​ប្ញ​សគល​នៃ​កុលសម្ព័ន្ធ​ជន​ស្បែក​ក្រហម​ភាគតិច Kogi គឺ​ផ្តើមចេញពី​អារ្យធម៌ Tainora រស់​នៅលើ​ជ្រលង​ភ្នំ Sierra Nevada ប្រទេស​កូ​ឡំ​ប៊ី ។ នោះ​ជាទី​ឋាន​មួយ​ស្ងាត់ជ្រងំ ពពក​រសាត់​លើ​ភូមិដ្ឋាន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ពិសេស គឺ​ស្ទើរ​ពុំមាន​នរណា​ហ៊ាន​មកកាន់​កន្លែង​នេះឡើយ ។​

​សមាជិក​នៃ​កុលសម្ព័ន្ធ​នេះ សុទ្ធតែ​អះអាងថាៈ ដូនតា​របស់​យើងខ្ញុំ​មាន​វត្តមាន​លើ​ភពផែនដី​នេះ តាំងពី​យូរលង់​មកហើយ មុន​ទាំង​មាន​វត្តមាន​របស់​ដូនតា​មនុស្សលោក​ខាងក្រៅ​ច្រើនណាស់ ។ យើងខ្ញុំ​ដឹង​ច្បាស់​ពី​អតីតកាល នឹង​យល់ច្បាស់​ពីអ្វី​ដែល​នឹង​កើតឡើង​សំរាប់​ភពផែនដី​នេះ ។​

​ពួកគេ​រស់នៅ​ផ្តាច់ខ្លួន និង​ពិភពលោក​ខាងក្រៅ ដោយមាន​ទំនាក់ទំនង​តិច​តូច​បំផុត នឹង​កុលសម្ព័ន្ធ​ខ្លះៗ​ក្បែរ​នោះ​ប៉ុណ្ណោះ ។​

​តាម​ការសិក្សា​របស់​អ្នកវិទ្យាសាស្ត្រ​ខ្លះ កុលសម្ព័ន្ធ​នេះ​មាន​អាយុ​កាលពី ៧០០០ ឆ្នាំ ទៅ ៨០០០ ឆ្នាំ ហើយ​អាច​កកើត​មុន​យុគ្គសម័យ​នៃ​ជន Inca និង Maya ល្បី​ថា​មាន​អារ្យធម៌​កំពូល​នៅ​អាមេរិក​ខាងត្បូង ។​

​កុលសម្ព័ន្ធ Kogi មាន​រាងរៅ​តូច​ច្រឡឹង សម្បុរ​ស្រអែម សក់រួញៗ ហើយ​ទាំងប្រុស​ទាំងស្រី សុទ្ធតែ​ទុក​វែង ។ ពិសេស ពួកគេ​ស្លៀកពាក់​ដូចៗ​គ្នា មិន​ថា​ប្រុស ឬ ស្រី ។ ពួកគេ​រស់នៅ​ក្នុងផ្ទះ​តូចៗ​ធ្វើ​ពី​ឈើ និង​ស្លឹកឈើ តែ​ស្អាត​អនាម័យ និង​ស្រឡះស្រឡំ ។​

​ប្រការ​ដែល​គេ​មាន​អាយុ​រយ​ឆ្នាំ សំរាប់​ទី​១ គឺ​ពួកគេ​ពុំ​បរិភោគ​សាច់​ទេ សូម្បីតែ​ត្រី ឬ សត្វល្អិត​ក្តី ។ ជីវភាព​រស់នៅ​ពឹងពាក់​ទាំងស្រុង​លើ​ម៉ើ​ម ផ្កែ​, ផ្កា ឬ ស្លឹក​រុក្ខជាតិ ។ នេះ​ជា​ទម្លាប់​ធម្មជាតិ​ពុំមាន​ការចាប់​បង្ខំ​ឡើយ ។ ពួកគេ​ថា បរិភោគ​បែបនេះ គឺ​បង្ហាញ​នូវ​ភាព​បរិសុទ្ធ​ផ្លូវចិត្ត ។​

