែលមាន​ប្រាក់ចំណូល​ប្រចាំខែ​ទាប​។

​បន្ថែម​លើ​នេះ ក៏មាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ខេត្ត​មួយចំនួន ក្នុងប្រទេស​កម្ពុជា ខ្លាចរអា មិន​ហ៊ាន​នាំ​ក្រុមគ្រួសារ​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ​ទេ នៅពេល​មានបុណ្យ​ជាតិ​ធំៗ ព្រោះ​ពួកគេ​បារម្ភ ខ្លាច​គ្មាន​ប្រាក់​ចំណាយ​ទៅលើ​ថ្លៃ​អាហារ​ទទួលទាន ពិសេស​តម្លៃ​សណ្ឋាគារ និង​ផ្ទះសំណាក់​ជាដើម ដែល​ត្រូវ​ប្រតិបត្តិ​ករ​ទេសចរ​នា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ តែង​បាន​តម្លើង​តម្លៃ​ខ្ពស់កប់ពពក​នាពេល​កន្លងមក​នោះ​៕ ខ្មែរ​ស្ថាបនា​

Loading...