​ប្រជា​នេសាទ​ជប៉ុន​ដែល​រស់​នៅតាម​ភូមិ​នេសាទ​ទាំងឡាយ នៅ​តំបន់​ឆ្នេរសមុទ្រ OKino សុទ្ធសឹងតែ​ដឹង​ពី​រឿងនិទាន​តំណាល​តៗ​គ្នា​ពី Kujira Jinja ។ ខ្លឹមសារ​ស្នូល​នៃ​រឿងនេះ​គឺ​ពី​ដើម​មក​វត្តមាន​នៃ​ត្រី​បា​ឡែ​ន ចំពោះ​ពួកគេ​គឺជា​សំណាង​សម្រាប់​មុខរបរ​របស់ខ្លួន ។ ហេតុនេះ​ការ​ប្រមាញ់​ត្រី​បា​ឡែ​ន​គ្រានោះ​ត្រូវបាន​ចាត់ទុកជា​ប្រភព​ចំណូល​ធំ​បំផុត​របស់​ប្រជា​នេសាទ​ទាំងនោះ ។​

​មួយរយៈ​ក្រោយមក​រាល់​គំនិត “​វិជ្ជមាន​” ដោយ​សម្លាប់​ត្រី​បា​ឡែ​ន បាន​បាត់បង់​ទាំងស្រុង គ្រា​ដែល​ពួកគេ​បានឃើញ Bakekujira ដោយផ្ទាល់​ភ្នែក ហើយ​នោះ​គឺជា​ព្រលឹង​របស់​ត្រី​បា​ឡែ​ន ដែល​ពួកគេ​បានសម្លាប់​… ។ វា​ថែមទាំង​ដាក់​បណ្តាសារ​គួរ​ឲ្យ​ខ្លាច​… ។​

​រឿងរ៉ាវ​បំភ្លេច​មិនបាន ហើយ​ក្លាយជា​រឿងនិទាន​នេះ​ផ្តើមឡើង​ពី​រឿង​ពិត​នា​រាត្រី​មួយ​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ប្រជា​នេសាទ​នៅ Okino បាន​សម្លឹង​ឃើញ​សត្វ​ត្រី​មួយ​ដ៏​ធំ ហើយ​ឆ្លងកាត់​ស្រទាប់​ទឹកភ្លៀង គេ​ជឿថា​ជា​ត្រី​បា​ឡែ​ន ។ គ្រាន់តែ​ឃើញ​ភ្លាម ម្នាក់ៗ​រំលឹក​ក្នុង​ចិត្ត​ថា ពួកគេ​ប្រទះ “​កំណប់​” ហើយៗ ក៏​ស្រែកហៅ​គ្នីគ្នា​ដោយ​នាំយក​តាម​នូវ​លំពែង ធ្នូរ ឡើង​ទូក​អ៊ុំ​សំដៅ​… “​កំណប់​”​នោះ ។​

​ប៉ុន្តែ​គ្រា​ចូល​កៀក ខណៈ​យក​លំ​ពែ​ក ធ្នូរ ចាក់ បាញ់​… ពុំ​ឃើញ​សត្វ​នោះ​រងរបួស​អ្វី​ទាំងអស់ ក៏​ពួកគេ​ប្រឹង​ចូល​ប្រកៀក​ជាង​មុន ហើយ​សម្លឹង​កាត់​ស្រទាប់​ទឹកភ្លៀង​ទើប​ដឹងថា វា​ជា​គ្រឿង​ឆ្អឹង​ស​ស្ងា​ញ​ដ៏​ធំ​ពុំមាន​សាច់ ស្បែក​អ្វី​ស្រោប​ពី​ក្រៅ ហើយ​គួរ​ឲ្យ​ញាក់សាច់​នោះ​គឺ​វា​មាន​ចលនា​លើ​ផ្ទៃ​ទឹក​! ។​

