​អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម បាន​ទទូច​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ៌​ម ជាពិសេស​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ឲ្យ​ជួយ​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់ ដើម្បី​ទប់ស្កាត់​សកម្មភាព​សង់​សំណង់​អាគារ​ខុន​ដូ​កម្ពស់ ១៩​ជាន់ មាន​ម្ចាស់​ឈ្មោះ លោក ប៉ា សុជាតិ​វង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​សង់​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​ជិតខាង​។

​ទន្ទឹមគ្នានេះ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន ក៏បាន​ស្នើ​ដល់ លោក ជា សុផារ៉ា ជួយ​ពិនិត្យ​ទៅលើ​សំណង់ របស់ លោក ប៉ា សុជាតិ​វង្ស ដែល​បាន​សាងសង់​អគារ​ខុន​ដូ​កម្ពស់ ១៩​ជាន់ មាន​ទីតាំងនៅ​ផ្លូវ​លេខ​១០៧ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដែល​បាន​បណ្តាល​ឲ្យ​បាក់ស្រុត​ផ្ទះ អ្នកស្រី កែវ ណា​ទី មានផ្ទះ​រស់នៅ​ជិតខាង​គ្នា​នេះ ថា​តើ​សំណង់​អាគារ​ខុន​ដូ ដែល​កំពុង​សាងសង់​នេះ មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ដែរឬទេ​។ ក្នុងនោះ​បើ​រកឃើញ​កំហុសឆ្គង​គ្មាន​ច្បាប់​អនុញ្ញាត​សាងសង់​ជាដើម គឺ​ត្រូវមាន​វិធានការ​តាមផ្លូវ​ច្បាប់ ឲ្យ​បាន​ធ្ងន់ធ្ងរ ដោយ​មិនត្រូវ​បង្កើត​ឲ្យ​វប្ប​ធ៌​ម​បក្សពួកនិយម និង​អំពើពុករលួយ​បន្ត​កើតមាន​នៅក្នុង​ច្បាប់​សាងសង់​នេះ​ទៀត​ទេ​។

​ទាក់ទង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ អ្នកស្រី កែវ ណា​ទី បច្ចុប្បន្ន រស់នៅ​ផ្ទះ​លេខ​២៥៣ ផ្លូវ លេខ​១០៧ សង្កាត់​បឹង​ព្រលឹត ខណ្ឌ ៧​មករា បាន​បានដាក់​លិខិត​ជូន លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ដោយ​សុំ​ប្តឹង លោក ប៉ា សុជាតិ​វង្ស និង​ប្រពន្ធ អ្នកស្រី អ៊ួ​ន សុ​វណ្ណា​រិន្ទ ជា​ម្ចាស់ ដីឡូត៍​លេខ ៤៨ នៅជាប់​ផ្លូវ​លេខ ១១១ ទល់​ខ្នង​ដីឡូត៍​ផ្ទះ របស់គាត់ ដែល​បាន​សង់​អាគារ​កម្ពស់ ១៩​ជាន់ បង្ក​ឲ្យ​ប៉ះពាល់​បាក់ស្រុត​ផ្ទះ​របស់គាត់​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់​មកនេះ​។​

​បណ្តឹង របស់ អ្នកស្រី កែវ ណា​ទី បានស្នើ​ឲ្យ​លោក ជា សុផារ៉ា ជួយ​អន្តរាគមន៍​ផ្អាក​សកម្មភាព​សាងសង់​អាគារ​ខុន​ដូ​កម្ពស់ ១៩​ជាន់ របស់ លោក ប៉ា សុជាតិ​វង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ ជាបន្ទាន់​សិន ដើម្បី​ឲ្យ​ម្ចាស់​អាគារ​ខុន​ដូ​នេះ ផ្តល់​សំណង​ការខូចខាត​ពី​ការបាក់​ស្រុត​ផ្ទះ របស់​អ្នកស្រី ឬ​សង់ផ្ទះ​ថ្មី​ជូន​អ្នកស្រី​ឲ្យ​បាន​រួចរាល់​សិន ទើប​ឲ្យ​បន្ត​ការសាងសង់​ទៀត​។

