​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេ​ចក្តី​ប្រកាស​ព័ត៌មាន ឲ្យ​ដឹងថា ក្រុម​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ នឹងមិន​ចូលរួម​ប្រជុំ​សភា លើក​ទី​៩ នីតិកាល​ទី​៥ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែតុលា ឆ្នាំ​២០១៧​នោះទេ​។

​សេចក្តីប្រកាស​នេះ ចេញផ្សាយ​ថ្ងៃទី​១០ ខែតុលា បាន​ជម្រាបជូន​សាធារណជន អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ និង​អង្គទូត​នានា​ជ្រាប​ជា​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ​។​

​រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​លើក​ទី​៩ នៅ​ថ្ងៃទី​១២ តុលា ដោយ​ត្រៀម​លើកយក​របៀបវារៈ មួយចំនួន ដើម្បី​ពិភាក្សា​។​

​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បានចេញ​លិខិត​ជូនដំណឹង​ចុះ​ថ្ងៃទី​៥ ខែតុលា​ថា រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៥ ដែល​នឹង​ពិភាក្សា​និង​អនុម័ត​លើ​របៀបវារៈ​ចំនួន​៥ រួមមាន​៖ ព្រះរាជសារ របស់ ព្រះមហាក្សត្រ នរោត្តម សីហមុនី ជូន​សម័យប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៥​។ របាយការណ៍​ស្ដីពី​សកម្មភាព​របស់រ​ដ្ឋ​សភា​ចន្លោះ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៨ និង​លើក​ទី​៩ នីតិកាល​ទី​៥ និង​របៀបវារៈ​មួយចំនួនទៀត​។​

​ទាក់ទិន​បញ្ហា​នេះ អ្នកវិភាគ​ស្ថាន​ការ​នយោបាយ​ឯករាជ្យ​មាន ឲ្យ​ដឹងថា ស្ថានភាព​នយោបាយ​សព្វ​ថ្ងៃនេះ ធ្វើ​ឲ្យ​គណបក្សប្រឆាំង​ពិបាក​នឹង​សម្រេចចិត្តថា ត្រូវ​ចូលរួម ឬ​មិន​ចូលរួម​ប្រជុំ​សភា ពីព្រោះថា មេដឹកនាំ​គណបក្ស​នេះ ត្រូវបាន​គេ​ចាប់ខ្លួន​ដាក់ពន្ធនាគារ ហើយក៏​កំពុង​ប្រឈម​គណបក្សនយោបាយ​តូចៗ​ចំនួន​ពីរ​ទៀត​ប្ដឹង​រំលាយ​គណបក្ស​នេះ​ចោល​ថែមទៀត​។ ទន្ទឹមគ្នានេះ​អ្នកវិភាគ​យល់ថា ស្ថិតក្នុង​ស្ថានភាព​នេះ ប្រសិនបើជា​តំណាងរាស្ត្រ​បក្ស​ប្រឆាំងនឹង​ចូលប្រជុំ​នោះ ក៏​ជា​ឱកាសល្អ​មួយ​ដែរ ដោយ​ប្រើ​សិទ្ធិ របស់ខ្លួន ដើម្បី​សួរនាំ​អំពី​ការ​ធ្វើទុក្ខបុកម្នេញ របស់​រដ្ឋាភិបាល ឬ​គណបក្សនយោបាយ​ផ្សេងៗ ទៅលើ​គណបក្សប្រឆាំង ពិសេស​ទាក់ទង​ការចាប់​មេបក្ស​របស់ខ្លួន​ដាក់ពន្ធនាគារ​ជាដើម​។

​បញ្ហា​នេះដែរ សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​៩ ខែតុលា បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថ្មី​ទៀត ដោយបាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើងវិញ ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​គណ​បក្សប្រឆាំង ដោយហេតុថា គណបក្ស​នេះ ជា​គណបក្ស​ប្រាំង ដែល​ទទួលបាន​សំឡេង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​តាម បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នោះ មាន​អ្នកគាំទ្រ​ជាង​៤០% ដែរ​។​

​សហភាព​អឺរ៉ុប​នៅតែ​ព្រួយបារម្ភ​ដែល​បានចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ពេល​ថ្មីៗ​ដែរ ចំពោះ​ការវិវឌ្ឍ​នយោបាយ នាពេល​បច្ចុប្បន្ន​ស្ថិតនៅក្នុង​ភាពគ្រោះថ្នាក់ ពិសេស​ការចាប់ខ្លួន​មេដឹកនាំ​បក្សប្រឆាំង ហើយ​អាជ្ញាធរ​កម្ពុជា​ចាត់ចែង ដើម្បី​ស្វែងរក​ការរំលាយ​គណបក្សប្រឆាំង ដែល​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍ របស់​សភាព​អឺរ៉ុប កាលពី​ខែកញ្ញា ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវគោរព​សិទ្ធិ​ជំនុំជម្រះ ដោយ​ស្មើភាព​ចំពោះ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប និង​ចំពោះ​អង្គការ​ទាំងឡាយ​ដែល​កំពុង​បំពេញការងារ​នៅ​កម្ពុជា ហើយដោយ​យោងទៅលើ​អភ័យឯកសិទ្ធិសភា អាជ្ញាធរ​ត្រូវ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់​។​

​សេចក្ដីថ្លែងការណ៍​ដដែល​បន្តថា ដំណើរការ​ប្រជាធិបតេយ្យ​ឆ្ពោះទៅរក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ដ៏​គួរឱ្យ​ទុកចិត្តបាន​នោះ គឺ​ចាំបាច់​ត្រូវតែមាន​បរិយាកាស​មួយ​ដែល​គ្រប់​គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ អាច​បន្ត​បំពេញ​តួនាទី​ស្របតាម​ច្បាប់​របស់​ពួកគេ ដោយ​គ្មាន​ការភ័យខ្លាច ការគំរាមកំហែង និង​គ្មាន​ការ​រឹតបន្តឹង​តាមតែ​អំពើ​ចិត្ត​នោះទេ​។ ហើយ​សហភាព​អឺរ៉ុប​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បន្ត​ជួយ​កម្ពុជា​ក្នុង​បញ្ហា​នេះ​។​

​នៅមុន​ពេល គណបក្ស​តូចៗ​ចំនួន ២ បានដាក់​ពាក្យ​ប្ដឹង​រំលាយ​គណបក្សប្រឆាំង​កាលពីពេល​ថ្មីៗ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​កាលពី​ថ្ងៃទី​១១ ខែកញ្ញា​ថា គ្មាន​ពេលវេលា​ទុក​ឲ្យ​គណបក្សប្រឆាំង​ដំណើរការ​ទៀត​ទេ បើ​នៅតែ​បន្ត​ការពារ លោក កឹម សុខា ដែល​លោក​ចោទថា ក្បត់ជាតិ​ទៀត​នោះ​៕​

Loading...