ដោយយោងតាម​ការចុះពិនិត្យជាក់ស្តែង​ឃើញថា បច្ចុប្បន្ននេះ នៅតាមបំបន់​ដាំដុះ​ដំណាំស្រូវមួយចំនួន ដែលកំពុងត្រូវពពួកសត្វខ្យងដែលប្រជាពលរដ្ឋខ្មែរយើងភាគច្រើនហៅថា ខ្យងថៃ ឬ ខ្យងក្រហម បំផ្លាញយ៉ាងសាហាវនោះ មន្ទីរកិសកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចេញសេចក្តីប្រកាសប្រយុទ្ធប្រឆាំងប្រមូលទិញខ្យងថៃពីប្រជាកសិករក្នុងខេត្តក្រចេះ និងមានវិធានការផ្សេងៗទៀតដូចខាងក្រោម៖

១- សូមបងប្អូនប្រជាកសិករ​ទាំងអស់យកចិត្តទុកដាក់ក្នុងការចាប់ និងប្រមូលសត្វខ្យងស៊ីបំផ្លាញដំណាំស្រូវ​ រួចបញ្ជូនមកការិយាល័យកសិកម្ម​ស្រុក-ក្រុង ។

២- ការិយាល័យ​កសិកម្ម​ស្រុក-ក្រុង នឹង​ប្រមូល​ទិញ​សត្វ​ខ្យង​ស៊ី​ដំណាំ​ស្រូវ មកបំផ្លាញចោលក្នុង​តម្លៃ​២០០​រៀល​ក្នុង​១​គីឡូ​ក្រាម ដោយ​គិត​ចាប់​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៧។

៣- ទន្ទឹមគ្នានេះដែរ មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ សូមស្នើអាជ្ញាធរ​គ្រប់ជាន់ថ្នាក់​ចូលរួម​សហការ និងជួយផ្សព្វផ្សាយ​ដល់ប្រជាកសិករ​ឲ្យកាន់តែ​ទូលំទូលាយបន្ថែមទៀត ។

បើតាមអ្នកជំនាញ នោះវិធានការកម្ចាត់ និងប្រមូលសត្វខ្យងថៃ ឬ ខ្យងក្រហមរាតត្បាតបំផ្លាញដំណាំស្រូវនេះ ត្រូវធ្វើឡើងដូចជា ការប្រមូលសំបុក្រពង ដាក់នុយសំណល់ផ្លែឈើដែលមានក្លិនក្រអូប ដើម្បីងាយចាប់ប្រមូលខ្យងកំទេចចោល។ ល្បាយទឹកម្ទេស បាញ់លើភ្លឺស្រែ កអាចសំឡាប់ខ្យង ដោយពេលវាប៉ះ នោះវាបិតមាត់លែងជិត និងហូរទឹកមាត់រហូតងាប់។

លើសពីនេះទៀត ខ្យង និងសំបុកពងខ្យងដែលប្រមូលបាន ក៏អាចប្រែក្លាយជាជីយ៉ាងល្អសម្រាប់ដំណាំផងដែរ បន្ទាប់ពីយកមកត្រាំអោយរលួយក្នុងរយៈពេលប្រមាណជា៣សប្តាហ៍ ៕

Loading...