ភ្នំពេញ —គណៈកម្មការ​ប្រឹក្សា​ការងារ​ (Labor Advisory Commission)​ ដែល​មាន​ភាគី​និយោជក​ សហជីព​ និង​រដ្ឋាភិបាល​ បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​កំណត់​យក​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៦៥​ដុល្លារ​ ហើយ​ដោយ​មាន​ការ​បន្ថែម​ពី​ភាគី​រដ្ឋាភិបាល​ចំនួន​៥​ដុល្លារ​ ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៨​ បាន​កើន​ដល់​ចំនួន ​១៧០​ដុល្លារ​ ក្នុង​មួយ​ខែ។​

ក្រោយ​ការ​បោះឆ្នោត​សម្រេច​ជាឯកច្ឆ័ន្ទ​យក​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៧០​ដុល្លារ​នោះ លោក​ អ៊ិត​ សំហេង​ រដ្ឋមន្ត្រីក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​ជីវៈ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានថា ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សម្រេច​ឧបត្ថម្ភ​ចំនួន​៥​ដុល្លារ​ទៅលើ​ការ​សម្រេច​របស់​គណៈ​កម្មការ​ប្រឹក្សា​ការងារ​ ដែល​បាន​កំណត់​យក​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៦៥​ដុល្លារ។​ លោក​ មាន​ប្រសាសន៍​ថា​ ជាមួយ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​នេះ​ ស្ថាន​ភាព​រស់​នៅ​របស់​កម្មករ​ក្នុង​ឧស្សាហ​កម្មកាត់​ដេរ​នឹង​មាន​ភាព​ប្រសើរជាង​មុន។​

«សម្តេចតេជោ​ នាយក​រដ្ឋមន្ត្រីលោកបាន​សម្រេច​ផ្តល់​បន្ថែម​៥ដុល្លារ។ ​អីចឹង​ទេ​ ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​បងប្អូន​កម្មករ ​និយោជិត​ ផ្នែក​វាយនភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង​ ​ឆ្នាំ​២០១៨​ គឺ​១៧០​ដុល្លារ​សហ​រដ្ឋ​អាមេរិក។ ​នេះ​គឺ​ប្រាក់​ឈ្នួល​អប្បបរមា»។​

លោក ​អ៊ិត សំហេង​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ កម្មករ​ក៏​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភបន្ថែម​ទៀត​ ដែល​រួម​មាន​ ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន​១០​ដុល្លារ​ ប្រាក់​ឧបត្ថម្ភ​ស្នាក់​នៅ​ និង​ធ្វើ​ដំណើរ​ ចំនួន​៧​ដុល្លារ​ និង​ក្នុង​មួយ​ឆ្នាំ​កម្មករ ​ដែល​មាន​អតីតភាព​ការងារ​ចាប់​ពី​ពីរ​ឆ្នាំ​ឡើង​ទៅ​ នឹង​ទទួល​បាន​ប្រាក់ចំនួន​២​ដុល្លារ​ទៀត​ ហើយ​ប្រាក់​អតីត​ភាព​ការងារ​នេះ​ក៏​នឹង​បន្ត​កើន​ឡើង​ទៅ​ឆ្នាំ​បន្ត​បន្ទាប់។

រដ្ឋមន្ត្រីក្រសួងការ​ងារ​លោក​ អ៊ិត​ សំហេង​ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ បន្ទាប់ពីការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​ ១៧០ដុល្លារ​អាមេរិកក្នុង​ឆ្នាំ​ ២០១៨​ ដល់​កម្មករ​ក្នុងឧស្សាហកម្មកាត់​ដេរ កាលពីថ្ងៃ​ទី​ ៥ ខែតុលា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

មុន​ឆ្នាំ​២០១៣ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​មាន​ចំនួន​១០០​ដុល្លារ​អាមេរិក​ ​ប៉ុន្តែ​ប្រាក់​ឈ្នួល​បាន​កើន​ឡើង​ ​បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ទាំង​ហិង្សា​ និង​អហិង្សា​ ​ជា​បន្ត​បន្ទាប់។ ​កាល​ពី​ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ​ បាតុកម្ម​ទាម​ការ​ដំឡើងប្រាក់​ឈ្នួល​អហិង្សា​មួយ​ក្បែរ​ផ្លូវ​វេង​ស្រេង​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​កងទ័ព​៩១១​ដែល​ជិតដិត​នឹង​លោក ​ហ៊ុន សែន​ បណ្តាល​ឱ្យ​កម្មករ​យ៉ាងហោច​ណាស់​៥​នាក់​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។

