​ព្រះសីហនុ​៖ អាកាសធាតុ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ ផ្ទៃមេឃ​ស្រឡះ និង​មាន​កំដៅថ្ងៃ​ល្អ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែតុលា ដោយ​មិនមាន​ភ្លៀង​ធ្លាក់ ឬ​ខ្យល់ព្យុះ​បោកបក់ រំខាន​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ចូលមក​ទស្សនា​ខេត្ត​នេះ​ទេ​។

​ប្រតិបត្តិ​ករ​ទេសចរ ដែលមាន​កប៉ាល់ ឬ​ទូក​ដឹក​ភ្ញៀវទេសចរ ចេញទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានា ក្នុង​ខេត្ត​ព្រះសីហនុ បានដឹងថា ក្នុង​សប្តាហ៍​នេះ ស្ថានភាព​អាកាសធាតុ​នៅ​តំបន់ឆ្នេរ និង​កោះ មិនមាន​ភ្លៀង​ធ្លាក់ ឬ​ព្យុះ​បោកបក់​មក​នោះទេ​។ ពួកគេ​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ព្រហស្បតិ​ត៍ ទី​១២ ខែតុលា អាកាសធាតុ​នៅ​ខេត្ត​ព្រះសីហនុ មាន​ថ្ងៃ​បើក​ជាធម្មតា និង​អំណោយផល​ដល់​ការធ្វើដំណើរ​កម្សាន្ត របស់​ភ្ញៀវទេសចរ ចេញ​ទៅតាម​បណ្តា​កោះ​នានា​។

​ងាក​មក អាជីវករ​មាន​ស្តង់​ឬ​តូប​លក់ដូរ នៅតាម​ឆ្នេរ​អូរ​ឈើទាល ឲ្យ​ដឹងថា អាកាសធាតុ​គ្មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​បង្កលក្ខណៈ​ដល់​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ចូលមក​កម្សាន្ត​តាម​ឆ្នេរ​នេះ​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ថ្មីៗ​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ឲ្យ​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស ឲ្យ​ប្រុងប្រយ័ត្ន​ពី​គ្រោះទឹកជំនន់​ទឹកភ្លៀង បណ្តាលមកពី​ប្រព័ន្ធ​សម្ពាធ​ទាប កំពុង​បន្ត​អូស​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា និង​វិ​សម្ពាធ​មួយ​ផ្សេងទៀត នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ក៏​កំពុង​រំកិល​ខ្លួន មកកាន់​ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​កណ្តាល​។ វិ​សម្ពាធ​នេះ នឹង​បង្ក​ឲ្យ​ប្រព័ន្ធ​សម្ពាធ​ទាប​នៅលើ​ប្រទេស​កម្ពុជា បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង ដោយ​ចាប់ពី​ថ្ងៃទី​១១ ខែតុលា តទៅ​។ សម្ពាធ​ទាប ដែល​កើតឡើង​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក នឹង​រំកិល​ខ្លួន​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន ចូលមក​សមុទ្រ​ចិន​ខាង​ត្បួ​ង​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​ស្ថិតនៅលើ​ប្រទេស​កម្ពុជា​ជាច្រើន​ថ្ងៃ​បន្ថែមទៀត​។

​លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ ក្នុងប្រទេស​កម្ពុជា មាន​ស្ថានភាព​ដូចជា​៖ ផ្ទៃមេឃ​អាប់​អ៊ួ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា នៅ​ទូទាំងប្រទេស ពិសេស​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២២ ខែតុលា​។ ក្នុងនោះ​រាជធានី​-​ខេត្ត​ជាច្រើន អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។ ព្រម​ជាមួយគ្នានេះ ភ្លៀង ក៏​ធ្លាក់​រាយប៉ាយ​ច្រើន​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង របស់​ទន្លេមេគង្គ ដែលជា​កត្តា​ជម្រុញ ឲ្យ​ទឹកទន្លេ​ហក់​ឡើង​ជាថ្មីទៀត​៕

Loading...