​ជញ្ជាំង​ថ្ម​តូច​មួយ​នៅ​ប្រទេស​ចិន អំឡុង​៣០​ឆ្នាំ​ម្តង វា​តែង​លយ​ចេញ​នូវ​ដុំថ្ម​មូល​ប៉ុនៗ​កណ្តាប់ដៃ​ធ្វើ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ក្រញាញ់​ខួរ ព្រោះ​បកស្រាយ​ពុំរួច ។​

​តាម​កាសែត The Sun ជញ្ជាំង​ថ្ម​នេះ​គេ​ដាក់ឈ្មោះថា Chan Danya តាម​ភាសា​ចិន​វិញ​មានន័យថា “​ជញ្ជាំង​ថ្ម​បង្កើត​ស៊ុត​” ស្ថិតនៅ​តំបន់​ស្វយ័ត Kali ភាគខាងត្បូង​ខេត្ត Guishou ភាគ​និរតី​ប្រទេស​ចិន ។​

​រឿង​ដ៏​លំបាក​យល់ គឺ​ចេញពី​ជញ្ជាំង​ថ្ម​នេះ​រៀងរាល់​៣០​ឆ្នាំ​ម្តង គឺមាន​ដុំថ្ម​មូល​រលោង​ស្រិល ពន្លេច​ចេញ​ម្តង​បន្តិចៗ​រួច​ធ្លាក់ចុះ​ជ្រោះ​ក្បែរ​នោះ ។ ជញ្ជាំង​ថ្ម​ដែលមាន​ទំហំ​ត្រឹម​បណ្តោយ ២០​ម៉ែត្រ កម្ពស់ ៦ ម៉ែត្រ តែង​កើត​មានរឿង​ដូច្នេះ​តាំងពី​យូរ​មកហើយៗ ប្រជាជន​ម្តុំ​នោះ​នាំគ្នា​រើសយក​វា​ទៅ​ទុក​ផ្ទះ ព្រោះ​ជឿថា វា​នាំ​ភ័ព្វសំណាង និង​សេចក្តីសុខសាន្ត ។​

​លទ្ធផល​នៃ​ការវិភាគ​ភូ​កុ​ម្ព​សាស្ត្រ បង្ហាញ​ឲ្យ​ឃើញថា ប្រភេទ​ថ្ម​នៅ Chan Danya នេះ​កើតមាន​តាំងពី​មុននេះ ៥០០ លាន​ឆ្នាំ គឺ​នៅ​យុគ្គ Cambri ។ ប៉ុន្តែ​ជញ្ជាំង​ថ្ម​ពិសេស​ចំណុះ​ភ្នំ Gandeng នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ថ្មកំបោរ ដែល​សម្បូរ​ហើយ​មាន​ពាសពេញ​ពិភពលោក ។ ចំណែក​ក្នុង​ដុំថ្ម​មូលៗ​នោះ គេ​ពិនិត្យឃើញ​ស្នូល​របស់​វា​មាន​ផ្ទុក​ប្រភេទ​ថ្ម​ល្បាយ ។​

​អ្នកវិទ្យាសាស្ត្រ​ជាច្រើន បាន​ទៅកាន់​តំបន់​នេះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ តែ​នៅ​ពុំទាន់​បកស្រាយ​បាន​ពី​ដំណើរ​វិវត្តន៍​កកើត​ជា​ដុំថ្ម​មូលៗ រួច​ពន្លេច​ខ្លួន​ចេញ​បន្តិច​ម្តងៗ​ដោយ​វិធី​ណា ហើយ​ហេតុអ្វី​នៅ​តំបន់​ភុ​កុ​ម្ព​សាស្ត្រ មាន​អាយុកាល​កន្លះ​ពាន់​លាន​ឆ្នាំ​ទៅហើយ បែរជា​ផ្ទុក​សមាសធាតុ​ថ្មកំបោរ​!? ៕​

Loading...