​ទស្សនៈ​របស់​ពួកគេ​គឺៈ ផែនដី ជាទី​ឋាន​រស់នៅ​របស់​សត្វលោក​ទាំងអស់ ហេតុអ្វី​បានជា​មនុស្ស​នៅ​ជា​កាប់សម្លាប់​អម្បូរ​សត្វលោក​ដទៃ​? សត្វលោក​ទាំងអស់ សុទ្ធតែ​ចេះ​ឈឺចាប់ ហេតុអ្វី​បែរជា​ទៅ​បរិភោគ «​របស់​កំពុង​ឈឺចាប់​?» ។​

​ការដាំដុះ​របស់​ពួកគេ គឺ​សាមញ្ញ​តាម​ធម្មជាតិ​សុទ្ធសាធ តែ​ប្រការ​ចម្លែក គឺ​ពួកគេ​ពុំមាន​ស្តុក​ទុក​ស្បៀងអាហារ​អ្វី​ឡើយ ។​

​រឿង​ចម្លែក​នេះ​ត្រូវបាន​បកស្រាយ​សាមញ្ញ​ថាៈ ការ​ស្តុក​ទុក​នឹងធ្វើ​ឲ្យ​មនុស្ស​ក្លាយជា​មានចិត្ត​ចង្អៀតចង្អល់ លោភលន់ ចង់​ក្លាយជា «​ម្ចាស់​កម្មសិទ្ធិ​» ច្រើនជាងគេ ជាហេតុ​នាំ​ឲ្យ​មាន​ជម្លោះ​កាប់​ចាក់​ដណ្តើម​គ្នា ។ ម្យ៉ាងទៀត តាម​ពួកគេ​នោះ «​សំណល់​ទុក​» វា​ធ្វើ​ឲ្យ​មិន​ស្រប​នឹង​សណ្តាប់​ធ្លាប់​នៃ​ធម្មជាតិ ។​

​ការ​មាន​អាយុ​វែង​របស់​ពួកគេ ក៏​ត្រូវបាន​បកស្រាយ​ថាៈ ប្រសិនបើ​រស់នៅ​សម្រប​ជាមួយ​ធម្មជាតិ នោះ​ពុំ​អាច​ឈឺ​បានឡើយ ។ ជំងឺ​ជា​លទ្ធផល​នៃ​ទង្វើរ​ផ្ទុយ​នឹង​ធម្មជាតិ ។ យើង​បំផ្លាញ​ធម្មជាតិ នោះ​ធ្វើ​ឲ្យ​ទំនាក់ទំនង​មនុស្ស និង​ធម្មជាតិ​បាត់​តុល្យភាព ចុងក្រោយ​មនុស្ស​នឹង​ទទួលយក​នូវ​ជំងឺ​គ្រប់បែបយ៉ាង ។​

​ពួកគេ​ពុំមាន​ការគោរព​ប្រតិបត្តិ​តាម​សាសនា ឬ ជំនឿ​អ្វី​ទេ ។ មនុស្សពេញវ័យ ពួកគេ​តម្រូវ​ឲ្យ​ធ្វើ​វិបស្សនា ៩ ឆ្នាំ ។ តាម​នោះ គឺ​គេ​អង្គុយ​ទល់មុខ​ជាមួយ​ជញ្ជាំង​ភ្នំ​ថ្ម ហើយ​ពិចារណា​ពី​ទំនាក់ទំនង​រវាង​មនុស្ស និង​ធម្មជាតិ សម្រប​ខ្លួន​ជាមួយ​ទឹក ដី​….. ។​

​ពួក​កុល​ស​ម្ព័​ន្ថ​វ័យ​ចំណាស់ នឹង​ប្រាប់​ដល់​ក្មេងៗ​ជំនាន់​ក្រោយពី​បទពិសោធន៍ និង​ការយល់ដឹង​របស់​ពួកគេ​ពី «​អាថ៌កំបាំង​របស់​ចក្រ​វា​ឡ​» ។ ពួកគេ​ក៏​តែង​ប្រតិបត្តិការ​សម្មាធិ ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ចក្រ​វា​ឡ ។ តាមរបៀប​នោះ ថ្វីបើ​ពួកគេ​ពុំមាន​ទំនាក់ទំនង​អ្វី​ជាមួយ​មនុស្ស​ខាងក្រៅ តែ​គេ​បានដឹង​រាល់​ការវិវត្តន៍​នៃ​ពិភពលោក ៕​

Loading...