​តាម Express សមត្ថកិច្ច​របស់​ចិន បាន​បិទទ្វា​ឧ​ស្យា​ន​ជាតិ​មួយ​នៅ​ជិត​កំពូល​ភ្នំភ្លើង Paektu ដែលមាន​ទំហំ ១៨០ គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅ​ច​ម្លោះ​ព្រំដែន​ប្រទេស​នេះ នឹង​កូរ៉េខាងជើង ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​ចូល​កៀក​តំបន់​នោះ ព្រោះ​បារម្ភ​ថា វា​អាច​ផ្ទុះ​ដោយ​ពុំ​បានដឹង​ជាមុន ។​

​ពេលនេះ បណ្តា​ឧបករណ៍​វាស់​ស្ទង់​ដ៏​ទំនើប បាន​រាវ​រកឃើញ​នូវ​ការរញ្ជួយ​តូចៗ​ក្នុង​តំបន់​អភិរក្ស​ធម្មជាតិ Baashan ស្ថិតនៅ​ម្ខាង​នៃ​ភ្នំភ្លើង Paektu បន្ទាប់ពី​ការសាកល្បង​គ្រាប់បែក H ដ៏​ខ្លាំង​កន្លងមក​របស់​កូរ៉េខាងជើង ។​

​មន្ត្រី​សមត្ថកិច្ច​ម្នាក់​បាន​ប្រាប់ថាៈ «​ដើម្បី​សុវត្ថិភាព និង​ចៀសវាង​បង្ក​ការរអាក់រអួល​នៃ​ដំណើរ​ទស្សនា​នៃ​ភ្ញៀវទេសចរ យើងខ្ញុំ​បាន​បិទទ្វា​ជា​បណ្តោះអាសន្ន តំបន់​ប៉ែក​ខាងត្បូង​នៃ​ភ្នំ​ឆាង​បៀ ។ យើង​កំពុង​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ នូវ​កំរិត​សុវត្ថិភាព​ក្នុង​តំបន់​នោះ ។ តំបន់​នេះ​នឹង​បិទទ្វា​ពុំ​ទទួលភ្ញៀវ​រហូតទល់​ពេល​សុវត្ថិភាព​ត្រូវបាន​បញ្ជាក់ថា ពុំមាន​ហានិភ័យ​ទៀត​» ។​

​ការរកឃើញ​ខាងលើ ជា​សញ្ញា​គួរ​ឲ្យ​ប្រកាសអាសន្ន ព្រោះ​ក្នុង​អតីតកាល ភ្នំភ្លើង Paektu ធ្លាប់បាន​បង្កឡើង​នូវ​សោកនាដកម្ម​ដ៏​សាហាវ​មួយ បន្ទាប់ពី​វា​ផ្ទុះ ។​

​ក្រុង​ព្យុងយ៉ាង​សាកល្បង​បន្តបន្ទាប់​នូវ​គ្រាប់បែកនុយក្លេអ៊ែរ​គ្រប់​ប្រភេទ ពិសេស​ការសាកល្បង​គ្រាប់បែក H កន្លងទៅ ។​

​មុន​នោះ ក្រុម​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​កូរ៉េខាងត្បូង បានធ្វើ​ការសិក្សា​លើ​ករណី​សាកល្បង​នុយក្លេអ៊ែរ ៣ លើក មុននេះ​នៅ​ឆ្នាំ​២០០៦, ២០០៩ និង ២០១៣ ហើយ​បាន​រកឃើញ​ការរញ្ជួយ​ដី​កំរិត ៧ រង្វាស់​រិច​ទ័​រ អាច​នាំ​ឲ្យ​ភ្នំភ្លើង​ផ្ទុះ​បាន ។​

​រៀងរាល់​ការសាកល្បង​១​លើកៗ កំរិត​រញ្ជួយ​ដី​មាន​កំណើន​ជា​លំដាប់​៖ ឆ្នាំ​២០០៦ គឺ ៣,៦ ឆ្នាំ​២០០៩ គឺ ៤,៤ ហើយ​ឆ្នាំ​២០១៣ គឺ ៤,៨ រង្វាស់​រិច​ទ័​រ ។​

​ហេតុនេះ តាម​ទ​ល្ហី​ករ​ណ៍​ខាងលើ​របស់​អ្នកវិទ្យាសាស្ត្រ ប្រសិនបើ​កូរ៉េខាងជើង​ពុំមាន​ការពិចារណា​ស្រួល​បួស​ទេ នោះ​បើ​ហ៊ាន​បន្តធ្វើ​ឲ្យ​ភ្នំភ្លើង​ដ៏​សាហាវ​នេះ «​ភ្ញាក់​ពី​ដំណេក​» នោះ​នឹងត្រូវ​រង​ទទួល​មហា​សោកនាដកម្ម ដែល​ពុំ​ចាំបាច់​អាមេរិក​វាយប្រហារ​ផង ៕​

Loading...