អង្គការ​សហប្រជាជាតិ​បាន​ហាម​ឃាត់​កប៉ាល់ ៤ គ្រឿង ដែល​ដឹក​ជញ្ជូន​ទំនិញ​ហាម​ឃាត់​នានា​ចេញ​ចូល​ប្រទេស​កូរ៉េ​ខាង​ជើង មិន​ឲ្យ​ចូល​ទៅ​កាន់​កំពង់ផែ​ណា​មួយ​នៅ​ក្នុង​ពិភពលោក​នោះ​ទេ។

លោក Hugh Griffiths ប្រធាន​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​លើ​ការ​អនុម័ត​លើ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​នេះ បាន​ប្រកាស​អំពី​ការ​ហាម​ឃាត់​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក។ លោក Griffiths បាន​និយាយ​ថា ការ​ហាម​ឃាត់​នេះ​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ម្ល៉េះ។

ប្រព័ន្ធ​ទិន្នន័យ​ដែន​សមុទ្រ​ដែល​ត្រួត​ពិនិត្យ​កប៉ាល់​យោធា​ជើង​ទឹក​បាន​បញ្ជាក់​ថា កប៉ាល់​ដែល​ហាម​ឃាត់​ទាំង ៤ គ្រឿង​នោះ​គឺ កប៉ាល់ Petrel 8ដែល​ចុះ​បញ្ជី​នៅ​ក្នុង​ប្រទេស​ដី​កោះ Comoros កប៉ាល់ Hao Fan 6 ដែល​ធ្វើ​ដំណើរ​ដោយ​មាន​បំពាក់​ទង់​ជាតិ​ប្រទេស Saint Kitts and Nevis កប៉ាល់ Tong San 2 របស់​កូរ៉េ​ខាង​ជើង និង​កប៉ាល់ Jie Shun ដែល​មិន​បាន​ចុះ​បញ្ជី​ជាមួយ​នឹង​ប្រទេស​ណា​នោះ​ទេ។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​មួយ​កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ ដើម្បី​ហាម​ឃាត់​ប្រទេស​កូរ៉េ​ខាង​ជើង​មិន​ឲ្យ​នាំ​ចេញ​ធ្យូង​ថ្ម ដែក សំណ និង​អាហារ​សមុទ្រ។ ការ​ដាក់​ទណ្ឌកម្ម​នេះ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​ដោយ​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ ការ​ដាក់​ទណ្ឌកម្ម​ថ្មី​មួយ​ទៀត​បាន​អនុម័ត​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ បន្ទាប់ពី​កូរ៉េ​ខាង​ជើង​បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៦ របស់​ខ្លួន​មក៕ ប្រភព៖ VOA

Loading...