​ទោះយ៉ាងណា មកដល់ពេលនេះ អ្នកស្រី កែវ ណា​ទី បញ្ជាក់ថា លោក ប៉ា សុជាតិ​វង្ស និង​ភរិយា អ្នកស្រី អ៊ួ​ន សុ​វណ្ណា​រិន្ទ មិនទាន់បាន​ដោះស្រាយ​សំណង​ខូចខាត​ពី​ការបាក់​ស្រុត​ផ្ទះ ជូន​អ្នកស្រី ដែល​បណ្តាលមកពី​ការសាងសង់​អាគារ​ខុន​ដូ​កម្ពស់​១៩​ជាន់ ជូន​អ្នកស្រី​នៅឡើយ​ទេ​។ ជាងនេះទៀត សកម្មភាព​សាងសង់​ខុន​ដូ​នេះ បាន​បន្តធ្វើ​សកម្មភាព​រាល់ថ្ងៃ ដោយ​មិន​ស្តាប់​តាម​លិខិត​ផ្អាក​ការសាងសង់ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បានស្នើ​ឲ្យ​ផ្អាក​ការសាងសង់​ជា​បណ្តោះអាសន្ន​នោះទេ​។

​បញ្ហា​នេះដែរ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ បានចេញ​លិខិត​ផ្អាក​ការដ្ឋាន​កម្ពស់ ១៩​ជាន់ របស់ អ្នកស្រី អ៊ួ​ន សុ​វណ្ណា​រិន្ទ មាន​ទីតាំង​នៅលើ​ដីឡូត៍​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លេខ ភព ១៣៦៧៥ ផ្លូវ​លេខ ២៣២ កែង​ផ្លូវ​លេខ ១១១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ ដែល​កំពុងដំណើរការ​សាងសង់​ដោយ​គ្មាន​លិខិតអនុញ្ញាត​បើក​ការដ្ឋាន និង​មាន​ពាក្យបណ្តឹង​ពី​អ្នកជិតខាង​។

​លិខិត​ផ្អាក​ការដ្ឋាន​នេះ ចុះ​ថ្ងៃទី​២០ ខែមិថុនា មាន​ចុះហត្ថលេខា និង​បោះត្រា លោក ហ៊ុន ណា​រ៉ា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សំណង់ បាន​ជម្រាប់ជូន អ្នកស្រី អ៊ួ​ន សុ​វណ្ណា​រិន្ទ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ចេញ​លិខិត ផ្អាក​ការដ្ឋាន​នេះ​តទៅ​។ ប៉ុន្តែ​ក្នុងករណី​ការដ្ឋាន របស់​អ្នកស្រី អ៊ួ​ន សុ​វ​ណ្ណារិន មិនបាន​ផ្អាក​ជា​បណ្តា​ន់​នោះទេ អ្នកស្រី ត្រូវ​ប្រឈមមុខ នឹង​វិធានការ​ផ្លូវច្បាប់​ជា​ធរមាន​។​

​ផ្តើម​ពី​បញ្ហា​នេះ អ្នកស្រី កែវ ណា​ទី ដែល​ផ្ទះ​អ្នកស្រី​ត្រូវ​ខូចខាត​ដោយសារ​សកម្មភាព​សាងសង់​អាគារ​ខុន​ដូ​កម្ពស់ ១៩​ជាន់ របស់ លោក ប៉ា សុជាតិ​វង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ និង​ប្រពន្ធ​ឈ្មោះ អ៊ួ​ន សុ​វណ្ណា​រិន្ទ ម្ចាស់​ដីឡូត៍​លេខ​៤៨ នៅជាប់​ផ្លូវ​លេខ​១១១ ស្ថិតនៅក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ អ្នកស្រី បាន​សំណូមពរ​ជាថ្មីទៀត​ដល់ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ជាពិសេស​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ជួយ​អន្តរាគមន៍​លើ​ករណីនេះ​ជូន​គ្រួសារ​អ្នកស្រី​ដោយ​អនុគ្រោះ​ផង​។​

