​ភ្នំពេញ​៖ ស្ថានទូត​ប្រទេស​អូស្ដ្រាលី ប្រចាំ​កម្ពុជា បង្ហាញ​ការព្រួយបារម្ភ​ជុំវិញ​ការវិវត្ត​នយោបាយ របស់​ប្រទេស​កម្ពុជា នាពេល​ថ្មីៗ​នេះ ជាពិសេស​ពាក់ព័ន្ធ​ការស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ របស់​រដ្ឋាភិបាល​កម្ពុ​ជា​។​

​ចេញ​សេចក្ដីថ្លែងការណ៍ ចុះ​ថ្ងៃទី​១១ ខែតុលា ស្ថានទូត​អូស្ដ្រាលី បង្ហាញ​ក្តីបារម្ភ​ចំពោះ សកម្មភាព​ថ្មី​បំផុត ដែល​ពាក់ព័ន្ធ​ការស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ថា​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជាថ្មីទៀត ចំពោះ​ការវិវត្ត​នយោបាយ របស់​កម្ពុជា​។

​ស្ថានទូត​អូរ​ស្ត្រា​លី ចាត់ទុកថា ការឈានទៅរក​ការលុបចោល​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា នឹង​ក្លាយជា​ជំហាន​ដើរ​ថយក្រោយ នៅក្នុង​ដំណើរការ​លើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ ព្រមទាំង​ជះឥទ្ធិពល​ដល់​ការបោះឆ្នោតជាតិ ដែល​តម្រូវ​ឲ្យ​ប្រព្រឹត្តិ​ឡើង​ដោយ​សេរី យុត្តិធម៌ និង​មាន​តម្លាភាព នា​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​។​

​សេចក្ដីថ្លែងការណ៍ របស់​ស្ថានទូត​អូស្ដ្រាលី​ឲ្យ​ដឹង​ទៀតថា តាមរយៈ​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ របស់​ប្រជាពលរដ្ឋ​កម្ពុជា ចំពោះ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​នាពេល​កន្លងមកនេះ បានបង្ហាញ​ច្បាស់​តាមរយៈ​ចំនួន​ប្រជាពលរដ្ឋ ដែល​បាន​ទៅ​បោះឆ្នោត និង​លទ្ធផល ដែល​បានមកពី​ការបោះឆ្នោត​ឃុំ​-​សង្កាត់ កាលពី​ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​។​

​ទោះយ៉ាងណា ស្ថានទូត​អូស្ដ្រាលី ប្រចាំ​កម្ពុជា បានបញ្ជាក់​ជំហរ​ថា នឹង​បន្ត​លើកទឹកចិត្ត​ដល់​ប្រទេស​កម្ពុជា ក្នុងការ​ផ្តល់​ឲ្យ​មាន​បរិយាកាស​អំណោយផល និង​ប្រកបដោយ​សុវត្ថិភាព​ជូន​ប្រជាជន​កម្ពុជា ដើម្បី​អនុវត្ត​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ការប្រមូលផ្តុំ​ឲ្យ​បាន​ប្រសើរឡើង​។ ក្នុងនោះ​ស្ថានទូត​អូស្ត្រាលី ក៏បាន​ចាត់ទុក​វិស័យ​សារព័ត៌មាន ដែលមាន​លក្ខណៈ​សកម្ម ភាពរស់រវើក នៃ​សកម្មភាព របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង ដែល​អាច​ជឿជាក់​បាន គឺ ជា​សមាសធាតុ​នៃ​សង្គម​ប្រជាធិបតេយ្យ​។​

​ទាក់ទិន​ការព្រួយបារម្ភ នៃ​ការវិវត្ត​យោ​បាយ​ថ្មីៗ​នៅ​កម្ពុជា​នេះ សហភាព​អ៊ឺរ៉ុប កាលពីពេល​ថ្មីៗ​នេះ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍ បង្ហាញ​ការព្រួយបារម្ភ​ពី​ស្ថាន​ការ​នយោបាយ​នៅ​កម្ពុជា​ដូចគ្នា ស្ថានទូត​អូស្ត្រាលី​បង្ហាញ​ការព្រួយបារម្ភ​នេះដែរ​៕

 

Loading...