ក្រោយ​ពី​ការ​ចរចា​នៅ​ឆ្នាំ​២០១៤ ​និង​២០១៥ ​ប្រាក់​ឈ្នួល​អប្បបរមារបស់​កម្មករ​ត្រូវ​បាន​ដំឡើង​មួយ​កម្រិត​ទៀត​ គឺ​ពី​១២៨​ដុល្លារ​ដល់​១៤០​ដុល្លារ ​ប៉ុន្តែ​កម្មករ​នៅ​តែ​បន្ត​ចាយ​វាយ​ត្បិត​ត្បៀត​ តាម​រយៈ​ការ​បរិភោគ​អាហារ​គ្មាន​ជីវជាតិ​គ្រប់គ្រាន់​ និង​ការ​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ហួស​ចំណុះ​ ដែល​ជា​រឿយៗ​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ និង​ស្លាប់​បាត់​បង់​ជីវិត។​

លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា​ ការ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​១៧០​ដុល្លារ​ ជា​ការ​សម្រេច​មួយ​ ដែលគិត​ទៅ​ដល់​ការ​ធ្វើ​បាតុកម្ម​កាលពី​ចុង​ឆ្នាំ​២០១៣​ និង​ដើមឆ្នាំ​ ២០១៤។​ លោក​ថា​ ការ​បោះឆ្នោត​ឆ្នាំ​២០១៨​នេះ​ក៏ជា​ផ្នែក​មួយ​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ផង​ដែរ។

យ៉ាង​ណាក៏ដោយ​ លោក​ថា​ ប្រាក់​ឈ្នួល​ចំនួន​១៧០​ដុល្លារ​នេះ​ជាចំនួន​ដែលច្រើន​ល្មម​ ​ទោះមិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​កម្មករ​ក្តី។​ ដោយ​ហេតុ​ថា​ ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​ធ្វើឡើង​ក្នុង​ពេល​ដែល​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិនយោបាយ​ដ៏ស្រួចស្រាវ ​ជាពិសេស​បញ្ហា​រកាំរកូស​ក្នុង​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​បស្ចឹម​ប្រទេស​ ​លោក​ អាត់​ ធន់​ បាន​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ស្វែង​រកច្រក​បញ្ចប់​ជម្លោះ​ និង​ស្តារ​ទំនាក់​ទំនង​កម្ពុជា​ជាមួយប្រទេស​លោក​ខាងលិច​ឡើង​វិញ​ ប្រយោជន៍​ដើម្បី​រក្សា​សិ្ថរ​ភាព​ក្នុង​ឧស្សហ​កម្ម​កាត់​នេះ​កម្ពុជា។​

«ជាការណ៍​ពិតៗ​ ​ទោះបី​ជា​យើង​បាន​ដោះស្រាយ​បញ្ហា​ហ្នឹង​មែន​ ប៉ុន្តែ​បើស្ថាន​ភាព​នយោបាយ​មាន​បញ្ហា​រហូតដល់​ ជា​ឧបសគ្គ​ដល់​ការ​នាំចេញ​ ខ្ញុំគិត​ថា​ វា​មិន​ល្អ​ទេ។​ អីចឹង​ អ្នក​នយោបាយ​គួរ​តែ​ជជែក​គ្នា​ដើម្បី​ដោះស្រាយ​ ឲ្យ​បញ្ហា​ធូរស្រាល​មក​វិញ​ ហើយ​គ្មាន​ការ​គំរាម​កំហែង​អំពី​ការ​ ដូច​ថា​ អាច​នឹង​ពិភាក្សា​នូវ​ការ​មិន​បន្ត​ធ្វើ​សេដ្ឋកិច្ច​ជាមួយ​គ្នា ​អាហ្នឹង​ជា​ឧបសគ្គ​ធំ។ ​ប៉ុន្តែ​បើ​សិន​ជាដំណើរ​ការ​ជា​ប្រក្រតី​ ខ្ញុំ​គិត​ថា​ វាជា​រឿង​មួយ​ល្អ»។​

លោក​ អាត់​ ធន់​ ប្រធានសហភាពការ​ងារ​កម្ពុជា​ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ បន្ទាប់ពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​ ១៧០ដុល្លារ​អាមេរិកក្នុង​ឆ្នាំ​ ២០១៨​ ​ដល់​កម្មករ​ក្នុងឧស្សាហកម្មកាត់​ដេរ កាលពីថ្ងៃ​ទី​ ៥ ខែតុលា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

