​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​ដីធ្លី និង​លិខិតបទដ្ឋាន​នានា ដែល​ពាក់ព័ន្ធ​វិស័យ​ដីធ្លី ជូន​ដល់​មន្ត្រី​នៅតាម​មូលដ្ឋាន​នានា ក្រោម​ឱវាទ​រដ្ឋបាល ខេត្ត​ព្រះសីហនុ ដើម្បី​ឈានទៅ​គ្រប់គ្រង​ដី​សាធារណៈ​របស់​រដ្ឋ និង​កាត់បន្ថយ​ជម្លោះដីធ្លី​នា​មូលដ្ឋាន​នេះ​។

​លោក លឹម វាន់ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែន ដី​នគរូបនីយកម្ម និង​សំណង់ ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ មានប្រសាសន៍ថា ដើម្បី​សម្រេច​គោលនយោបាយ​ដីធ្លី ក្នុង​វិស័យ​ដីធ្លី អនុ​វត្តមាន​ប្រសិទ្ធភាព គឺ​ទាមទារ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវមាន​ការប្ដេជ្ញាចិត្ត ពី​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ចាប់ពី​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​រួម​សហការគ្នា​អនុវត្ត​ការងារ​នេះ​។

​លោក​លើកឡើង​ដូច្នេះ នាឱកាស​អញ្ជើញ​ជា​អធិបតី បើក​សិក្ខាសាលា ស្ដីពី​ការផ្សព្វផ្សាយ ខ្លឹមសារ​ពាក់ព័ន្ធ និង​វិស័យ​ដីធ្លី ជូន​ដល់​អាជ្ញាធរ​ដែនដី ខេត្ត ក្រុង ស្រុក និង​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ ក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែកញ្ញា​។​

​លោក លឹម វាន់ សង្កត់ធ្ងន់ថា បាតុភាព​អវិជ្ជមាន បណ្តាល​ឲ្យ​កើតមាន​វិវាទ​ដីធ្លី បាតុភាព​រំលោភសិទ្ធិ កាន់កាប់​ដីធ្លី បាតុភាព​ចូលកាន់​កាប់​ដី​សាធារណៈ របស់​រដ្ឋ និង​បាតុភាព​ប្រមូល​ទិញ​ដី​ទុក​លក់​ជាដើម បាន​បង្កើត​ឲ្យ​មានទំនាស់​ដីធ្លី​កើតឡើង​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​។ បញ្ហា​នេះ នាំ​ឲ្យ​ប៉ះពាល់ ដល់​សុ​វត្តិភាព​នៃ​ការកាន់កាប់​ដីធ្លី នៅតាម​មូលដ្ឋាន​មួយចំនួន មានទំនាស់​ដីធ្លី​នៅតាម​សហគមន៍​ពលរដ្ឋ​រស់​នៅ​មួយចំនួន នា​ខេត្ត​ព្រះសីហនុ​កន្លងមក​។

​លោក​បន្តថា ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ទើប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​ច្បាប់ ឬ​គោលនយោបាយ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជាច្រើន ដើម្បី​បំរើ​ដល់​វិស័យ​ដីធ្លី ដោយ​ឈរលើ​គោលការណ៍ ពិគ្រោះ​យោបល់ ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដៃគូរ​អភិវឌ្ឍន៍ និង​សង្គម​ស៊ីវិល​ជាដើម ដើម្បី​ឲ្យ​លិខិត បទដ្ឋាន​ពាក់ព័ន្ធ​ការងារ​ដីធ្លី ដែល​ត្រូវ​យកទៅអនុវត្ត​ទៅលើ​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ ដាច់​ដោយ​ដុំ ព្រមទាំង​ការដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធតុលាការ ការគ្រប់គ្រង​ដី​រដ្ឋ ការផ្ដល់​សម្បទាន​ដី​សង្គមកិច្ច​ ។

​ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​ជាដើម ឲ្យ​ទទួលបាន​ជោគជ័យ​៕ ខ្មែរ​ស្ថាបនា

Loading...