​ព្រះសីហនុ​៖ ស្ថានភាព​អាកាសធាតុ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ចាប់ពី​ព្រឹក រហូតដល់​ព្រលប់ ថ្ងៃ​សុក្រ ទី​១៣ ខែតុលា គឺ​ផ្ទៃមេឃ​មិនមាន​កំដៅថ្ងៃ និង​មាន​ពពក​អាប់អួ ព្រមទាំង​មាន​ភ្លៀងរលឹម​ធ្លាក់​មកជា​បន្តបន្ទាប់​។​

​ប្រតិបត្តិ​ករ​ទេសចរ ឬ​អាជីវករ​លក់ដូរ​នៅតាម​កោះ និង​ឆ្នេរ​មួយចំនួន​នា​ខេត្ត​ព្រះសីហនុ បានដឹងថា អាកាសធាតុ​នៅ​តំបន់ឆ្នេរ និង​កោះ នៅ​ថ្ងៃ​សុក្រ ទី​១៣ ខែ​ត​លា គឺមាន​ភ្លៀងរលឹម និង​ខ្យល់​បោកបក់ ព្រមទាំង​រលក​សមុទ្រ​ជាប់​មិន​ដាច់​ពេញ​មួយថ្ងៃ​។

​ផ្តើម​ពី​បញ្ហា​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវទេសចរ ដែល​ធ្វើដំណើរ​កម្សាន្ត​ទៅតាម​បណ្តា​កោះ​នានា ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព ក្នុងពេល​ធ្វើដំណើរ​តាម​សមុទ្រ ព្រោះ​អាកាសធាតុ​នេះ អាច​បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​ច្រើន មាន​រលក​សមុទ្រ​ធំៗ និង​មាន​ខ្យលព្យុះ​ភ្លៀង​ជាប់ៗ​គ្នា​មិន​ដាច់​។

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​សុក្រ ទី​១៣ ខែតុលា ឆ្នាំ​២០១៧​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព និង​ឥទ្ធិពល របស់​ព្យុះ​ទី​២០ ឈ្មោះ ខា​ណុន (Khanun)​។ បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​នេះ​រួចមក ក្រសួង​ធនធានទឹក បាន​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស​ឲ្យ​បាន​ជ្រាបថា សម្ពាធ​ដែល​បានកើត​នៅលើ​មហា​ស​មុ​ទ្យ​ប៉ាស៊ីហ្វិក បាន​វិវត្តន៍​ទៅជា​ព្យុះ​ទី​២០ ឈ្មោះ​ខា​ណុន និង​កំពុង​ស្ថិតនៅលើ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​។

​យោងតាម​មការ​ព្យាករ នៅពេល​ព្យុះ​នេះ នឹង​ចូលដល់​សមុទ្រ​ចិន​ខាង​ត្បួ​ង​ព្យុះ ខា​ណុន នឹង​បង្កើន​ឥទ្ធិពល​ទៅជា​ព្យុះ​ទី​ហ្វុ​ង រួច​បន្តដំណើរ​ឆ្ពោះ​មក​ទិស​ខាង​លិ​ខ​ក្នុង​ល្បឿន ១២០​គីឡូ​ម៉ែត​ក្នុង ១​ម៉ោង​។ បន្ទាប់ពី​ឆ្លងកាត់​កោះ​ហៃណាំ ព្យុះ ខា​ណុន នឹង​រំកិល​ខ្លួន​ចូលទៅ​ឈូង​សមុទ្រ​ត​តុងកឹង​(​វៀតណាម​) ហើយ​បន្តដំនើរ​ទៅដល់​ឆ្នេរ​ប្រទេស​វៀតណាម ភាគ​កណ្តាល​នៅ​យប់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧​។

​ឥទ្ធិពល នៃ​ព្យុះ​នេះ ក្រសួង​ធនធានទឹក បាន​ជូនដំណឹង​ថា ប្រទេស​កម្ពុជា កំពុង​ទទួលរង​ឥ​ទ្ធ​ពល​សម្ពាធ​ទាប ហើយ​លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា មាន​ស្ថានភាព​ដូចជា​៖ នៅ​តំបន់​ទំនាប​កណ្តាល និង​តំបន់​ខ្ពស់​រាបៈ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧ បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន​ដូចជា​៖ រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និង​ខេត្តក្រចេះ អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។ រីឯ​បណ្តា​ខេត្ត​ដទៃទៀត អាចមាន​ភ្លៀង​ពី​មធ្យម​ទៅ​បង្គួរ ហើយ​ការ​ធ្លាក់ភ្លៀង​នេះ អាចមាន​ជំនន់​ទឹកភ្លៀង​ច្រើន​កន្លែង​។

​ចំណែក​តំបន់​មាត់សមុទ្រៈ អាច​នឹងមាន​ភ្លៀង​ធ​ញ​លាក់​ពី​មធ្យម​ទៅ​ច្រើន​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ ២០១៧ ដោយ​នៅលើ​ផ្ទៃមេឃ ផ្ទៃសមុទ្រ​អាប់អួ អាច​នឹងមាន​ភ្លៀង​ធ្កា់​ច្រើន ខ្យល់​បក់បោក​ខ្លាំង​ជាមួយនឹង​រលក​សមុទ្រ​ខ្ពស់ៗ​។

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្នើ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី បងប្អូន​ប្រជា​ពល ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បាន​ជ្រាប​ជា​ព័ត៌មាន និង​សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​រៀងៗ​ខ្លួន ដើ​ម្ពី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ​៕ ខ្មែរ​ស្ថាបនា​

Loading...