​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ហាង​កុំព្យូទ័រ​មួយ​ដែលមាន​ស្លាក​យីហោ អេស ធី ស៊ី កុំព្យូទ័រ (STC computer) ស្ថិតនៅ​ម្ដុំ​ផ្សារ​តូច ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ នៅ​កាលពី​វេលាយប់​អា​ធ្រា​ត្រ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧ បាន​បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់​យ៉ាង​អាណោច​ធម៌​បំផុត ។​

​យោងតាម​សមត្ថកិច្ច​ខណ្ឌដូនពេញ ជនរងគ្រោះ​ទាំង​៤​នាក់​ដែល​ស្លាប់​ក្នុង​ហេតុ​កាណ៍​អគ្គីភ័យ​ឆេះ​ហាង​លក់ និង​ជួសជុល​កំ​ទ្យូ​ទ័​រ STC Computer នេះ ដោយ​ក្នុងនោះ​មាន​សព​ម្នាក់​ជា​ថៅកែ​ហាង​។​

​ជន​ទាំងអស់នោះ ទី​១-​ឈ្មោះ សន ទិ​ត អាយុ ២៩ ឆ្នាំ ជា​ថៅកែ​ហាង​កំ​ព្យូ​ទ័​រ​, ទី​២-​ឈ្មោះ អ៊ុត សា​រៀង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជា​បុគ្គលិក​, ទី​៣-​ឈ្មោះ គា ចន្ថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក និង​ទី​៤-​ឈ្មោះ យ៉េន គ​ន្ធា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ។​

​សមត្ថកិច្ច​បញ្ជាក់ថា ក្នុង​ប្រតិបត្តិ​ការជួយ​ពន្លត់ភ្លើង​នេះ​ផងដែរ មានការ​ចូលរួម​ជួយ​អន្តរាគមន៍​ពី​រថយន្ត​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ចំនួន​១២​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់ ២០ ឡាន ស្មើនឹង​៨០ ម៉ែត្រគូប ។ ហើយ​អគ្គិភ័យ​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង​នៅវេលា​ម៉ោង​១២ និង​៣០ នាទី​យប់​ឈានចូល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧ ។

​ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​ឆេះ​ហាង​កុំព្យូទ័រ​នេះ សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អាច​បណ្តាលមកពី​ទុស្សេ​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឲ្យ​សម្ភារៈ​អេឡិចត្រូនិក បង្ក​ជា​ផ្សែង​ហប់​ផ្សែង​គ្មាន​អុកស៊ីហ្សែន ទើប​ធ្វើ​ឲ្យ​ជនរងគ្រោះ​ទាំង​៤​នាក់​ត្រូវស្លាប់​ទាំងអស់គ្នា​តែម្តង ដោយសារ​ពួកគេ​ស្លន់ស្លោ​រក​កូនសោរ​ទ្វារ​ចាក់​បើកទ្វារ​ចេញ​មិនទាន់​នោះ ។​

​បច្ចុប្បន្ន សព​ជនរងគ្រោះ​ទាំង​៤​នាក់ ត្រូវបាន​តម្កល់​នៅ​សាល​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​រង់ចាំ​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​កោសល្យវិច័យ រួចរាល់​ហើយនឹង​ប្រគល់ជូន​ក្រុមគ្រួសារ​សាច់ញ្ញាតិ​យកទៅ​ធ្វើតាម​ប្រពៃណី ៕​

Loading...