នៅ​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​ចំនួន​ ១៧០​ដុល្លារ​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ប៉ះប៉ូវ​ដល់​ភាគី​ថៅកែ​រោងចក្រ​ ដោយ​រដ្ឋាភិបាល​នឹង​ពន្យារ​សុពលភាព​ការ​ព្យួរ​ទុក​ការ​បង់​ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណេញ​របស់​រោងចក្រ​វាយនភណ្ឌ​ កាត់​ដេរ​ ផលិត​ស្បែក​ជើង​ និង​កាបូប​រយៈពេល​ប្រាំ​ឆ្នាំ​ (ឆ្នាំ​ ២០១៨​ ដល់​ឆ្នាំ​ ២០២២)​ និង​លុប​កម្រៃ​គ្រប់​គ្រង​ការ​នាំចេញ​ (Export Management Fee) ​នៅ​ក្រសួង​ពាណិជ្ជ​កម្ម។​

លោក ខេន​ លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី ដែល​ធ្វើឡើង​នៅ​ក្រសួង​ការងារ ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ប្រាប់​ VOA ​តាម​ទូរសព្ទ​ថា​ និយោជក​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ចំណាយ​លើ​ថ្លៃ​ផលិត​កម្ម​ ក្រោយ​ការ​ដំឡើង​ប្រាក់ឈ្នួល​ថ្មី​នេះ។ ​តែ​លោក​ថា​ ដោយសារ​រដ្ឋាភិបាល​បាន​លុប​ចោល​កម្រៃ​គ្រប់​គ្រង​ការ​នាំ​ចេញ​ ដូច្នេះ​និយោជក​មិន​ជំទាស់​នឹង​ប្រាក់​ឈ្នួល​ថ្មី​នេះ​ទេ។​

«អាហ្នឹង​មាន​ន័យថា​ ពេល​ដែល​ឡើង​ប្រាក់​អប្បបរមា​ ពិបាក​ត្រូវតែ​មាន​ហើយ​ ប៉ុន្តែ​យើង​ចង់​បញ្ជាក់​ថា​ គួរ​អរគុណ​ទៅ​រដ្ឋាភិបាល​ សម្តេច​ ហ៊ុន សែន​ ថា​ បាន​គិតគូរ​ដល់​និយោជក​ បាន​លុប​ចោល​ EMF ​(Export Management Fee)»។​

ឧស្សាហ​កម្មកាត់​ដេរ​កម្ពុជា​បាន​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ជា​ស្ត្រី​ប្រមាណ​៧០០.០០០​នាក់។​ យោង​តាម​តួលេខ​ចុង​ក្រោយ​របស់​សមាគម​រោង​ចក្រកាត់​ដេរ​នៅ​កម្ពុជា​ ​កម្ពុជា​បាន​នាំចេញ​សម្លៀកបំពាក់​ទៅ​បរទេស​គិតជា​ទឹក​ប្រាក់​ប្រមាណ​ជាង​ ៦​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១៦​ កន្លង​ទៅ។

នៅ​មុន​ការ​ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ បាន​ចុះ​ជួប​កម្មករ​នៅតាម​រោងចក្រ​ ​រយៈពេល​ច្រើន​សប្តាហ៍​មកនេះ​ ដើម្បី​ស្វែង​យល់​ពី​ផលវិបាក​នានា​របស់​កម្មករ​ និង​ថៅកែ​រោងចក្រ។ ​ក្នុង​ជំនួប​ជាមួយ​កម្មករ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ពេល​ថ្មីៗ​នេះ​ លោក​ ហ៊ុន សែន​ ​ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ​ក្នុង​ឧស្សាហ​កម្មកាត់ដេរ ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់​កិច្ច​សន្យា​ការងារ​រយៈ​ពេល​ខ្លីៗ​ ដែល​ជាក្តី​បារម្ភ​របស់​កម្មករ​ និង​ក្រុម​សហជីព ​ដែល​មិន​រណប​នឹង​និយោជក។​

តាមការ​គ្រោង​ទុក​របស់​រដ្ឋាភិបាល​ ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​ឧស្សាហ​កម្ម​កាត់ដេរ​ ដែល​ត្រូវ​បាន​កំណត់​ចំនួន​១៧០ដុល្លារ​នេះ​ នឹង​ត្រូវ​អនុវត្ត​ចាប់​ពីថ្ងៃ​ទី​១​ ខែ​មករា​ ឆ្នាំ​២០១៨​ត​ទៅ៕ ប្រភព៖ VOA

Loading...