KSN-NEWS.COM មិនទាន់​អាចទាក់ទង​សុំ​ការបំភ្លឺ​លើ​ករណី​ចោទប្រកាន់​នេះ​ពី លោក ប៉ា សុជាតិ​វង្ស និង​អ្នកស្រី អ៊ួ​ន សុ​វណ្ណា​រិន្ទ ម្ចាស់​សំណង់​អាគារ ១៩​ជាន់ ដែល​ត្រូវ​អ្នកស្រី កែវ ណា​ទី ប្តឹង​នេះ​បានទេ នៅ​ថ្ងៃ​ពុធ ទី​១១ ខែតុលា ឆ្នាំ​២០១៧​។

​យ៉ាងនេះ​ក្តី នៅក្នុង​ពាក្យបណ្តឹង​ប្តឹង​ស្នើ​កិច្ច​អន្តរាគមន៍​ដាក់ជូន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី  ​របស់​អ្នកស្រី កែវ ណា​ទី ជា​ជនរងគ្រោះ កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៧​។ អ្នកស្រី​បាន​ឲ្យ​ដឹងថា កន្លងមក លោក ប៉ា សុជាតិ​វង្ស និង អ្នកស្រី អ៊ួ​ន សុ​វណ្ណា​រិន្ទ ធ្លាប់បាន​ជួល​ក្រុមហ៊ុន​ធានារ៉ាប់រង ឲ្យ​មក​វាយតម្លៃ សង​ការខូចខាត​ពី​ការបាក់​ស្រុត​ផ្ទះ​អ្នកស្រី​នេះដែរ​។ ប៉ុន្តែ​ក្រុមហ៊ុន​នោះ បាន​វាយតម្លៃ​នៃ​ការខូចខាត​មិនបាន​សមរម្យ ទៅលើ​ទំហំ នៃ​ការបាក់​ស្រុត​ផ្ទះ​អ្នកស្រី​ទេ ទើប​អ្នកស្រី ដាក់ពាក្យ​បណ្តឹង ជូន លោក ជា សុផារ៉ា ស្នើសុំ​ផ្អាក​ការសាងសង់​អគារ​កម្ពស់ ១៩​ជាន់ ដែលមាន​ម្ចាស់​ឈ្មោះ ប៉ា សុ​វ​ជាតិ​វង្ស និង​អ្នកស្រី អ៊ួ​ន សុ​វណ្ណា​រិន្ទ ជា​បណ្តោះអាសន្ន ដើម្បី​ស្នើ​ឲ្យ​ម្ចាស់​សំណង់​នេះ សង​ការខូចខាត​ជា​ជាមុនសិន ព្រោះ​ផ្ទះ​អ្នកស្រី បាន​បាក់ស្រុត​ស្ទើរ​ទាំងស្រុង​អស់​ទៅហើយៗ បាន​បង្ក​ការភ័យខ្លាច​ដល់​ក្រុមគ្រួសារ​អ្នកស្រី មិនអាច​រស់នៅក្នុង​ផ្ទះ​នេះ​បាក់ស្រុត​នេះ​បាន​ទៀត​ទេ ទើប​ស្នើ​ឲ្យ​ម្ចាស់​សំណង់​អាគារ​ខុន​ដូរ​កម្ពស់ ១៩​ជាន់​នេះ ត្រូវ​សងផ្ទះ​ថ្មី​ទាំងមូល​ជូន​អ្នកស្រី ដូចដើម​វិញ​៕

Loading...