​ក្រៅពី​គ្រោងឆ្អឹង​ធ្វើ​ចលនា រញ្ជួយ​ផ្ទៃ​ទឹក​ក្នុង​តំបន់​មួយ​យ៉ាង​ធំ នៅមាន​ត្រី​បា​ឡែ​ន​រាប់ពាន់​ហែល​ឆ្វែល​ឆ្វា​ត់​ជុំវិញ ។ នៅលើ​ក្បាល​ពួកគេ​មាន​វត្ត​មាននៃ​ហ្វូងបក្សី​ធំៗ​ពណ៌​ខ្មៅ ហោះហើរ​ឡើង​ខាងក្រោម ។ ខណៈពេល​នោះ​នៅឯ​នាយ​ដាច់​កន្ទុយភ្នែក បាន​លេចឡើង​នូវ​កោះ​មួយ​ដែល​ពីមុន​ពុំ​ធ្លាប់​ឃើញ​មាន ។ ពួកគេ​កាន់តែ​ទទួល​អារម្មណ៍​កំពុង​ធ្លាក់​ចូលក្នុង​ទឹកដី​ដ៏​អាថ៌កំបាំង​មួយ​។ ប្រជា​នេសាទ​តក់ស្លុត​ស្មារតី ហើយ​លែង​យល់​នឹង​អ្វីៗ​ទាំងអស់ ។​

​ស្មារតី​របស់​ពួកគេ​ស្វាង​ឡើងវិញ គ្រា​គ្រោងឆ្អឹង​បា​ឡែ​ន​ដ៏​ធំ​នោះ បាន​បង្វែរ​ក្បាល​ចុះ​ក្នុង​ទឹកសមុទ្រ​បាត់ស្រមោល ។ ភ្លៀង​ក៏​ចាប់ផ្តើម​រាំង ផ្ទៃសមុទ្រ​បាត់អស់​រលក ហ្វូង​សត្វ​បក្សី​ចម្លែក​ក៏​លែងឃើញ​… ។ ទិដ្ឋភាព​ត្រឡប់មក​សភាព​ដើម​វិញ ។​

​ប្រជា​នេសាទ​មួយចំនួន​បាន​បាត់​ខ្លួន​ជាមួយ​បាតុភូត​នេះ ដោយ​អ្នក​នៅមាន​ជីវិត​វិលត្រឡប់​មកវិញ បាន​និទានរឿង​គួរ​ឲ្យ​ព្រឺព្រួច​នេះ ។ តាំងពី​ពេលនោះ​មក​ប្រជា​នេសាទ​ជួបប្រទះ​នូវ​ហេតុការណ៍​អាក្រក់ៗ កើត​អគ្គិភ័យ ជំងឺ​ដ​ង្កា​ត់​ចម្លែកៗ រហូតដល់​…​គ្រោះ​ទុរភិក្ស ។​

​ក្រោយ​រឿងរ៉ាវ​នោះមក គេ​បាន​ហៅ​ព្រលឹង​ត្រី​បា​ឡែ​ន​នោះ​ថា Bakekujira ពោលគឺ “​ត្រី​ប៉ា​ឡែ​ន​ខ្មោច​” ហើយ​ទោះបី​វា​បង្ហាញ​វត្តមាន​ម្តងម្កាល​ក៏ដោយ តែ​ប្រជា​នេសាទ​បាន​ខ្លបខ្លាច​ក្នុងការ​នេសាទ​ត្រី​បា​ឡែ​ន ព្រោះតែ​ជឿថា វា​ពុំ​ត្រឹមតែ​ជា “​ស្តេច​”​របស់​មហាសាគរ​ប៉ុណ្ណោះ​ទេ វា​នៅមាន​សមត្ថភាព “​ហៅ​ផ្គរ​ហៅ​ភ្លៀង​” បញ្ជា​មេឃ​ដី​បាន ។ ប្រសិន​នៅតែ​ព្រហើន​ទៀត​នោះ ថ្ងៃ​ណាមួយ​វា​នឹង​ត្រឡប់មក​… សងសឹក​វិញ ។​

​ក្រោយៗ​មក​ឲ្យ​តែ​ឃើញ​ខ្មោច​ត្រី​បា​ឡែ​ន អណ្តែត​ចូល​ច្រាំង គេ​នាំគ្នា​យក​វា​ទៅ​កប់​នៅ​ដី​ទួល​មួយ​ឈ្មោះ Kufira Tsuga ដោយ​ថែមទាំង​រៀបចំ​បុណ្យសព​អធិក​អ​ធ័​ម​ទៀតផង​៕

​អារាម​គោរពបូជា​ត្រី​បា​ឡែ​ន​នៅ Kujira Jinja​