តុលាការ​កំពូល​ក្នុង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ចន្ទ បាន​ហាមឃាត់​ជា​បណ្តោះ​អាសន្ន​មិន​ឲ្យ​លក់​កាំជ្រួច​ក្នុង​ទីក្រុង​ញូវដេលី​ទេ ១០​ថ្ងៃ​មុន​ពេល​ពិធី​បុណ្យ Diwali មក​ដល់ នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ទប់ស្កាត់​ការ​បំពុល​ខ្យល់​ដ៏​ប្រល័យ​នៅ​ក្នុង​រដ្ឋធានី​នេះ។

រាល់​ឆ្នាំ​ កាំជ្រួច​រាប់​លាន​ត្រូវ​បាន​ដុត​នៅ​ក្នុង​អំឡុងពេល​នៃ​ពិធី​បុណ្យ Diwali ដែល​នឹង​ត្រូវ​ថ្ងៃ​ទី​១៩ ខែ​តុលា ក្នុង​ឆ្នាំ​នេះ។ ការ​ដុត​កាំជ្រួច​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​បំពុល​ខ្យល់​នៅ​ក្នុង​ទីក្រុង​នេះ ដែល​ជា​ទីក្រុង​ដែល​មាន​ខ្យល់​ពុល​ដ៏​អាក្រក់​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក។

តុលាការ​បាន​ចេញ​សាលក្រម​ថា ពលរដ្ឋ​ដែល​បាន​ទិញ​កាំជ្រួច​រួច​ហើយ​អាច​ប្រើប្រាស់​វា​បាន ប៉ុន្តែ​កាំជ្រួច​ថ្មីៗ​ដែល​មិន​ទាន់​មាន​គេ​ទិញ​មិន​អាច​លក់​បាន​ទេ។ អ្នក​វិភាគ​មាន​ការ​ព្រួយបារម្ភ​ថា ការណ៍​នេះ​នឹង​បង្កើន​ការ​ជួញដូរ​កាំជ្រួច​ខុស​ច្បាប់​មក​ពី​ប្រទេស​ជិត​ខាង។

តុលាការ​កំពូល​បាន​ចេញ​សាលក្រម​ស្រដៀង​គ្នា​នេះ​កាល​ពី​ឆ្នាំ​មុន។ ក្រោយ​ពី​ពិធី​បុណ្យDiwali បែប​សាសនា​ហិណ្ឌូ​កាល​ពី​ឆ្នាំ​២០១៦ សាលារៀន​នានា​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​រយៈពេល​៣​ថ្ងៃ ហើយ​ប្រជាជន​ត្រូវ​បាន​ជូន​ដំណឹង​ឲ្យ​នៅ​តែ​ក្នុង​ផ្ទះ ដើម្បី​ចៀសវាង​ដក​ដង្ហើម​ស្រូប​យក​ខ្យល់​ពុល។ ជា​រៀងរាល់​ឆ្នាំ បន្ទាប់​ពី​ពិធី​បុណ្យ​នេះ​បញ្ចប់ មន្ទីរពេទ្យ​នានា​រាយការណ៍​ថា មាន​អ្នក​ជំងឺ​ជាច្រើន​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​បញ្ហា​ដង្ហើម ​និង​ជំងឺ​ហឺត៕ ប្រភព៖ VOA

Loading...